ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ទីក្រុង ឬ​សហគមន៍​គ្មាន​សំរាម ត្រូវ​ផ្តើម​ចេញពី​ពលរដ្ឋ​ម្នាក់​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំរាម​បាន​ក្លាយជា​ប្រធានបទ​មួយ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន បើ​ទោះបីជា​មានការ​ខិតខំ​ផ្សព្វផ្សាយ​ពី​ការ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​យ៉ាងណា​ក៏​ដោយ ក៏​បញ្ហា​នេះ​នៅ​តែ​មិន​ប្រសើរ​ឡើង ។ ការ​បោះ​សំរាម​ពាស​វាល​ពាស​កាល មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប៉ុណ្ណោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សំរាម​បាន​ក្លាយជា​ប្រធានបទ​មួយ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន បើ​ទោះបីជា​មានការ​ខិតខំ​ផ្សព្វផ្សាយ​ពី​ការ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​យ៉ាងណា​ក៏​ដោយ ក៏​បញ្ហា​នេះ​នៅ​តែ​មិន​ប្រសើរ​ឡើង ។ ការ​បោះ​សំរាម​ពាស​វាល​ពាស​កាល មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជះ​ឥទ្ធិពល​ដល់​លំហូរ​ភ្ញៀវ​ទេសចរ និង​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ ។

ដើម្បី​ឲ្យ​ក្នុង​សហគមន៍​នីមួយ​ៗ​ស្អាត មាន​បរិស្ថាន​ស្រស់​ស្អាត គ្មាន​ថង់់​ប្លា​ស្ទិ​ក​ហោះហើ​រ​ពាសពេញ​ដី គឺ​ត្រូវ​ពឹង​ទៅ​លើ​ពលរដ្ឋ​ខ្លួនឯង​ដែល​ជា​ម្ចាស់​សំរាម ។

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​សហ​ស្ថាបនិក​នៃ​កម្ម​វិធី ​«​ភ្នំពេញ​ស្អាត​» មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កថា ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ព្រះរាជាណាចក្រ​ស្អាត គ្មាន​សំរាម គឺ​ត្រូវ​ផ្តើម​ចេញពី​ពល​រដ្ឋ ដោយ​ធ្វើ​ជា​ពលរដ្ឋ​គំរូ និង​មាន​ទំនួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន ។

លោក​ថ្លែង​ថា ៖« ដើម្បី​ឱ្យ​កម្ពុជា​យើង​ក្លាយជា​ព្រះរាជាណាចក្រ​ស្អាត ខ្ញុំ​គិត​ថា គួរ​ចាប់​ផ្តើម​ពី​យើង និង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន ដើម្បី​ភាព​ស្អាត និង​ស្រស់បំព្រង​នៃ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន ។ អ្នក​ក៏​អាច​ធ្វើ​បាន យើង​ក៏​អាច​ធ្វើ​បាន អីចឹង ជឿជាក់​ថា ខ្មែរ​ទាំងមូល​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា » ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា ការ​យល់​ដឹង​ពី​ការ​រៀបចំ​ទុកដាក់​សំរាម ក៏​ដូច​ជា​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​សព្វថ្ងៃ​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ផុស​ផុល និង​ចាត់វិធានការ​បន្ថែម ។

លោក​បន្ត​ថា ៖« បរិស្ថាន​យើង​សព្វ​ថ្ងៃនេះ ក្នុង​ករណី​វា​កាន់តែ​អាក្រក់​ទៅ មិន​ថា​ភ្ញៀវ​ទេស​ច​រ​បរទេស​ទេ សូ​ម្បី​តែ​ភ្ញៀវ​ក្នុងស្រុក ក៏​មិន​មានការ​ចេញ​ដើរ​កម្សាន្ត​ដែរ ព្រោះ​ពេល​​ចេញ​ទៅ​ណា​ម្តង​ៗ ឃើញ​មានការ​បោះចោល​សំរាម​នៅ​តាម​ដងផ្លូវ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បរិស្ថាន​កខ្វក់​នោះ​ទេ វា​ថែម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ អាច​កើត​ជំងឺ​រមាស់​ផ្សេង​ៗ​​ទៀត ។ ដូចនេះ ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន​នេះ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ធ្វើ​យ៉ាងម៉េច នៅ​តាម​ភូមិ​ឃុំ​ជួយ​ពន្យល់​ទៅ​ដល់​ពលរដ្ឋ និង​ប្រធាន​រោងចក្រ​ជួយ​រៀបចំ​គ្រប់គ្រង​សំរាម និង​ថង់​ប្លា​ស្ទិ​ក​ឱ្យ​បាន​ល្អ » ។

លោក ហ៊ុន ម៉ា​នី លើក​ឡើង​ថា ដើម្បី​សម្រេច​គោលបំណង និង​ទិស​ដៅ​ការងារ​ខាងលើ​នេះ យុទ្ធនាការ «​ភ្នំពេញ​ស្អាត​» នៅ​ឆ្នាំ​ដំបូង មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​នា​ពេល​អនាគត ដោយ​ធ្វើ​យ៉ាងណា កែប្រែ​ទម្លាប់​ទុកដាក់​សំរាម​របស់​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​នៅ​តាម​ទី​សាធារណៈ ដោយ​ពុំ​មានការ​ទទួលខុសត្រូវ និង​ជំរុញ​ឱ្យ​មានការ​លើកកម្ពស់​វិន័យ និង​សណ្តាប់ធ្នាប់​របស់​អ្នក​ចោល​សំរាម​ផ្តេសផ្តាស​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​ជាង​មុន។

លោក​រំពឹង​ថា ៖« យុទ្ធនាការ​នេះ នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ប្រកបដោយ​និរន្តរភាព​មួយ​យូរអង្វែង ដើម្បី​បង្កើត​ភាព​គំរូ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ ព្រមទាំង​ជំរុញ​ការ​គិត​ជា​វិជ្ជមាន​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សង្គម​ជាតិ​ទាំងមូល​កំពុង​តែ​ជួប​ប្រទះ » ។

កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងបរិស្ថាន បាន​ចេញ​អនុក្រឹត្យ​មួយ ស្ដី​​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ហើយ​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាង​មុខ​នេះ ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទៅ​ដល់​ម្ចាស់​ផ្សារ​ទំនើប​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ