ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសមភាព​ក្នុង​តំបន់​អាស៊ី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ប្រទេស​លោក​ខាងលិច

6 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​សេ​អ៊ូ​ល ៖ ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​ទ្វីបអាស៊ី បាន​ជួយ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​រយ​លាន​នាក់​ចាក​ចេញពី​ភាព​ក្រីក្រ​នាប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ ។ ទោះជា​យ៉ាង​ណា ការ​ចែកចាយ​ប្រាក់​ចំណូល​កាន់តែ​មិនល្អ​ឡើង ដែល​ធ្វើ​ឲ្យ​វិសមភាព​នា​ពេល​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​អាស៊ី ជាង​ប្រទេស​ដទៃ​នៅ​លោក​ខាងលិច ។…

ទីក្រុង​សេ​អ៊ូ​ល ៖ ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​ទ្វីបអាស៊ី បាន​ជួយ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​រយ​លាន​នាក់​ចាក​ចេញពី​ភាព​ក្រីក្រ​នាប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ ។ ទោះជា​យ៉ាង​ណា ការ​ចែកចាយ​ប្រាក់​ចំណូល​កាន់តែ​មិនល្អ​ឡើង ដែល​ធ្វើ​ឲ្យ​វិសមភាព​នា​ពេល​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​អាស៊ី ជាង​ប្រទេស​ដទៃ​នៅ​លោក​ខាងលិច ។

ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ដល់​២០១២ ស​ន្ទ​ស្សន៍​វាស់​វិសមភាព​ប្រាក់​ចំណូល បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន ពី​០.៣១ ដល់​០.៥១ ឯណោះ (​ចំណុច​០ មាន​ន័យ​ថា គ្មាន​វិសមភាព និង​១ មាន​វិសមភាព​ខ្ពស់​ជាងគេ​) ។

ស​ន្ទ​ស្សន៍​នេះ​ក៏​បាន​កើនឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ ដោយ​កើន​ពី​០.៤៣ ដល់​០.៤៨។ សូ​ម្បី​តែ​នៅ​ហុងកុង សិង្ហ​បុរី កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់ ក៏​ជួប​ប្រទះ​នឹង​កម្រិត​វិសមភាព​កើនឡើង​ដែរ ។

និន្នាការ​នេះ​បាន​ជំរុញ​ភាគច្រើន​ដោយ​កត្តា​តែ​មួយ ដែល​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋ​កិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ គឺ​ការ​ធ្វើ​សកលភាវូបនីយកម្ម និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​។ ការ​បើក​ទូលាយ​ព្រំប្រទល់​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ងាយស្រួល​ស្វែងរក​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​ដំណើរការ ជា​ពិសេស ប្រទេស​ចិន​បាន​ចូល​ទៅ​កាន់​ទីផ្សារ​សកល និង​ដាក់​សម្ពាធ​ទៅ​លើ​ប្រាក់បៀវត្សរ៍​របស់​ពលករ​ជំនាញ​ទាប​នៅ​បណ្តា​ប្រទេស​ជា​ច្រើន ។
ជាមួយ​គ្នា​នេះ បច្ចេកវិទ្យា​ថ្មី​ៗ​បាន​បង្ក​ឲ្យ​តម្រូវការ​ពលករ​មាន​ជំនាញ​ខ្ពស់​កើនឡើង ខណៈ​តម្រូវការ​ពលករ​ជំនាញ​ទាប​ធ្លាក់​ចុះ​វិញ ។ និន្នាការ​នេះ​ជំរុញ​ដល់​ការ​ពង្រីក​ចន្លោះ​​ប្រាក់បៀវត្សរ៍​រវាង​ពលករ​មាន​ជំនាញ និង​គ្មាន​ជំនាញ ។

ម្ចាស់​មូលធន​ក៏​អាច​ទាញ​អត្ថប្រយោជន៍​បាន​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែរ ។ វា​បង្កើន​ឱកាស​ថ្មី​ៗ​សម្រាប់​ក្រុម​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ប្រាក់បៀវត្សរ៍​របស់​មនុស្ស​មួយ​ក្រុម​ទៀត​ទៅ​វិញ ។

វិសមភាព​នៃ​ប្រាក់​ចំណូល ជា​ធម្មតា តែង​ដើរ​ស្របគ្នា​ជាមួយ​វិសមភាព​នៃ​ឱកាស ព្រោះ​តែ​ទស្សនវិស័យ​ផ្នែក​អប់រំ និង​សេដ្ឋកិច្ច​នៅ​មាន​កម្រិត ហើយ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​តែងតែ​មិន​អាច​រីក​ចម្រើន​បាន ។

ដោយ​វិសមភាព​កាន់តែ​ចាក់​ដោត​ឫស​ក្នុង​សង្គម ពលរដ្ឋ​មិន​អាច​យល់​ស្របគ្នា​លើ​ការ​ចេញ​គោលនយោបាយ​គាំទ្រ​ការ​លូតលាស់​សេដ្ឋកិច្ច ប៉ះពាល់​ដល់​សាមគ្គីភាព និង​ជំរុញ​​ឲ្យ​មាន​អ​ស្ថិរភាព​ផ្នែក​នយោបាយ​ថែម​ទៀត ។

ប្រទេស​នៅ​អាស៊ី​ត្រូវ​តែ​ផ្លាស់​ប្តូរ​កត្តា​មួយ​ចំនួន ដូច​ជា ផ្តល់​ឱកាស​បន្ថែម​ដល់​យុវជន មិន​ថា​ពួក​គេ​មក​ពី​គ្រួសារ​មានទ្រព្យ​សម្បត្តិ ឬ​ក្រីក្រ​ទេ ។ វិធានការ​ក្នុង​ទីផ្សារ គឺ​មិន​គ្រប់​គ្រាន់​ឡើយ​ក្នុង​ការ​សម្រេច​គោលដៅ​នេះ ។ រដ្ឋាភិបាល​ត្រូវ​តែ​ចេញ​សកម្មភាព និង​បន្ថែម​​គោលនយោបាយ​ដែល​អាច​ធានា​ថា អត្ថប្រយោជន៍​ត្រូវ​បាន​ចែក​រំលែក​ស្មើភាព និង​មាន​ស្ថិរភាព ។

ប្រាកដ​ណាស់ ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើ​ប្រាស់​គោលនយោបាយ​ចែករំលែក​ប្រាក់​ចំណូល​ជា​ថ្មី​។ ជាក់ស្តែង រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ទើបតែ​ប្រកាស​ថា នឹង​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​នៅ​ឆ្នាំ​ក្រោយ​ប្រមាណ​១៦,៤% មក​ស្មើ​៦,៧០​ដុល្លារ​ក្នុង​១​ម៉ោង ។ ពួក​គេ​នឹង​បង្កើន​ពន្ធ​សម្រាប់​ពលរដ្ឋ និង​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ផង​ដែរ ។

ទោះជា​គោលនយោបាយ​ទាំងនេះ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ក្តី ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទៅ​វិញ​ទេ ព្រោះ​វា​កាត់​បន្ថយ​ការ​វិនិយោគ និង​ប៉ះពាល់​ដល់​ការ​បង្កើត​ការងារ​បន្ថែម ។

វិធី​ល្អ​បំផុត​ដើម្បី​បង្កើន​សមធម៌ និង​ការ​លូតលាស់ គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​មិន​ត្រឹមតែ​ជួយ​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ទេ ប៉ុន្តែ​ក៏​អាច​ធានា​ថា នឹង​ជំរុញ​ឲ្យ​មាន​ចលនា​មនុស្ស​ផង​ដែរ ។

ប្រទេស​នៅ​អាស៊ី​ខាង​កើតជា​ច្រើន​កំពុង​តែ​វិនិយោគ​ប្រាក់​ក្នុង​វិស័យ​អប់រំ​សាធារណៈ ដើម្បី​បង្កើន​ឱកាស​ដល់​ពលរដ្ឋ​គ្រប់​ក្រុម ។ ទោះជា​យ៉ាងណា វា​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ ។

អាស៊ី​ត្រូវ​តែ​បង្កើន​គុណភាព​អប់រំ និង​ធ្វើ​កំណែទម្រង់​កាលវិភាគ​ដើម្បី​ធានា​ថា ក្មេង​ជំនាន់​ក្រោយ​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ ។ ជាមួយ​គ្នា​នេះ ទីផ្សារ​ការងារ​គួរតែ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​បត់បែន​ជាង​មុន ដើម្បី​អាច​ផ្គូផ្គង​មនុស្ស​ជាមួយ​ការងារ​ត្រឹមត្រូវ ។

ការ​ជំរុញ​ឲ្យ​ក្មេង​ស្រី និង​ស្ត្រី​ទទួល​បានការ​អប់រំ និង​សកម្មភាព​សេដ្ឋកិច្ច ក៏​មាន​សារ​សំខាន់​ផង​ដែរ ។ លើស​ពី​នេះ រដ្ឋាភិបាល​គួរតែ​បង្កើត​បរិស្ថាន​មួយ​ដែល​អាច​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន​បង្កើត​ថ្មី ។ ពួក​គេ​គួរតែ​បន្ត​គោលនយោបាយ​ជំរុញ​ការ​លូតលាស់​សេដ្ឋ​កិច្ច ដើម្បី​បង្កើត​ការងារ និង​កាត់​បន្ថយ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ ខណៈ​ប្រឆាំង​នឹង​ឧបសគ្គ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ការ​បង្កើត​ថ្មី​ជាដើម ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ