ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក ក្លាយជា​ឱកាស​កើប​ប្រាក់ពី​យីហោ​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនា​ធិ ការ បាន​និង​កំពុង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​បាន​កាន់តែ​ច្រើន​ក្ដី តែ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​តែ​មាន​តិចតួច​នៅឡើយ ។ កត្តា​ទាំងនេះ​ហើយ បាន​ធ្វើ​ឲ្យ​ផលិតផល​បរទេស​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង​ក្នុង​ការ​វាយលុក​ទីផ្សារ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនា​ធិ
ការ បាន​និង​កំពុង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​បាន​កាន់តែ​ច្រើន​ក្ដី តែ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​តែ​មាន​តិចតួច​នៅឡើយ ។ កត្តា​ទាំងនេះ​ហើយ បាន​ធ្វើ​ឲ្យ​ផលិតផល​បរទេស​កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង​ក្នុង​ការ​វាយលុក​ទីផ្សារ​កម្ពុជា ។

បើ​អង្កេត​មើល​ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ហាក់​មាន​ទំនោរ​ទៅ​គាំទ្រ​ហាង​បរទេស ជា​ជាង​ហាង​មាន​យីហោ​ក្នុងស្រុក ។ ទាំងនេះ ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​កើប​ប្រាក់​ចំណេញ​របស់​បរទេស និង​អ្នក​នាំ​ម៉ាក​យីហោ​កាន់តែ​ច្រើន​ឡើង ខណៈ​វិនិយោគិន​ក្នុងស្រុក​ខិតខំ​ប្រឹង​បង្កើត​ម៉ាក​យីហោ​ដែរ នៅ​តែ​មិន​អាច​ប្រកួតប្រជែង​បាន ។

លោក ហែម ហេ​ម៉ា អ្នក​បង្កើត​ម៉ាក​យីហោ​សេវាកម្ម​បោក​អ៊ុត​នៅ​កម្ពុជា និង​បាន​លក់​ម៉ាក​​យីហោ​ទៅ​ក្រៅប្រទេស​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ការ​គាំទ្រ​សេវាកម្ម ផលិតផល ម៉ាក​យីហោ​ក្នុងស្រុក​នៅ​មាន​ចំនួន​តិច​នៅឡើយ ហើយ​កង្វះ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់ ធ្វើ​ឲ្យ​អ្នក​ផលិត និង​អ្នក​ផ្គត់ផ្គង់​បាត់បង់​ជំនឿ​ជាក់ ទើប​ការ​នាំ​ចូល​ម៉ាក​យីហោ​ពី​បរទេស ទាំង​សេវាកម្ម និង​ផលិតផល​មានឱកាស​កាន់តែ​ច្រើន ហើយ​ធ្វើ​ឲ្យ​ម៉ាក​យីហោ​ក្រៅ​ស្រុក​កាន់តែ​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ថា ៖« មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក​នៅ​តែ​បន្ត​គាំទ្រ​ទៅ​លើ​ផលិត​​ផល និង​ម៉ាក​យីហោ​នាំ​ចូល​ពី​បរទេស ក្នុង​នោះ​ការ​ត្រួតពិនិត្យ​គុណភាព​មិន​បាន​ច្បាស់លាស់ គឺជា​កត្តា​ចម្បង ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​គ្មាន​ទំនុកចិត្ត​គាំទ្រ​របស់​ក្នុង​ស្រុក » ។

លោក​បន្ត​ថា ការ​នាំ​ចូល​ម៉ាក​យីហោ និង ផលិតផល​ពី​បរទេស​មក​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក មាន​ភាព​ងាយស្រួល​ជាង​ការ​ផលិត​ក្នុងស្រុក​។ ជាក់ស្ដែង ការ​បង្កើត​ផលិតផល និង​ម៉ាក​យីហោ​មួយ​បាន​ត្រូវការ​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល ទាំង​ការងារ​រដ្ឋបាល​ផង និង​ផលិត​​ផង​។ លោក​និយាយ​ថា ៖ « អ្នក​នាំ​ចូល​គេ​ចំណេញ និង​ងាយស្រួល​ជាង​អ្នក​ផលិត​ក្នុងស្រុក​រាប់​ដង ហើយ​អ្នក​នាំ​ចូល​នោះ ក៏​មិនមែន​មនុស្ស​មក​ពី​ខាងក្រៅ​ដែរ គឺ​អ្នក​នៅ​ក្នុងស្រុក​នេះឯង​។ ពួក​គេ​មិន​ខ្វះ​ទុន​សម្រាប់​ផលិត ឬ​បង្កើត​នៅ​ក្នុងស្រុក​ទេ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​មើលឃើញ​ថា ការ​បង្កើត​របស់​ក្នុងស្រុក មិន​ទាន់​អាច​ឲ្យ​ពួក​គេ​រក​ប្រាក់​ចំណេញ ទើប​ពួក​គេ​បន្ត​នាំ​ចូល​មក​ផ្គត់ផ្គង់​ជំនួស​វិញ » ។

លោក​បន្ថែម​ថា ការ​ផ្ដល់​សេវាកម្ម និង​ផ្គត់ផ្គង់​ផលិតផល តែងតែមាន​កំហុសឆ្គង​ជៀស​ពុំ​រួច​ទេ ។ ដូចនេះ លោក​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ក្នុងស្រុក ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឈប់​រិះគន់ និង​ប្រើប្រាស់​ការ​រិះគន់​ដើម្បី​ស្ថាបនា ។ គួរ​ផ្ដល់​មតិយោបល់​ដើម្បី​ស្ថាបនា​វិញ បើ​ពុំនោះ​ទេ ពលរដ្ឋ​នៅ​តែ​បន្ត​គាំទ្រ ហើយ​អ្នក​ផលិត​នៅ​ក្នុងស្រុក នៅ​តែ​បន្ត​បរាជ័យ​ដដែល ។

លោក ដួង ដា​រា ស្ថាបនិក​ហាង​កាហ្វេ ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា អ្នក​នាំ​យក​ម៉ាក​យីហោ​ពី​បរទេស​មក​ធ្វើ​អាជីវកម្ម គេ​មាន​លុយ​គ្រប់គ្រាន់ ក្នុង​ការ​ពង្រីក​ម៉ាក​យីហោ​នោះ​ឲ្យ​បាន​ល្បី ហើយ​ពលរដ្ឋ​ក្នុងស្រុក​យើង បើកាលណា​របស់​ណា​ល្បី​ហើយ ពួក​គាត់​តែង​គាំទ្រ​របស់​នោះ ខុស​ពី​អ្នក​ផលិត និង​អ្នក​បង្កើត​នៅ​ក្នុងស្រុក ពួក​គាត់​មាន​ទុន​តិចតួច​ក្នុង​ការ​ធ្វើ​អាជីវកម្ម ។ ដូចនេះ ពួក​គាត់​មិន​អាច​ប្រកួតប្រជែង​ម៉ាក​យីហោ​ឲ្យ​ល្បី​ភ្លាម​ៗ​ទេ គឺ​ត្រូវការ​ពេលវេលា និង​បង្កើន​គុណភាព ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់ ។

លោក កុយ សុវណ្ណ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​លក់​ផលិតផល​ទឹកដោះគោ​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស​ច្រើន​មក​ក្នុង​ប្រទេស​កម្ពុជា ទើប​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​សម្រាប់​អ្នក​ផលិត​ក្នុងស្រុក​មាន​ភាព​ពិបាក ។ តាម​ពិត អ្នក​នៅ​ក្នុងស្រុក មិនមែន​អត់​មាន​លទ្ធភាព និង​សមត្ថភាព​សម្រាប់​ផ្គត់ផ្គង់​ទេ តែ​មក​ពី​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​គាំទ្រ​របស់​នាំ​ចូល​ពី​ខាងក្រៅ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​លើក​ឡើង​ពី​កង្វះ​ការ​គាំទ្រ​នេះ​ផង​ដែល​ដែល​ធ្វើ​ឲ្យ​ផលិតផល​ខ្មែរ​ដែល​ផលិត​បាន​ឲ្យ​មិនសូវ​ល្បី និង​គ្មាន​ឈ្មោះ​បោះ​សំឡេង​លើ​ទីផ្សារ ។

លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​ថ្លែង​ថា តាម​ពិត សហគ្រិន​កម្ពុជា​ជា​ច្រើន​មាន​សមត្ថ​ភាព​អាច​ផលិត​នូវ​ផលិតផល​បាន​ច្រើន​ម៉ាក និង​មានការ​ទទួលស្គាល់​ពី​បណ្ដា​អង្គការ​ស្ថាប័ន​វាយតម្លៃ​លើ​គុណភាព និង​ពី​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ ក៏​ប៉ុន្តែ​ផលិតផល​ខ្មែរ ដែល​ផលិត​បាន​នោះ​នៅ​តែ​មិនសូវ​ល្បី និង​មិនសូវ​មាន​អ្នក​ស្គាល់ ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​តែ​ម្ដង​នៅ​តែ​ប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​បរទេស ។

លោក​បន្ដ​ថា ៖« បើ​អាច ក្រុមហ៊ុន និង​ម្ចាស់​សហគ្រាស​ដែល​ទទួល​បាន​លិខិតបញ្ជាក់​ពី​គុណភាព​ច្បាស់លាស់​ហើយ គួរតែ​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ប្រើប្រាស់​ផង ។ ការ​ធ្វើ​បែប​នេះ យើង​ក៏​អាច​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស​ដែរ ព្រោះ​ផលិតផល​នាំ​ចូល​មក ក៏​ជា​ផលិតផល​ដែល​យើង​អាច​ផលិត​បាន​ដែរ គ្រាន់តែ​យើង​មិន​ផ្សាយ​ឲ្យ​ពលរដ្ឋ​ដឹង » ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​លើក​ឡើង​ដែរ​ថា ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​ផលិត​និង​ផ្គត់ផ្គង់​ក្នុងស្រុក ក្រសួងពាណិជ្ជកម្ម ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ម៉ាក​សញ្ញា និង​ម៉ាក​យីហោ​​ផលិតផល​ក្នុងស្រុក ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ចូលរួម​ប្រើប្រាស់​ទាំងអស់​គ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ