ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​រិះគន់​ម្ចាស់​ជើងឯក គង់ សំបូរ ធ្វើ​បាន​ល្អ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនួប​ប៉ះ​គ្នា​ជា​ថ្មី​ម្ដង ទៀត ក្រោយ​ការ​ផ្អាក​ជួប​គ្នា​អស់​រយៈពេល​យ៉ាង​យូរ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ជើងឯក​របស់​ប៉ុស្ដិ៍​លេខ​៥​កាលពី​ឆ្នាំ​២០១៣ ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍…

រាជធានី​ភ្នំពេញ ៖ ជំនួប​ប៉ះ​គ្នា​ជា​ថ្មី​ម្ដង ទៀត ក្រោយ​ការ​ផ្អាក​ជួប​គ្នា​អស់​រយៈពេល​យ៉ាង​យូរ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ជើងឯក​របស់​ប៉ុស្ដិ៍​លេខ​៥​កាលពី​ឆ្នាំ​២០១៣ ធ្វើ​បាន​ល្អ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​ពេល​ដែល​គេ​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង រិ​ន សា​រ័​ត្ន ជំនួស​ឱ្យ​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ គង់ សំបូរ ត្រូវ​គេ​កត់​សម្គាល់ថា​ធ្វើ​បាន​ល្អ​ខ្លាំង ដោយសារ​តែ​លោក​ប្រើ​ពេល​ត្រឹមតែ​៤​ទឹក​ប៉ុណ្ណោះ ក៏​ផ្ដួល​គូប្រកួត​បាន​សម្រេច បើ​ទោះជា​ជ័យជម្នះ​នោះ​ត្រូវ​គេ​មើលឃើញ​ថា​ទទួល​បាន​ដោយ​សំណាង​ច្រើន​ជាង​បច្ចេក​ទេស ដោយសារ​តែ​រិ​ន សា​រ័​ត្ន ភ្លាត់ស្នៀត​ច្រើន​ជាង​បរាជ័យ​ដោយ​បច្ចេកទេស​ក្ដី ។ នេះ​ជា​ជំនួប​ដ៏​ក្ដៅ​គគុក​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ រិ​ន សា​រ័​ត្ន គឺជា​ជើង​ខ្លាំង​ប្រចាំ​សង្វៀន ហើយ​ប៊ិះ​នឹង​ផ្ដួល​កីឡាករ​គង់ សំបូរ ដែល​ជា​ម្ចាស់​ជើងឯក​ឱ្យ​ដួល​បះជើង ទៀត​ផង ។

យោង​តាម​ការ​បញ្ជាក់​របស់​កីឡាករ គង់ សំបូរ ថា ការ​ជួប​ប្រកួត​ជាមួយ​កីឡាករ រិ​ន
សា​រ័​ត្ន គឺជា​លើក​ដំបូង​ប៉ុណ្ណោះ​បើ​មិន​គិតដល់​ការ​ប៉ះ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​កាលពី​ពេល​លោក​នៅ​ប្រកួត​ទម្ងន់​ស្រាល ។ លោក​ថា កីឡាករ​រិ​ន សា​រ័​ត្ន បាន​បោះ​ជំហាន​ក្លាយជា​ជើង​ខ្លាំង​ល្បីឈ្មោះ​ជាង​លោក​ដោយសារ​តែ​រិ​ន​សា​រ័​ត្ន គឺជា​សមាសភាព​កីឡាករ​ដែល​មានឱកាស​បាន​បញ្ចេញ​សមត្ថភាព​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​បាន​ច្រើន​ជាមួយ​កីឡាករ​ថៃ និង​កីឡាករ​បរទេស ទើប​ធ្វើ​ឱ្យ​លោក​ប្រែក្លាយ​ខ្លួន​ជា​កីឡាករ​ជំនាន់​ក្រោយ​ដាច់​ឆ្ងាយ​បើ​ធៀប​នឹង​ពេល​ដែល​រិ​ន សា​រ័​ត្ន មានឈ្មោះ​បោះ​សំឡេង​ឡើង​វ៉ា​ដាច់​នៅ​លើ​សង្វៀន ។ លោក​ថា ការ​ប្រកួត​ជា​ថ្មី​របស់​លោក​ជាមួយនឹង​កីឡាករ​ជើង​ខ្លាំង រិ​ន សា​រ័​ត្ន លោក​ខ្លួនឯង​ក៏​មិនសូវ​មាន​ទំនុកចិត្ត​សម្រាប់​ជ័យជម្នះ​នោះ​ដែរ ដោយសារ​តែ​លោក​ប្រើ​បច្ចេកទេស​វាយ​ណាស់​ដែរ ប៉ុន្តែ​នៅ​តែ​ធ្វើ​អី​មិន​បែក​ជាមួយនឹង​កណ្ដាប់ដៃ​របស់​កីឡាករ​ជា​គូប្រកួត​ហើយ​ធ្វើ​ឱ្យ​លោក​ពិបាក​ទ្រាំ ។

នៅ​វិនាទី​ប៉ះ​គ្នា​ដំបូង​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​នោះ លោក​បញ្ជាក់​ដោយ​ខ្វះ​ជំនឿ​ចិត្ត​ថា ក្នុង​ពេល​គណៈ​គ្រប់គ្រង​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សម្រេច​ឱ្យ​លោក​ប៉ះ​គ្នា​ជា​មួយ​​កីឡាករ រិ​ន សា​រ័​ត្ន លោក​មិនសូវ​រំពឹង​ច្រើន​ថា​នឹង​មាន​លទ្ធផល​ល្អ​ដូច​អ្វី​ដែល​បាន​កើតឡើង​នោះ​ទេ ទើប​លោក​សប្បាយចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ការ​ប្រកួត​ទទួល​បាន​ផ្លែផ្កា​តាម​ការ​ប្រឹងប្រែង ។

គ្រាន់តែ​បើក​ឆាក​ឡើង​រេញ​ភ្លាម គេ​ឃើញ កីឡាករ រិ​ន សា​រ័​ត្ន បើក​ការ​វាយ​ប្រយុទ្ធ​យ៉ាង​ចាស់ដៃ​តែ​ម្ដង ដោយ​អ្នក​ណា​ៗ​ក៏​មើលឃើញ​ថា​សមត្ថភាព​របស់​កីឡាករ​ជា​គូប្រកួត​មាន​​កម្រិត​ល្អ​ជាង ជា​ពិសេស​ក្នុង​ការ​វាយ​ម៉ាត់ និង​ទាត់​ឆ្វេង​ស្ដាំ ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ហើយ​ក៏​មាន​អ្នកគាំទ្រ​ទស្សន៍​ទាយ​ថា​នឹង​ចេញ​លទ្ធផល​បែប​នេះ​បែប​នោះ​តាម​ការ​យល់​ឃើញ​ផង​ដែរ ។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​ត្រូវ​គេ​កត់​សម្គាល់ថា​លេច​ចេញ​លទ្ធផល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ បន្ទាប់​ពី គង់ សំបូរ សម្រេចចិត្ត​ប្រកួត​ប្ដូរ ហើយ​មានឱកាស​វាយ​ត្រូវ​ចំណុច​សំខាន់​គូប្រកួត​បណ្ដាល​ឱ្យ​គូប្រកួត​ដួល​សន្លប់​បាត់​មាត់​ឈឹង​នៅ​លើ​រេញ​ក្នុង​ទឹក​ទី​៤ ដោយ​សូ​ម្បី​តែ​អ្នកគាំទ្រ​គ្រប់​រូប​ក៏​ស្រឡាំងកាំង​នោះ​ដែរ​ក្រោយ​ពី​កីឡាករ​ជើង​ខ្លាំង រិ​ន សា​រ័​ត្ន ត្រូវ​រាប់​ដល់​១០​លើ​រេញ​ហើយ​ប្រកាស​សុំ​ចាញ់ ។ កីឡាករ រិ​ន សា​រ័​ត្ន គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​សមត្ថភាព​មិនធម្មតា​នៅ​ក្នុង​ពិភព​ប្រដាល់ ដោយ​លោក​ឡើង​មក​ប្រកួត​នៅ​លើ​សង្វៀន​ម្ដង​ៗ​ក៏​មិនសូវ​បរាជ័យ ឬ​មាន​កីឡាករ​ក្រៅ​ស្រុក និង​ក្នុងស្រុក​ណា​ម្នាក់​អាច​ដណ្ដើម​បាន​ជ័យជម្នះ​នោះ​ដែរ ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

ការ​បរាជ័យ​របស់​កីឡាករ រិ​ន សា​រ័​ត្ន បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ្ញាក់ផ្អើល ហើយ​ក៏​មានការ​សរសើរ​​ចំពោះ​កីឡាករ​គង់ សំបូរ ច្រើន​ដែរ ដែល​អាច​ទទួល​បាន​ជោគជ័យ​ដល់​ម្ល៉ឹ​ង​លើស​ពី​ការ​គ្រោងទុក ។ នេះ​ក៏​ជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​ការ​បរាជ័យ​ដែល​គង់ សំបូរ​ធ្លាប់​ទទួល​បាន​មុន​ៗ លែង​មាន​គេ​រិះគន់ ក្នុង​ពេល​ដែល​លោក​ធ្លាប់​ធ្វើ​ឱ្យ​ម្នាក់​ៗ​ខកចិត្ត​ច្រើន​លើក​រួច​មក​ហើយ ជា​ពិសេស​ក្នុង​ជំនួប​កីឡាករ​បរទេស​ថ្មី​ៗ ស្រាប់តែ​មក​មានសំណាង​បាន​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​មួយ​នេះ​វិញ​យ៉ាង​ឡូយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ គង់ សំបូរ ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ក្រោយ​ពី​ត្រូវ​បាន​ប្រកា​សថាបាន​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​នៅ​លើ​សង្វៀន រិ​ន សា​រ័​ត្ន ដែល​ការ​ឡើង​រេញ​លើក​ចុង​ក្រោយ​របស់​គេ​ជាមួយ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​សុទ្ធតែ​បាន​ទទួល​ជោគជ័យ ។

យ៉ាងណាមិញ គង់ សំបូរ មិន​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​១​លាន​រៀល​ពី​កម្មវិធី​នោះ​ទេ ដោយសារ​តែ​គេ​ដ្បិតថា​មានឱកាស​វាយ​ផ្ដួល​កីឡាករ​ជា​គូប្រកួត​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ក៏​ពិតមែន ប៉ុន្តែ​លក្ខខណ្ឌ​នៃ​កម្មវិធី​គឺ​ផ្ដល់​ឱ្យ​១​លាន​រៀល​សម្រាប់​តែ​កីឡាករ​កម្ពុជា​វាយ​ផ្ដួល​កីឡាករ​ថៃ​ប៉ុណ្ណោះ ហើយ​សម្រាប់​តែ​ការ​ឈ្នះ​មុន​ទឹក​ទី​៣​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា កីឡាករ គង់ សំបូរ គឺជា​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​នៅ​លើ​សង្វៀន ចាប់តាំងពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម កាលពី​ឆ្នាំ​២០១៣ នៅ​ប៉ុស្ដិ៍​លេខ​៥ ដោយ​លោក​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ដាក់​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ស្ទើរតែ​គ្មាន​លស់​ពេល ។ យ៉ាងណាមិញ ក្រេ​ឌី​តរបស់​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​មានការ​ប្រែប្រួល ដោយសារ​តែ​គេ​ឡើង​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ម្ដង​ៗ​ច្រើន​តែ​មានការ​បរាជ័យ ឬ​ឈ្នះ​ទាំង​ត្រដាបត្រដួស ។ អ៊ីចឹង​ហើយ​ទើប​ធ្លាក់​មក​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ច្រើន​ជាង​បើ​ធៀប​នឹង​រយៈពេល​មុន ។ ប៉ុន្តែ​ជ័យជម្នះ​ដែល​បាន​ធ្វើ​ឡើងជា​មួយ​កីឡាករ រិ​ន សា​រ័​ត្ន គឺជា​មុខមាត់​ថ្មី​ដែល​ជួយ​ឱ្យ​គេ​ទទួល​បានការ​ចាប់​អារម្មណ៍ ទើប​ម្នាក់​ៗ​រំពឹង​ថា​មិនយូរ​នោះ​ទេ គង់ សំបូរ នឹង​ក្លាយជា​កីឡាករ​វ័យក្មេង​ដែល​មានការ​ឈាន​ឡើង​នៅ​គ្រប់​សង្វៀន​អន្តរជាតិ​ដូច​មុន ស្រប​ពេល​ដែល​លោក​ក៏​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​ច្រើន​ផង នា​ពេល​ចុង​ក្រោយ ។

លោក ញាណ សុធី ដែល​ជា​អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ គង់ សំបូរ លោក​ត្រូវ​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ច្រើន​ណាស់ ប៉ុន្តែ​មក​ពី​កម្លាំង​ដៃ​គេ​នៅ​មិន​ទាន់​រឹង​មាំ ហើយ​ក្នុង​ពេល​ខ្លះ​គេ​ប្រកួត​មិនសូវ​បាន​ល្អជា​មួយ​កីឡាករ​បរទេស ទើប​លោក​ផ្សាំ​ៗ​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ល្អ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន​សិន ។ លោក​ថា ការ​ប្រកួត​ជាមួយ​កីឡាករ រិ​ន សា​រ័​ត្ន ហើយ​ឈ្នះ​រិ​ន សា​រ័​ត្ន គឺជា​មុខមាត់​មួយ ប៉ុន្តែ​លោក​មិន​ទាន់​ចាត់​ទុក​ថា​ខ្លាំង​គួរ​ឱ្យ​សរសើរ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​លទ្ធផល​នោះ ក៏​ស្ថិត​ក្នុង​ភាព​ហេងស៊យ​ច្រើន​ជាង បើ​លោក​សម្លឹង​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ការ​ប្រើប្រាស់​បច្ចេកទេស ។

លោក​ថា កីឡាករ រិ​ន សា​រ័​ត្ន នៅ​តែ​មាន​សន្ទុះ​ល្អ​ជាង ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​គេ​មើល​ស្រាល​ចំពោះ​គង់ សំបូរ ទើប​ករណី​ភ្លាត់ស្នៀត​បាន​កើត​មាន​ឡើង ។ យ៉ាងណាមិញ លោក​​ក៏​សម្ដែង​ការ​អបអរសាទរ​ផង​ដែរ ដែល​កីឡាករ​វ័យក្មេង​រូប​នេះ​បើក​ឆាកប្រយុទ្ធ​បាន​ល្អ​ជាមួយនឹង​កីឡាករ​រិ​ន សា​រ័​ត្ន ហើយ​ធ្វើ​ឱ្យ​លោក​កត់សម្គាល់​ពី​សមត្ថភាព​ខ្លាំងក្លា​របស់​គេ ។ ក្នុង​ទឹក​ទី​១ និង​ទី​២​លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​ចំណាយ​កម្លាំង​ចោល​ទទេ ដោយ​មិន​មាន​កីឡាករ​ណាមួយ​ប្រឹង​ស​ម្ញែ​៉​ង​សមត្ថភាព​ឱ្យ​រស់​រវើក​បំពេញចិត្ត​អ្នក​ទស្សនា​នោះ​ទេ គឺ​លុះត្រាតែ​ទឹក​ទី​៣ និង​ទី​៤ ទើប​ភាគី​ម្ខាង​ប្រឹង​ប្រកួត​បាន​បន្តិច ប៉ុន្តែ​ក៏​មិនល្អ​ត្រូវចិត្ត​របស់​លោក​នោះ​ដែរ ទើប​លោក​យល់​ថា ជា​រឿង​គួរ​ឱ្យ​ស្ដាយ​ដោយសារ​តែ​កីឡាករ គង់ សំបូរ ហាក់​នៅ​ញញើតញញើម​ចំពោះ​គូប្រកួត​នៅឡើយ បើ​ធៀប​នឹង​គូ​ប្រកួត​ដែល​គេ​ហាក់​មានការ​សម្រុកចូល​ច្រើន​ជាង​។

លោក​ទទូច​ឱ្យ​កីឡាករ​កម្ពុជា​ទាំងអស់​ប្រឹង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដោយ​លោក​បាន​ចាត់​ទុក​ថាបើ​កីឡាករ​កម្ពុជា​មិន​ប្រកួត​ឱ្យ​អស់ដៃ​នោះ​ទេ នោះ​កីឡាករ​ជា​គូប្រកួត​មិន​ថា​កីឡាករ​កម្ពុជា ឬ​បរទេស​ក៏​មិន​ធ្វើការ​ប្រកួត​ឱ្យ​ល្អ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ