ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ Khmer-Thai Fight​ កក្រើក​ស្តា​ត​មិនធម្មតា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី២៥ វិច្ឆិកា ស្ថានីយទូរទស្សន៍ ​PNN សហការ​ជាមួយ​ក្រុមហ៊ុន ISUZU បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា Khmer-Thai…

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី២៥ វិច្ឆិកា ស្ថានីយទូរទស្សន៍ ​PNN សហការ​ជាមួយ​ក្រុមហ៊ុន ISUZU បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​ថា Khmer-Thai Fight យ៉ាង​កក្រើក​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ដោយ​មាន​កីឡាករ​១៦​រូប​ចូលរួម​ក្នុង​នោះ​កីឡាករ​កម្ពុជា​៤​រូប​និង​កីឡាករ​ថៃ​៤​រូប​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ទ្វីបអឺរ៉ុប​ដូច​គ្នា ដោយសារ​ការ​ប្រកួត​លើក​នេះ​មិន​តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​ប៉ះ​គ្នា​នោះ​ទេ ។ នេះ​ជា​ការប្រកួត​លើក​ដំបូង​ដែល​ព្រឹត្តិការណ៍ Thai Fight បាន​បើក​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​​​កម្ពុជា ដោយ​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ និង​ប្រាក់​ដែល​បាន​បរិច្ចាគ​ដាក់​ក្នុង​ហិប​នៅ​ក្នុង​ពិធី​នោះ ក្រុមហ៊ុន ISUZU ដែល​ជា​អ្នក​ចំណាយ​ការ​រៀបចំ​បាន​យក​ប្រាក់​ចំណេញ​ទាំងស្រុង​ដែល​សល់​ពី​ការ​ចំណាយ​ប្រមាណ​ជាង​៨​ពាន់​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ទើប​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំង​មូល​ទទួល​បាន​សំឡេង​អប​អរ​សាទរ​យ៉ាង​កង​រំពង​តែ​ម្ដង​នៅ​ពេល​ប្រកាស​ថា ប្រាក់​ចំណេញ​គឺ​ក្រុមហ៊ុន​យក​ទៅ​ជួយ​ដល់​ពេទ្យ​គន្ធ​បុប្ផា​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​នេះ មាន​អ្នកទិញ​សំបុត្រ​យ៉ាង​ណែន​ណា​ន់​​តាន់តាប់​តែ​ម្ដង ដោយនៅ​កៅអី​ខាង​ក្រោម​គឺ​គ្មាន​កន្លែង​អង្គុយ ហើយ​កៅអី​នៅ​ខាង​លើ​ទាំង​៣​ជ្រុង​នៅ​សល់​កន្លែង​ចំហ​តិចតួច​ប៉ុណ្ណោះ ទើប​ទោះជា​បាន​ចំណាយ​អស់​ច្រើន​ហើយ​តម្លៃ​សំបុត្រ​ទាប​ខុស​ពី​នៅ​ស្រុក​គេ ក៏​សល់​ប្រាក់​ចំណេញ​ជាង​៨​ពាន់​ដុល្លារ​សម្រាប់​ជួយ​ដល់​ពេទ្យ​គន្ធ​បុប្ផា ដោយ​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​បរិច្ចាគ​ក្នុង​ហិប ។

លោក ថូ​ស៊ី​អា​គិ ម៉ា​អេ​ខា​វ៉ា អគ្គនាយក​ក្រុមហ៊ុន Tri Petch Isuzu Sales Co.,Ltd. ដែល​បាន​បោះទុន​រៀបចំ​ព្រឹត្តិការណ៍​នេះ​អះ​អាង​ថា ការ​ប្រកួត​មួយ​នេះ​ទម្រាំ​តែ​អាច​ទាញ​ឱ្យ​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មានការ​ចំណាយ​អស់​ច្រើន ប៉ុន្តែ​លោក​សម្រេច​មិន​យក​តម្លៃ​សំបុត្រ​ដែល​បាន​ដាក់​លក់​មក​ទូទាត់​នឹង​ការ​ចំណាយ​ក្នុង​ផ្នែក​ណាមួយ​វិញ​ទេ គឺ​លោក​នឹង​ប្រគល់​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ទាំងអស់​ទៅ​ឱ្យ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក​ថា ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​នាំ​មក​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែវិច្ឆិកា នេះ គឺ​ដោយ​សារ​តែ​ស្របគ្នា​នឹង​ខួប​៦៧​ឆ្នាំ​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ផង និង​ដើម្បី​ឱ្យ​កាន់តែ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ល្អ​ផង​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​គ្នា​។

លោក​ថា នា​ពេល​កន្លង​មក​ក្រុមហ៊ុន​របស់​លោក​បាន​រៀបចំ​ការ​ប្រដាល់​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មានឈ្មោះ​ថា ISUZU Cup រយៈពេល​២៨​ឆ្នាំ​មក​ហើយ ដោយ​កម្មវិធី​មួយ​នេះ​ទទួល​​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ទើប​លោក​សម្រេច​ជ្រោមជ្រែង​កម្មវិធី​ការ​ប្រដាល់​មួយ​នេះ ហើយ​បាន​ចំណាយ​បោះទុន​យក​មក​ប្រកួត​នៅ​កម្ពុជា​ដើម្បី​ចែក​រំលែក​​បទ​ពិសោធន៍ និង​ដើម្បី​ឱ្យ​អ្នកគាំទ្រ​កីឡាករ​ទូ​ទាំង​ពិភពលោក​ចាប់អារម្មណ៍​ពី​កម្ពុជា ។ លោក​ថា ការ​ប្រកួត​មួយ​នេះ បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​ជ័យ​ជម្នះ​របស់​កីឡាករ​កម្ពុជា​ដែល​បាន​វាយ​ផ្ដួល​កីឡាករ​ខ្លាំង​ៗ​មក​ពី​ទ្វីប​ផ្សេង​ៗ​ធ្វើ​ឱ្យ​​​​មាន​ការ​​ទទួលស្គាល់​ពី​ក្បាច់គុន​ខ្មែរ​កាន់តែ​ខ្លាំង​លើ​ឆាក​អន្តរជាតិ ។ ព្រឹត្តិការណ៍​នេះ​ក៏​ទទួល​បាន​កិត្តិយស​ដ៏​ធំធេង​ពី​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ផង​ដែរ ។

ងាក​ទៅ​កាន់ការ​ប្រកួត​វិញ កីឡាករ ពេជ្រ ម្ទេសខ្មាំង​(​ណាត ស៊ៀ​ក​នី​ន​) ប្រើ​ពេល​ត្រឹមតែ​១​នាទី​ដំបូង​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​កីឡាករ​ប្រេ​សុ​ី​ល Jonathans Silva ឱ្យ​បោះបង់​ការ​ប្រកួត​​បាន​។ តាម​ការ​អះអាង ក្រៅពី​ទទួល​បាន​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ កីឡាករ​កម្ពុជា​រូប​នេះ​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​១​ពាន់​ដុល្លារ និង​ទទួល​​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​ចំនួន​១​ពាន់​ដុល្លារ​ផង​ដែរ​។

កីឡាករ ឃី​ម ឌី​ម៉ា​(​ឃុន ឌី​ម៉ា​) ដែល​ត្រូវ​គេ​ស្គាល់​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​មុន​នេះ បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​កីឡាករ​រុ​ស្សុ​ី Dimitri Mordvinov ប៉ុណ្ណោះ ។ ចំណែក​កីឡាករ​កម្ពុជា​​២​រូប​ទៀត គឺ​ឡៅ ចិ​ត្រា ឈ្នះ​ពិន្ទុ​កីឡាករ​រុ​ស្សុ​ី Kazbek Alisultanov និង​កីឡាករ ម៉ឺន សុភា ឈ្នះ​កីឡាករ​ន័​រ​វែ​ស Muhammad Khalil ដោយ​ពិន្ទុ​ដូច​គ្នា ។ សម្រាប់​កីឡា​ករ​​ថៃ​ទាំង​៤​រូប​ក៏​ឈ្នះ​គូប្រកួត​ទាំង​៤​ដូច​កីឡាករ​កម្ពុជា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ