ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ធានា​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​មតិ​អន្តរជាតិ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធានា​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​មក​ពី​គ្រប់​តំបន់ ដែល​កំពុង​វិនិយោគ ក៏​ដូច​ជា​គ្រោង​នឹង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​មតិ​អន្តរជាតិ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធានា​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​មក​ពី​គ្រប់​តំបន់ ដែល​កំពុង​វិនិយោគ ក៏​ដូច​ជា​គ្រោង​នឹង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្វាគមន៍​ការ​មក​ដល់​ថ្មី​ៗ​របស់​បណ្ដា​វិនិយោគិន​បរទេស មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​វិនិយោគ​លើ​វិស័យ​នានា​ដែល​មាន​អាទិភាព ក្នុង​នោះ​បាន​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​និង​កង្វល់​ទេ គឺ​មាន​តែ​ការ​អភិវឌ្ឍ​ទៅ​មុខ​លើ​គ្រប់​វិស័យ តែ​ក្នុង​នោះ ក៏​មាន​វិស័យ​អាទិភាព​មួយ​ចំនួន​ត្រូវការ​អ្នក​អភិវឌ្ឍន៍​ផង​ដែរ ។

លោក​បណ្ឌិត កៅ គឹ​ម​ហួ​ន ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​បណ្ដាក់ទុន​វិនិយោគ​ពី​សំណាក់​វិនិយោគិន​បរទេស​មក​កាន់​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​ឡើង​ៗ ហើយ​ក៏​មានការ​ធានា​ពី​បរិយា​កាស​​វិនិយោគ​ពី​ថ្នាក់ដឹកនាំ​របស់​ប្រទេស​មួយ​នេះ​ផង​ដែរ ។ ជាក់ស្ដែង បច្ចុប្បន្ន កម្ពុជា​គ្មាន​ចលាចល​ណាមួយ​កើតឡើង​ទេ ហើយ​កម្ពុជា​ក៏​បាន​រក្សា​នូវ​ស្ថិរភាព​បាន​ល្អ​ប្រសើរ។ ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស និង​វិនិយោគិន​ក្នុងស្រុក​មាន​ជំនឿ​ជាក់​បន្ថែម​លើ​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​កម្ពុជា ។

លោក​បណ្ឌិត​បន្ត​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ផ្ដល់​អាទិភាព​ទៅ​លើ​វិស័យ​ចំនួន​៤​សម្រាប់​វិនិយោគិន​នានា ក្នុង​នោះ​រួម​មាន វិស័យ​ទឹក​ស្អាត វិស័យ​ថាមពល​អគ្គិសនី វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​វិស័យ​ធនធានមនុស្ស ក៏​ប៉ុន្តែ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ក៏​ត្រូវ​បាន​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​បណ្ដា​វិនិយោគិន​បរទេស និង​ក្នុងស្រុក​នានា ដើម្បី​បណ្ដាក់ទុន​វិនិយោគ​ផង​ដែរ ។

លោក Kim Tae Yeon វិនិយោគិន​កូរ៉េ និង​ជា​អ្នក​វិនិយោគ​លើ​គម្រោង​អគារ​៤២​ជាន់ នៅ​តំបន់​បឹង​កេងកង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ ហើយ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត ក៏​នៅ​តែ​ល្អ​ប្រសើរ ។ ដូចនេះ​ហើយ ទើប​លោក និង​វិនិយោគិន​មក​ពី​ប្រទេស​ចិន បាន​សម្រេច​រួម​គ្នា​អភិវឌ្ឍន៍​គម្រោង​អគារ​៤២​ជាន់ឡើង​វិញ ក្រោយ​ពេល​ផ្អាក​ការ​សាងសង់​ប្រមាណ​៧​ឆ្នាំ​មក​ហើយ ។

លោក​ថា ៖« បើ​យើង​ក្រឡេក​ទៅ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​បាន​ព្យាករ​ថា នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត នឹង​មាន​ភាពល្អ​ប្រសើរ ហើយ​ទស្សនវិស័យ​របស់​សេដ្ឋ​វិទូ​មួយ​ចំនួន​ទៀត ក៏​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ» ។

ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩​ខាង​មុខ នឹង​នៅ​តែ​មាន​ស្ថាន​ភាពល្អ​ប្រសើរ ក្នុង​រង្វង់​ប្រមាណ​៧%​ដដែល ។ ក្នុង​នោះ​ដែរ នៅ​ឆ្នាំ​២០១៧ ធនាគារ​មួយ​នេះ​បាន​ព្យាករ​ថា កម្ពុជា​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​៦,៨% ខណៈ​ឆ្នាំ​២០១៨​ខាង​មុខ នឹង​សម្រេច​បាន​៦,៩% ។

ការ​ព្យាករ​របស់​ធនាគារពិភពលោក ក៏​ដូច​ជា​ធនាគារអភិវឌ្ឍន៍អាស៊ី មក​លើ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា គឺជា​ការ​ផ្ដល់​ទំនុកចិត្ត​បន្ថែម​ទៀត​ដល់​វិនិយោគិន​បរទេស ក្នុង​ការ​បណ្ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​។ បច្ចុប្បន្ន វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ក្រៅ​តំបន់ បាន​កំពុង​ស្វែងរក​ការ​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់ ដែល​កត្តា​ទាំងនេះ​ហើយ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ផ្ដល់​ការងារ​យ៉ាង​ច្រើន​​ដល់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ