រាជធានីភ្នំពេញ ៖ ទោះបីជាឈានចូលដល់បច្ឆិមវ័យហើយក៏ដោយ ក៏បុរសវ័យចំណាស់ម្នាក់នេះខិតខំធ្វើការទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ដើម្បីជីវិត ដោយពេលព្រឹកគាត់ទៅស៊ីឈ្នួលសកដូងឱ្យគេ ថ្ងៃបន្ដិចទៅអូសបន្លែ-ផ្លែឈើ និងយប់ឡើងសម្រាកតាមកន្លែងលក់ដូងជុំវិញផ្សារដើមគ ជួនកាលតាមគ្រែក្រៅផ្សារ លុះដល់ម៉ោង១រំលងអធ្រាត្រទៅអូសទឹកលក់បន្ត ។
បុរសវ័យចំណាស់ដែលខិតខំធ្វើការដើម្បីចិញ្ចឹមគ្រួសារនេះឈ្មោះប៊ី សុទ្ធ អាយុ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្ដកណ្ដាល ប្រពន្ធគាត់ឈ្មោះជុំ ប៉ាក់ អាយុ៥៧ឆ្នាំ មានកូនពីរនាក់ តែម្នាក់មានគ្រួសារទៅរស់នៅឆ្ងាយ សល់តែកូនស្រីមួយធ្វើកម្មការិនីនៅរោងចក្រ ហើយប្រពន្ធគាត់មានជំងឺទឹកចូលសួតកំពុងព្យាបាលរាល់ថ្ងៃ ។ គាត់រៀបរាប់ថា ពេលប្រពន្ធមានជំងឺនេះគាត់ក៏លក់ដីស្រែអស់ ដើម្បីមើលជំងឺ ហើយសព្វថ្ងៃមិនមានដីសំរាប់ធ្វើស្រែចំការទៀតទេ ទើបសំរេចចិត្ដមកស្នាក់នៅផ្សារដើមគតាំងពីឆ្នាំ១៩៩៥មក ដើម្បីស៊ីឈ្នួលធ្វើការឱ្យគេបានកម្រៃចិញ្ចឹមជីវិតបន្តដោយមិនរើសថា ការងារអ្វីនោះទេ ក្រៅតែពីមុខរបរទុច្ចរិត ។ គាត់បន្តថា ពេលយប់ឡើងដើរសំរាកតាមកន្លែងលក់ដូងជុំវិញផ្សារ ឬតាមគ្រែក្រៅផ្សារ ពេលព្រឹកគាត់ទៅស៊ីឈ្នួលសកដូង លុះដល់ម៉ោងប្រមាណ១០ព្រឹកទៅស៊ីឈ្នួលអូសបន្លែ ផ្លែឈើឱ្យគេ និងនៅម៉ោង១រំលងអធ្រាត្រទៅអូសទឹកលក់ឱ្យអ្នកលក់បន្លែ និងស៊ីឈ្នួលអូសបន្លែ ។
បុរសវ័យចំណាស់រូបនេះនិយាយទៀតថា គាត់ប្រកបរបរសកដូងនេះតាំងពីក្នុងមួយថ្ងៃសកបាន២០០ឡូ ទៅ៣០០ឡូ ចំណែកការអូសបន្លែវិញអូសតាំងពីមួយជើងបាន២០០រៀលទៅ៣០០រៀល តែបច្ចុប្បន្នគាត់សកដូងក្នុងមួយថ្ងៃបានតែពី៣០ឡូទៅ៧០ឡូទេ ដោយសារគាត់មានវ័យកាន់តែចាស់កម្លាំងក៏មិនខ្លាំងដូចមុន។ ម្យ៉ាងទៀតការសកដូងនេះ ប្រើកម្លាំងខ្លាំងហើយឈឺទ្រូងទៀតផង ព្រោះយើងត្រូវជួយលើកបាវដូងដាក់លើរថយន្ដ ឬម៉ូតូឱ្យអ្នកទិញទៀត រីឯប្រាក់កម្រៃវិញក្នុង១ឡូបាន១៥០រៀល ។
ចំពោះការអូសទឹកលក់វិញ ជាធម្មតាគាត់ភ្ញាក់នៅម៉ោង១រំលងអធ្រាត្រដើម្បីអូសលក់ឱ្យអ្នកលក់បន្លែ និងអ្នកលក់កាហ្វេដោយក្នុងមួយប៊ីដុងចំណុះ៣០លីត្រ គាត់ទិញពីផ្ទះអ្នកលក់អង្ករដែលនៅជិតផ្សារដើមគរនេះដែរ មួយប៊ីដុងថ្លៃ៣០០រៀល យកមកលក់បានមួយប៊ីដុង៦០០រៀល ។ ក្នុងមួយយប់គាត់អូសលក់បាន៨ប៊ីដុង ប៉ុន្ដែទឹកដែលគាត់អូសគឺអូសដាក់ឱ្យម៉ូយដែលកុម្មង់ប៉ុណ្ណោះ បន្ទាប់មកគាត់ស៊ីឈ្នួលអូសបន្លែរហូតដល់ម៉ោង៥ភ្លឺទើបសម្រាក ។ លុះនៅម៉ោងប្រហែល៧ព្រឹកគាត់ទៅសកដូងឱ្យគេ រហូតដល់ម៉ោង១០ត្រឡប់មកអូសបន្លែ-ផ្លែឈើវិញម្ដង ដោយអូសបន្លែក្នុងមួយជើងបានពី១.០០០រៀល ទៅ២.០០០រៀល ក្នុងមួយថ្ងៃរកប្រាក់បានពី៨.០០០រៀលទៅ១៦.០០០រៀល ។ គាត់បានឱ្យដឹងថា ក្នុងមួយពេលគាត់ហូបបាយអស់២.០០០រៀល ជួនកាលទិញបាយច្រកថង់៥០០រៀលយកមកហូប ។
បុរសវ័យចំណាស់ប៊ី សុទ្ធ បានរៀបរាប់បន្ដថា គាត់មានការព្រួយបារម្ភពីសុខភាពដែលកាន់តែចាស់ និងចុះខ្សោយខ្លាចមិនអាចរកប្រាក់សំរាប់ចិញ្ចឹមគ្រួសារបាន ម្យ៉ាងទៀតប្រាក់ដែលគាត់រកបានរាល់ថ្ងៃសំរាប់តែព្យាបាលប្រពន្ធដែលមានជំងឺទឹកចូលសួតនៅឯស្រុកប៉ុណ្ណោះ មិនមានប្រាក់កាសសល់សំរាប់ទុកដាក់ទេ ។ ចំណែកម៉ូយជាអ្នកលក់កាហ្វេដែលទិញទឹករបស់គាត់បាននិយាយថា គាត់ខំប្រឹងតស៊ូណាស់ ទោះបីមេឃភ្លៀងរអិលដួលយ៉ាងណា ក៏គាត់ខំអូសមិនហ៊ានឈប់ដែរ អ៊ីចឹងហើយទើបពេលគេអស់ទឹកគេមិនដែលទិញទឹកអ្នកផ្សេងទេចាំទិញតែទឹករបស់គាត់ ម្យ៉ាងទៀតបើដឹងថាគេជិតអស់ទឹកគាត់ទៅចងមុងសំរាកចាំនៅជិតកន្លែងនោះតែម្ដង ៕



ចែករំលែកព័តមាននេះ