ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចូល​ថាមពល​អគ្គិសនី​តិចតួច ខណៈ​ការ​ផលិត​ក្នុងស្រុក​កើនឡើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ថា បច្ចុប្បន្ន កម្ពុជា​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​បណ្ដា​សហគ្រាស និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ជាមួយ​បណ្ដា​ប្រទេស…

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ថា បច្ចុប្បន្ន កម្ពុជា​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការ​ផលិត និង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​បណ្ដា​សហគ្រាស និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ជាមួយ​បណ្ដា​ប្រទេស CLMV នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា លោក អុ​ិ​ត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​អគ្គិសនី មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​ទេ ទោះបីជា​កម្ពុជា​ផលិត​បាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ក៏​ដោយ គឺ​នៅ​តែ​មាន​ទំនាក់ទំនង​នាំ​ចូល និង​នាំ​ចេញ​វិញ ។

លោក​ថា ៖« បើសិនជា​យើង​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស យើង​នឹង​នាំ​ចេញ​វិញ​នៅ​រដូវ​ណា​ដែល​សល់​ភ្លើង ។ ជាក់ស្ដែង នៅ​រដូវវស្សា កម្ពុជា​មាន​ភ្លើង​ពេញបន្ទុក ដូច​នេះ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​បាន បើសិនជា​ប្រទេស​ទាំងនោះ​ត្រូវការ ហើយ​នៅ​ពេល​យើង​ខ្វះ យើង​នាំ​ពី​គេ​មក​វិញ​ដែរ តែ​សម្រាប់​បច្ចុប្បន្ន​នេះ ដោយសារ​តែ​អគ្គិសនី​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិតខាង យើង​មិន​ទាន់​មានការ​នាំ​ចេញ​ទៅ​ក្រៅ​នៅ​ឡើយ​ទេ » ។

លោក​បន្ត​ថា អ្វី​ដែល​ពិបាក​សម្រាប់​កម្ពុជា​នាំ​ចេញ​អគ្គិសនី​ទៅ​ប្រទេស​ជិតខាង​នោះ គឺ​នៅ​ពេល​ដែល​កម្ពុជា​សម្បូរ​ថាមពល ប្រទេស​ជិតខាង​ក៏​សម្បូរ​ដែរ ព្រោះ​ប្រភព​ថាមពល​រវាង​ប្រទេស​ក្នុង​តំបន់ CLMV ភាគច្រើន​បាន​មក​ពី​វា​រី​អគ្គិសនី ហើយ​រដូវវស្សា​រវាង​ប្រទេស​ទាំងនោះ នៅ​ក្នុងអំឡុងពេល​តែ​មួយ​ដូច​គ្នា​ទៀត ។

លោក​ថ្លែង​ថា ៖« កាលពីមុន យើង​នាំ​ចូល​ភ្លើង​ពី​ប្រទេស​ជិតខាង​ច្រើន តែ​បន្ទាប់​ពី​យើង​អាច​ផលិត​បាន​ខ្លួនឯង និង​បន្ទាប់​ពី​វា​រី​អគ្គិសនី​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ដំណើរការ យើង​បាន​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ ។ សព្វ​ថ្ងៃនេះ យើង​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ប្រមាណ​​១៥%, ថៃ​ប្រមាណ​៤,៥​ទៅ​៥% និង​ឡាវ​ប្រមាណ​០,៥%​នៃ​តម្រូវការ ក៏​ប៉ុន្តែ​ការ​នាំ​ចូល​នេះ គឺ​នៅ​ពេល​ដែល​យើង​ខ្វះខាត​ប៉ុណ្ណោះ ពោល​គឺ​នៅ​អំឡុង​រដូវប្រាំង តែបើ​នៅ​រដូវវស្សា​វិញ យើង​មាន​ភ្លើង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់ » ។

លោក​បន្ថែម​ថា ដើម្បី​សម្រេច​ឲ្យ​បាន​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កា​រត​បណ្ដាញ​ជាតិ​ឲ្យ​បាន​គ្រប់​ភូមិ​ក្នុង​ឆ្នាំ​២០២០ និង​យ៉ាង​ហោច​ណាស់ ៧០%​នៃ​ផ្ទះ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទទួល​បាន​សេវា​អគ្គិសនី​ប្រើប្រាស់ បច្ចុប្បន្ន ភូមិ​ទូ​ទាំង​ប្រទេស​ប្រមាណ​៨០%​បាន​ភ្ជាប់​ពី​បណ្ដាញ​អគ្គិសនី​រួច​ហើយ ហើយ​នៅ​ក្នុងភូមិ​ដែល​ភ្ជាប់​ទាំងអស់​មាន​៨០%​គឺ​ភ្ជាប់​ពី​បណ្ដាញ​ជាតិ ដែល​មានគុណ​ភាព និង​តម្លៃ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ដែរ ។

លោក​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន​នេះ នៅ​មាន​សក្ដានុពល​ខ្ពស់​លើ​ការ​វិនិយោគ​វិស័យ​អគ្គិសនី ទាំង​វា​រី​អគ្គិសនី​ថាមពល​កកើត​ឡើង​វិញ ថាមពល​សូ​ឡា និង​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់ ។ សព្វ​ថ្ងៃនេះ ក៏​មាន​ក្រុមហ៊ុន​វិនិយោគ​ជា​ច្រើន​បាន​និង​កំពុង​សិក្សា​នៅ​តំបន់​នានា​ដែល​ជា​ប្រភព​ថាមពល​អគ្គិសនី ដើម្បី​បង្កើត​រោងចក្រ​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​បន្ថែម​ផង​ដែរ​។ លោក​ថា ៖« នៅ​ឆ្នាំ​នេះ យើង​ប្រើប្រាស់​ថាមពល​អគ្គិ​សនី​អស់​ប្រមាណ​ជិត​២.០០០​មេ​ហ្គា​វ៉ា​ត់ ហើយ​ថាមពល​ទាំង​អស់នេះ​បាន​មក​ពី​ប្រភព​វា​រី​អគ្គិសនី​ក្នុងស្រុក រោងចក្រ​ធ្យូងថ្ម និង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ខ្លះ​ៗ » ។

លោក កៅ គឹ​ម​ហួ​ន ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​កន្លង​មក​ថា វិស័យ​ថាម​ពល​អគ្គិសនី គឺ​មាន​អាទិភាព​សំខាន់​មួយ សម្រាប់​វិនិយោគិន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ក៏​បាន​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នានា​នៅ​ក្នុង​ប្រទេស ដើម្បី​ទទួល​បាន​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​បន្ថែម ។

លោក ពៅ សុធា​រក្ស នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​បណ្តា​ប្រទេស CLMV យើង​បានឃើញ​ពី​តម្រូវការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ថាមពល​អគ្គិសនី ដែល​តម្រូវ​ឱ្យ​មានការ​កសាង​បន្ថែម​ទៀត​នៅ​មុន​ឆ្នាំ ២០៣០ ។ ឧទាហរណ៍ ប្រទេស​វៀតណាម នឹង​បង្កើន​ការ​សាងសង់​ទ្វេ​ដង​ដើម្បី​ផ្គត់ផ្គង់​, កម្ពុជា និង​មី​យ៉ា​ន់​ម៉ា មាន​តម្រូវការ​ប្រចាំឆ្នាំ​ទ្វេ​ដង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក ។ ចំណែក​ឡាវ​រំពឹង​បន្ថែម​លើ​ការ​សាងសង់ ដោយ​ផ្គត់ផ្គង់​ក្នុងស្រុក​ផង និង​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​ផង ។ ទាំងនេះ គឺ​ត្រូវ​ឲ្យ​មានការ​សាងសង់​បន្ថែម​ទៀត​នូវ​វា​រី​អគ្គិសនី ហើយ​ទន្លេមេគង្គ គឺជា​ប្រភព​វា​រី​អគ្គិសនី​សំខាន់​មួយ ដែល​ប្រទេស​ទាំងនោះ​កំពុង​សម្លឹង​ឃើញ ។

នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ម្សិលមិញ ក៏​មាន​កិច្ច​ពិភាក្សា​រវាង អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ភាគី​ធនាគារពិភពលោក​ផង​ដែរ ។

នៅ​ក្នុង​ជំនួប​នោះ លោក​ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​លោកស្រី​Julia M. Fraser នាយក​ទទួល​បន្ទុក​ផ្នែក​ថាមពល​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​ធនាគារ​ពិភពលោក បាន​ផ្លាស់​ប្តូរ​យោបល់​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ធនាគារពិភពលោក​អំពី​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា ។

ធនាគារពិភពលោក​បាន​មើលឃើញ​ថា ការ​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​នៅ​កម្ពុជា មានការ​រីក​ចម្រើន​យ៉ាង​លឿន ចេញពី​១៤%​នៃ​លំនៅ​ឋាន​ទទួល​ការ​ផ្គត់ផ្គង់​នៅ​១០​ឆ្នាំ​មុន មក​៧០%​នៅ​ពេល​បច្ចុប្បន្ន ។

ធនាគារពិភពលោក​ក៏​បាន​លើក​ឡើង​នូវ​ការ​ប្រឈម​ខ្លះ​ៗ​ដែល​ក្រុម​សិក្សា​បាន​ពិនិត្យ​ឃើញ ដូច​ជា បញ្ហា​ស្ថិរភាព និង​គុណភាព​នៃ​ការ​ផ្គត់​ផ្គង​ដែល​ធ្លាក់​ចុះ​នៅ​តំបន់​ខ្លះ​នៃ​ការ​ផ្គត់ផ្គង់ ដែល​កម្ពុជា​ត្រូវ​បន្ត​ការ​អភិវឌ្ឍ​ជា​បន្ត​ទៀត ។

ភាគី​ធនាគារពិភពលោក​បាន​ជម្រាប់​ជូន​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថា ៖« ប្រសិនបើ​មានការ​ស្នើ​សុំ​ពី​ភាគី​កម្ពុជា ធនាគារពិភពលោក​សប្បាយ​រីករាយ​នឹង​បន្ត​ចូលរួម​ជួយ​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​នូវ​អ្វី​ដែល​ចាំបាច់​ដែល​វិស័យ​អគ្គិសនី​កម្ពុជា​ត្រូវធ្វើ​ដើម្បី​ឈាន​ទៅ​រក​គោលដៅ​វិស័យ​អគ្គិសនី​ឆ្នាំ​២០២០​របស់​រាជរដ្ឋាភិបាល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ