ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តង់​ប្រមាណ​400 នឹង​ដាក់​បង្ហាញ​ផលិតផល​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កែប ៖ នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កែប នឹង​ចូល​មក​ដល់ ។ ក្នុង​នោះ​ក៏​ជា​ឱកាស​របស់​អាជីវករ ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក…

ខេត្ត​កែប ៖ នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កែប នឹង​ចូល​មក​ដល់ ។ ក្នុង​នោះ​ក៏​ជា​ឱកាស​របស់​អាជីវករ ពាណិជ្ជករ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក បាន​បង្ហាញ​ផលិតផល​របស់​ខ្លួន​ដើម្បី​បញ្ជ្រាប​ចូល​ទីផ្សារ​ផង​ដែរ ។ បើ​តាម​ការ​អះអាង​ពី​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ឲ្យ​កោះសន្ដិភាព​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ មាន​ស្ដង់​ជាង​៤០០ នឹង​ដាក់​បង្ហាញ​ផលិតផល​ក្នុងស្រុក ក៏​ដូច​ជា​ផលិតផល​ដទៃ​ទៀត​ដែល​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​អាជីវកម្ម ។

លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា រហូត​មក​ដល់​ពេល​នេះ មាន​ស្ដង់​ចំនួន​ជាង​៤០០​ហើយ​ដែល​ត្រៀម​ជា​ស្រេច ក្នុង​ការ​បង្ហាញ​ផលិតផល​របស់​ពួក​គេ​ទៅ​កាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ ។

លោក​ថា ៖« ក្នុង​ចំណោម​ស្ដង់​ទាំងនោះ គឺ​ស្ដង់​ផលិតផល​ក្នុងស្រុក​មាន​ចំនួន​២០០ និង​ស្ដង់​ពិព័រណ៍​ពាណិជ្ជកម្ម មាន​ចំនួន​២០០​ដូច​គ្នា​ដែល​មក​ពី​ប្រទេស​ថៃ » ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ខេត្ត​កែប​រំពឹង​ថា នឹង​មាន​មនុស្ស​មក​លេង​កម្សាន្ដ​ចូល​ខ្ទង់លាន​នាក់ ព្រោះ​នឹង​មានកម្ម​វិធី​សម្តែង​សិល្បៈ របាំ កីឡា​លើ​ខ្សាច់ លើ​ទឹក និង​មាន​ល្បែង​ជា​ច្រើន​ប្រភេទ​ទៀត ដូច​ជា ហត្ថពល​កម្ម​ជាដើម ។ រហូត​មក​ដល់​ពេល​នេះ ខេត្ត​បាន​រៀបចំ​បន្ទប់​នៅ​តាម​សណ្ឋាគារ និង​ផ្ទះសំណាក់ សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​រួច​ជា​ស្រេច​ហើយ ដែល​មាន​ទាំងអស់​ចំនួន​១​ពាន់​បន្ទប់​ក្នុង​ខេត្ត​កែប​ផ្ទាល់​តែ​ម្ដង ។

ទោះបី​យ៉ាងណា ចំនួន​នេះ គឺ​វា​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​ទេ​ក្នុង​ឱកាស​រយៈពេល​៣​ថ្ងៃ​នោះ ។ ដូច្នេះ ខេត្ត​កំពុង​តែ​រៀបចំ និង​ត្រួតពិនិត្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ដើម្បី​ទទួលភ្ញៀវ​ទេសចរ និង​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ ។

លោក ប៉ុក ទាំង បាន​បន្ថែម​ថា ៖« ១​ពាន់​បន្ទប់​នេះ គឺ​មិន​អាច​ទទួលភ្ញៀវ​អស់​ទេ អីចឹង ខេត្ត​កំពុង​តែ​រៀបចំផ្ទះ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត តែ​ត្រូវ​មើល​កន្លែង​សិន​ថា អាច​ផ្ដល់​សុវត្ថិភាព​ដល់​ភ្ញៀវ​បាន​ឬ​អត់ ហើយ​ខេត្ត​ក៏​កំពុង​រៀបចំ​កន្លែង​បោះ​តង់​នៅ​តាម​សួន ច្បារ​សម្រាប់​យុវជន និង​ភ្ញៀវ​សម្រាក​ផង​ដែរ » ។

ក្នុង​នោះ សាលា​បច្ចេកទេស ដុន បូ​ស្កូ​ខេត្ត​កែប ដែល​ជា​សាលា​ផ្តល់​អាទិភាព​ដល់​សិស្ស​ក្រីក្រ​ក្នុង​ការ​សិក្សា ក៏​បាន​រៀបចំ​បន្ទប់​ស្នាក់​នៅ​រួច​ជា​ស្រេច​ផង​ដែរ​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ប្រកបដោយ​សុវត្ថិភាព ។

លោក សោម ផានិត ប្រធាន​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ បាន​ប្រាប់​ថា សាលា​បាន​រៀបចំ​បន្ទប់​ស្នាក់​នៅ​ជា​ក្រុម​យ៉ាង​ស្រស់​ស្អាត និង​មាន​ផាសុកភាព ព្រមទាំង​សុវត្ថិ ភាព ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​តម្លៃ​ថោក​សមរម្យ​ដែល​នឹក​ស្មាន​មិន​ដល់ ។

លោក​ថា ៖« សម្រាប់​បន្ទប់​យើងខ្ញុំ គឺ​មាន​ទទួល​ជា​លក្ខណៈ​គ្រួសារ​ចាប់ពី​២​នាក់ ទៅ​៥​នាក់ ដោយ​តម្លៃ​៣០​ដុល្លារ និង​លក្ខណៈ​ជា​ក្រុម គឺ​១​នាក់ ៣​ដុល្លារ ដែល​អាច​ដាក់​ភ្ញៀវ​បាន​៤០​នាក់ » ។

លោក សោម ផានិត បាន​បញ្ជាក់​ថា សម្រាប់​ភ្ញៀវ​ដែល​គាត់​បាន​មក​ស្នាក់​នៅ​ក្នុង​សាលា​បច្ចេកទេស​ដុន បូ​ស្កូ ១​យប់ ប្រៀប​ដូច​ជា​អ្នក​បាន​ជួយ​ដល់​ក្មេង​ក្រីក្រ​ម្នាក់​ឲ្យ​មាន​អនាគត​​ភ្លឺស្វាង​ផង​ដែរ ។

គួរ​រំឭក​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប ដែល​ព្រឹត្តិការណ៍​ទេស​ចរណ៍​ដ៏​ធំ​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នា​ថ្ងៃ​ទី​២៣ ធ្នូ នៅ​មុខ​សាលាខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​» និរន្តរ​ភាព​ទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍ ក្រោម​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែ​អធិកអធម រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឲ្យ​​អាជ្ញាធរ​ខេត្ត​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ជា​ខេត្ត​គំរូ​ក្នុង​ការ​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​ស្អាត និង​បៃតង ស្រប​តាម​ស្ដង់ដា​អាស៊ាន ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ទេសចរ​ក្នុង​តំបន់ ក៏​ដូច​ជា​ទេសចរ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ ។

ក្នុង​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បន្ត​ជំរុញ និង​ដាក់​ផែនការ​មួយ​ចំនួន​ដើម្បី​ព​ន្លឿ​ន​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ រួម​មាន ៖

១-​អាជ្ញាធរ​ខេត្ត​ត្រូវ​ព​ន្លឿ​ន​ការ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ក្រុងកែប​ឱ្យ​បាន​ស្អាត រៀបចំ​បង្គន់​អនាម័យ​សាធារណៈ បង្គន់​ចល័ត​ឱ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​សម្អាត​អនាម័យ​ជា​ប្រចាំ​។ ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ឲ្យ​បាន​រួចរាល់​ទាន់​ពេលវេលា សម្រាប់​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ។

២-​ចុះ​អប់រំ​បណ្តុះបណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​នានា និង​បញ្ហា​អនាម័យ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ឲ្យ​បាន​ពេញចិត្ត ពិសេស​សេវា​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅ ។ គ្រប់​ភោជនីយដ្ឋាន​ទាំងអស់ ដើម្បី​លុប​បំបាត់​ការ​បោះ​ក្រដាស​ចោល​ក្រោម​តុ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ក្រដាស​ជូត​មាត់​ទៀត គប្បី​ប្រើ​កន្សែង​ត្រជាក់​ជំនួស ។

៣-​ត្រូវ​ខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​រៀបចំ និង​តុបតែង​គេហដ្ឋាន​របស់​​ខ្លួន​ឲ្យ​បាន​ស្អាត​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ចូលរួម​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ចូល​ស្នាក់​នៅ សំដៅ​ទាញ​ផល​ចំណេញ​ឲ្យ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​ផ្ទាល់ ។

៤-​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ឲ្យ​បាន​ច្រើន ដើម្បី​បម្រើ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ឲ្យ​បាន​ច្រើន​កុះករ ។

៥-​ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ការ​តាំងពិព័រណ៍​ផលិតផល​ទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាព​កីឡា ការ​បោះ​តង់ និង​កម្មវិធី​សម្អាត​ឆ្នេរ​ឲ្យ​បាន​ល្អ និង​អញ្ជើញ​បណ្តា​ខេត្ត​ជាប់​​សមុទ្រ​ទាំង​៤ និង​ខេត្ត​ជា​សម្ព័ន្ធមិត្ត​ចូលរួម​សម្តែង​ផង​ដែរ ។ ចំពោះ​កម្មវិធី​កីឡា​នេះ​ទៀត​សោត ត្រូវ​រៀបចំ​ប្រភេទ​កីឡា​លើ​ទឹក និង​លើ​ឆ្នេរ​ឱ្យ​បាន​ច្រើន ដូច​ជា ទូកក្តោង ម៉ូតូ​​ទឹក និង​ត្រូវ​រៀបចំ​ព្យុះ​ហយា​ត្រា​ឱ្យ​បាន​ល្អ ។

៦-​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ការពារ រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​។ ត្រៀម​រថយន្ត​សង្គ្រោះ ត្រៀម​ស្ដង់​ពេទ្យ​ប្រចាំការ និង​ត្រៀម​អ្នក​សង្គ្រោះ​បឋម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​ប្រការ​ណាមួយ​ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ។

៧-​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​បុណ្យ​សមុទ្រ​ឲ្យ​បាន​ទូលំទូលាយ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាធារណៈ និង​ឯកជន មាន​ទូរទស្សន៍ ព័ត៌មាន​អន​ឡាញ វិទ្យុ ស្លាក​សញ្ញា​តាម​ដងផ្លូវ ស្លាក​ស្ទិ​ក​ឃ័​រ​នៅ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ។

៨-​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ចុះ​ត្រួតពិនិត្យ​តាម​ផ្ទះសំណាក់ សណ្ឋាគារ និង​រមណីយ​ដ្ឋាន​ទេសចរណ៍​ជាដើម ប្រសិនបើ​កន្លែង​ណា​គ្មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍ ត្រូវ​ជំរុញ​ឲ្យ​ថៅកែ ឬ​ប្រធាន​គ្រប់គ្រង​មក​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ