ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងល្អ សម្រាប់​​តារាកំប្លែងនាយ​​​វីតាមីន​​សេ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាលជំងឺ​នៅ​ក្នុង​ប្រទេស​ថៃ​ជិត​២​ ស​ប្តា​ហ៍​កន្លង​​ទៅ​ តារា​កំប្លែង​លោក វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នៅ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាលជំងឺ​នៅ​ក្នុង​ប្រទេស​ថៃ​ជិត​២​
ស​ប្តា​ហ៍​កន្លង​​ទៅ​ តារា​កំប្លែង​លោក វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នៅ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ នេះ ជាមួយ​ក្តី​សង្ឃឹម​ថ្មី​ ក្នុង​ការ​ព្យាបាល ​។

កូនស្រី​លោក​វីតាមីន​សេ អ្នក​នាង ប៉េង ប៉ោង បាន​អះអាង​ថា ក្រោយ​ពី​រង​ចាំ​ស្តាប់​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា រួច​មក ក្រុម​គ្រូពេទ្យ​ថៃ ​បាន​ធានា​នឹង​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង​ឲ្យ​ជា​សះស្បើយ​ ។ ​អ្នក​នាង​បញ្ជាក់​ថា ក្រោយ​ពី​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នាទី​ក្រុង​បាងកក អាកា​រៈ​​ជំងឺ​របស់​លោក វីតាមីន​សេ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ហេតុនេះ​ គេ​អាច​នឹង​ធានា​ក្នុង​ការ​ព្យាបាល​ ។

បើ​តាម​អ្នក​នាង ប៉េង ប៉ោង ការ​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង​ គឺ​ធ្វើ​ឡើង​​២​ដង​តាម​រយៈ​ការ​ចាក់​ថ្នាំ ដើម្បី​ធ្វើ​ឲ្យ​សាច់​ដុះ​នៅ​ក្នុង​ថ្លើម​​របស់​លោក​ឲ្យ​រួម ​ឬ​ក៏​អាច​រក្សា​នៅ​ដូច​ដើម មុន​ឈាន​ដល់​ដំណាក់កាល​វះកាត់​ចុង​ក្រោយ ខ​ណៈ​ពេល​តម្លៃ​នៃ​ការ​ចាក់​ថ្នាំ​ម្តង​គឺ​មាន​ចំនួន​១​សែន​៥​ម៉ឺន​បាត បើ​គិត​​ជា​ដុល្លារ​ប្រហែលជា​៥​ពាន់​ដុល្លារ​ ។

អ្នក​នាង​ប៉េង ប៉ោង បាន​អះអាង​បន្ថែម​ថា តាម​រយៈ​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ ​ជំងឺ​ឪពុក​របស់​អ្នក​នាង​អាច​ធានា​ និង​អាច​ព្យា​យ​បាល​បាន​រហូត​ដល់​៧០%​ ។ ​អ្នក​នាង​បញ្ជាក់​ថា បើ​ទោះបីជា​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ជិត​១០​ថ្ងៃនេះ​ មាន​រយៈ​​ពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​អ្នក​នាង​ត្រូវ​បាន​ទទួល​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ ។

ក្រុម​គ្រូពេទ្យ​បាន​ស្នើ​កុំ​ឲ្យ​ក្រុម​គ្រួសារ ជា​ពិសេស​ឪពុក​របស់​នាង​ផ្ទាល់ ​កុំ​ឲ្យ​មានការ​អស់សង្ឃឹម ព្រោះ​ក្រុម​គ្រូពេទ្យ​ទាំងអស់​នឹង​ខិតខំ​ជួយ​ឲ្យ​អស់​លទ្ធភាព​។ យ៉ាងណា​ក៏​ដោយ​តាម​រយៈ​លទ្ធផល​ខាងលើ​នេះ​ អ្នក​នាង និង​ក្រុម​គ្រួសារ​ទាំងមូល​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង បើ​ទោះបីជា​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​លោក​វីតាមីន​សេ នា​ពេល​នេះ​អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​ ។

ក្នុង​នាម ​អ្នកនាង​បម្រើ​លើ​ផ្នែក​សិ​ល្បៈ​ទាំង​គ្រួសារ​ អ្នក​នាង ប៉េង ប៉ោង បាន​ស្នើ​សុំ​ឲ្យ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ភាគី​ផ្សេង​ៗ ​ដែល​មាន​បំណង​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​នាង​ដែល​កំពុង​ជួប​បញ្ហា​នា​ពេល​នេះ​ ។ អ្នក​នាង​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ​ជូន​ចំពោះ​បណ្តា​​អ្នក​ជួយ​ឧបត្ថម្ភ​ នា​ពេល​កន្លង​មក ជា​ពិសេស​ការ​ជួយ​ប្រឹក្សា​យោបល់​ក្នុ​នាំ​យក​លោក វីតាមីន​សេ​ ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​ក្រៅប្រទេស​ រហូត​ទទួល​បាន​លទ្ធផល​ល្អ​នា​ពេល​នេះ​។

បើ​តាម​​គម្រោង​​លោក វីតាមីន​សេ នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ ​ជា​លើក​ទី​ពីរ ​ក្នុង​អំឡុង​ពាក់កណ្តាល​ខែធ្នូ​ខាង​មុខ​នេះ តាម​វេជ្ជបញ្ជារ​របស់​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ ។​

អត្ថបទសរសេរ ដោយ