ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ឆ្នាំ​នេះ អាច​កើន​លើស​ឆ្នាំ​មុន​តិចតួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស រយៈពេល​ជិត​១​ឆ្នាំ​២០១៧​នេះ​ឃើញ​ថា នៅ​តែ​បន្ដ​មាន​កំណើន ហើយ​បើ​ពិនិត្យ​តាម​តួលេខ​នាំ​ចេញ​ប្រចាំខែ អាច​ព្យាករ​បាន​ថា នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​អង្ករ​នឹង​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៦…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស រយៈពេល​ជិត​១​ឆ្នាំ​២០១៧​នេះ​ឃើញ​ថា នៅ​តែ​បន្ដ​មាន​កំណើន ហើយ​បើ​ពិនិត្យ​តាម​តួលេខ​នាំ​ចេញ​ប្រចាំខែ អាច​ព្យាករ​បាន​ថា នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​អង្ករ​នឹង​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ខណៈ​រយៈពេល​១០​កន្លង​មកនេះ ការ​នាំ​ចេញ​មាន​ចំនួន​ជាង​៤៩​ម៉ឺន​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​៤២​ម៉ឺន​តោន ។ ចំណែក​ការ​នាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង​៥៤​ម៉ឺន​តោន ធៀប​នឹង​ឆ្នាំ​២០១៥ ការ​នាំ​ចេញ​សម្រេច​បាន​ជាង​៥៣​ម៉ឺន​តោន ។

តាម​អ្នកជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​មើលឃើញ​ថា ការ​នាំ​ចេញ​អង្ករ​សរុប​ក្នុង​ឆ្នាំ​២០១៧​នេះ នៅ​តែ​បន្ត​កើនឡើង​ដោយ​ផ្អែក​លើ​តម្រូវការ​ទីផ្សារ​នៅ​ប្រទេស​ចិន ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា ៖« ផ្អែក​លើ​ការ​បង្កើន​ចំនួន​កូតា​បញ្ជា​ទិញ​របស់​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​អង្ករ​សរុប​អាច​នឹង​កើន​ដល់​៦០​ម៉ឺន​តោន លើស​ឆ្នាំទៅ ជាង​៥​ម៉ឺន​តោន » ។

លោក​ឧកញ៉ា​បន្ត​ថា ៖« នៅ​២​ខែ​ចុង​ក្រោយ​នេះ គ្មាន​ចំណុច​ណាមួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទេ ។ ការ​នាំ​ចេញ​នឹង​កើនឡើង ដោយសារ​ប្រទេស​ចិន​បាន​បញ្ជា​ទិញ​កើនឡើង ។ ដូច្នេះ អ្វី​ដែល​គាត់​បញ្ជា​ទិញ គាត់​នឹង​ទិញ ហើយ​យើង​រង់​ចាំតែ​វេច​ខ្ចប់​ឱ្យ​គាត់​ប៉ុណ្ណោះ អីចឹង គ្មាន​ហេតុផល​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​ត្រូវ​ថយ​ចុះ​ទេ » ។

លោក​ឧកញ៉ា វង្ស ប៊ុ​ន​ហេង នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង រ៉ា​យស៍ មាន​ប្រសាសន៍​ថា ៖«​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៧ អាច​នឹង​កើនឡើង​បន្ថែម​ជាង​២​ម៉ឺន​តោន ដោយសារ​នៅ​ខែវិច្ឆិកា និង​ខែធ្នូ​នេះ ជា​រដូវ​ប្រមូល​ផល​និង​ជំរុញ​ការ​ផលិត​នាំ​ចេញ ។ ក្នុងឆ្នាំនេះ​ដែរ ខ្ញុំ​មើល​មិនឃើញ​ថា មាន​ចំណុច​ណា​ដែល​ថា ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ​ទេ គឺ​មាន​តែ​កើន ឡើង ។ បើ​យើង​គិត​ពី​ចំនួន​កូតា​ចិន កើនឡើង​រហូត​ក្នុង​១​ឆ្នាំ កើនឡើង​១០​ម៉ឺន​តោន ហើយ​អឺរ៉ុប​គឺជា​ទីផ្សារ​មួយ​ថេរ » ។

តាម​មន្ត្រី​ជំនាញ​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ លោក ឌិន ន​រិ​ន្ធ បាន​ឲ្យ​ដឹង​ថា បរិមាណ​នាំ​ចេញ​អង្ករ​សរុប​នៅ​ឆ្នាំ​២០១៧​នេះ នឹង​នៅ​តែ​បន្ត​កើនឡើង គ្មាន​ទេ​ការ​ថយ​ចុះ ។ ជាក់ស្តែង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស នៅ​តែ​មាន​សន្ទុះ​កើនឡើង​ដូច​គ្រា​មុន​ៗ ។

បើ​ទោះបីជា​កម្ពុជា​មិន​បាន​សម្រេច​តាម​ទិស​ដៅ​នាំ​ចេញ​១​លាន​តោន​ក្នុង​១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥​មក​ក្ដី ក៏​កម្ពុជា​នៅ​តែ​រក្សា​ការ​ប្តេជ្ញា​ចិត្ត និង​ខិតខំ​អភិវឌ្ឍន៍ ក៏​ដូច​ជា​កៀងគរ​វិនិ យោគិន​បរទេស​មក​បណ្ដាក់ទុន​លើ​វិស័យ​នេះ ធ្វើ​យ៉ាងណា ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ជាក់ស្ដែង ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្ដី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ដើម្បី​បង្កើត​ប្រព័ន្ធ​ឃ្លាំង​សាធារណៈ​សម្រាប់​ស្តុក​ស្រូវ​ជាដើម ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​ការ​សិក្សា​បឋម គម្រោង​​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ ចំនួន​១៥ ដែល​មាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​ដល់​ទៅ​១៩.៥០០​តោន​ក្នុង​១​ថ្ងៃ និង​ស្តុក​ស្រូវ​បាន​ដល់​ទៅ​១​លាន​តោន ដែល​គ្រោង​នឹង​សាងសង់​ក្នុង​ខេត្ត​មាន​សក្តានុពល​ផលិត​ស្រូវ ចំនួន​១១ ។ គម្រោង​នេះ​មិន​ត្រឹមតែ​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទេ ប៉ុន្តែ​រួម​ទាំង​មាន​ប្រតិបត្តិការ ការ​ថែទាំ​​ល្អ និង​ប្រព័ន្ធ​គ្រប់គ្រង​វត្ថុ​បញ្ចាំ ដើម្បី​សម្របសម្រួល​ផ្តល់​ឥណទាន ដោយ​ប្រើប្រាស់​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ​ជា​វត្ថុ​បញ្ចាំ ។

គម្រោង​នេះ​មាន​លទ្ធផល​រំពឹង​ទុកដូចជា បង្កើន​សមត្ថភាព​ស​ម្ងួ​ត និង​ស្តុក​ស្រូវ​អង្ករ ក្នុង​បរិមាណ​១​លាន​តោន ។ ទន្ទឹម​គ្នា​នឹង​ការ​បង្កើន​លទ្ធភាព​ទទួល​ឥណទាន​សម្រាប់​ពង្រីក​ទុន​បង្វិល ដែល​នឹង​កាត់​បន្ថយ​ការ​ហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង​, ពង្រឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ស្រូវ​, បង្កើន​ការ​បញ្ជា​ទិញ​សម្រាប់​ការ​នាំ​ចេញ​, បង្កើន​តម្លៃបន្ថែម និង​ចំណូល​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ព្រមទាំង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព​សម្រាប់​កសិករ ។

ទន្ទឹម​នឹង​នេះ នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ ក្រុមហ៊ុន​២​ដែល​ទទួល​បានការ​ដេញថ្លៃ​សាង​សង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដំណើរការ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ ដែល​បាន​សង់​នៅ​ខេត្ត​ចំនួន​៣ ។

ដំណើរការ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ នឹង​អាច​ជួយ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ជា​ពិសេស ជួយ​កសិករ​កម្ពុជា​បាន​ច្រើន មិន​ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​ដូច​កាលពី​ពេល​មុន​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ