ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​នៃ​នយោបាយ ចាប់ផ្តើម​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​វិស័យ​ឯកជន ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ភាព​តានតឹង​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ។ ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក ធួន…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​វិស័យ​ឯកជន ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ភាព​តានតឹង​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ភាព​តានតឹង​នៃ​នយោបាយ​នា​ពេល​ថ្មី​ៗ​នេះ បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ដល់​លំហូរ​​ភ្ញៀវ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ពិសេស​ភ្ញៀវ​មក​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ពួក​គេ​បាន​លុប​កញ្ចប់​ទស្សនកិច្ច​មក​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ​យ៉ាងច្រើន ។

លោក​បន្ត​ថា ប៉ុន្តែ​បើ​គិត​ពី​ដើមឆ្នាំ រហូត​មក​ដល់​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​ធម្មតា ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ លំហូរ​ទេសចរ​កំពុង​រង​ផល​ប៉ះពាល់ ។

លោក​បន្ត​ថា ៖« និយាយ​ដោយ​ស្មោះត្រង់ គឺជា​ការ​ពិត ដែល​កញ្ចប់​ទស្សនកិច្ច​ជា​ច្រើន​បាន​លុប​ចោល ដោយសារ​ភាព​តានតឹង​នយោបាយ ហើយ​បើ​និយាយ​ថា មិន​ប៉ះពាល់ វា​ដូច​ជា​ការ​កុហក​ខ្លួនឯង​អីចឹង » ។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ លំហូរ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជិត​៤​លាន​នាក់ កើនឡើង​១១,៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ទោះជា​យ៉ាងណា អ្នក​ក្នុង​វិស័យ​ឯកជន​នានា​បាន​ចំអក​ឲ្យ​តួលេខ​នេះ​ថា ជា​តួលេខ​ជប់ មិនមែន​ជា​តួលេខ​ពិតប្រាកដ​ឡើយ ។

អតីត​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុ​ជាមួយ​រូប ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា លំហូរ​ភ្ញៀវ​ទេសចរ​កំពុង​រង​ផល​ប៉ះពាល់​ពិតប្រាកដ ដោយសារ​មានការ​លុប​កញ្ចប់​ទស្សនកិច្ច​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន សហគមន៍​អឺរ៉ុប និង​ភ្ញៀវ​ទេសចរ​មក​ពី​អា​មេ​រិ​ក ។

លោក​បន្ត​ថា ប្រទេស​ជិតខាង​មួយ​ចំនួន​មិន​ដែល​ល្អជា​មួយ​យើង​ទេ ពួក​គេ​តែងតែ​យក​រូបភាព​មិនល្អ​ពី​កម្ពុជា ដើម្បី​ទៅ​ផ្សព្វផ្សាយ​បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ភ័យ​ខ្លាច​ក្នុង​ការ​មក​ទស្សនា​កម្សាន្ដ ។

កាលពី​ឆ្នាំ​មុន ប្រទេស​វៀតណាម​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៧​លាន​នាក់ និង​ប្រទេស​ថៃ​ទទួលភ្ញៀវ​អន្តរជាតិ​ជាង​៣២​លាន​នាក់ ខណៈ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ជាង​៥​លាន​នាក់ ក្នុង​កំណើន​៥% ក្នុង​នោះ​ទេសចរ​ចិន​មាន​ចំនួន​ជាង​៨៣​ម៉ឺន​នាក់។

លោក ឡៅ ហេង អគ្គនាយក​សណ្ឋាគារ​អូ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍ បាន​ថ្លែង​ថា លំហូរ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន និង​នៅ​តាម​បណ្តា​ប្រទេស​​ក្នុង​តំបន់​អាស៊ី ជា​ភ្ញៀវ​មិន​ចាយប្រាក់​ច្រើន​ទេ ហើយ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទាំងនោះ​នៅ​រក្សា​បាន​កំណើន ប៉ុន្តែ​ភ្ញៀវ​មក​ពី​អឺរ៉ុប និង​អា​មេ​រិ​ក ដែល​ជា​ភ្ញៀវ​ចំណាយ​ប្រាក់​ច្រើន បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​មក​ទស្សនា​កម្ពុជា ដោយ​មិនដឹង​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​លោក​បង្ហើប​ថា ភាព​តានតឹង​នៃ​នយោបាយ​នា​ពេល​ថ្មី​ៗ ពិតជា​ផ្នែក​មួយ​នៃ​បញ្ហា​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ