ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ លទ្ធភាព​បិទ CCHR គឺ​អាច​ទៅ​រួច​ផ្អែក​តាម​ផ្លូវច្បាប់​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បានឱ្យ​ដឹង​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហៅ​កាត់​ថា (CCHR) គឺជា​រឿង​ចាំបាច់ មិន​អាច​ទុក​ឱ្យ​អង្គការ​នេះ​នៅ​បន្ត​ធ្វើ​ប្រតិបត្តិការ​បម្រើ​ផលប្រយោជន៍​បរទេស​នោះ​ទេ…

​រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បានឱ្យ​ដឹង​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហៅ​កាត់​ថា (CCHR) គឺជា​រឿង​ចាំបាច់ មិន​អាច​ទុក​ឱ្យ​អង្គការ​នេះ​នៅ​បន្ត​ធ្វើ​ប្រតិបត្តិការ​បម្រើ​ផលប្រយោជន៍​បរទេស​នោះ​ទេ ហើយ​ក៏​មាន «​លទ្ធភាព​ខាង​ផ្លូវច្បាប់​គ្រប់គ្រាន់​នៅ​ក្នុង​ដែន​ឯករាជ្យ​ និង​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក សុខ ឥ​សាន បាន​បន្ត​ថា បើ​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ចែង​យ៉ាង​ច្បាស់​ថា ជន​ណា ឬ​អង្គការណា​ដែល​ប្រព្រឹត្ត​អំពើ​ស​ន្និ​ដ្ឋិ​ភាព​ឃុបឃិត​ជាមួយ​បរទេស បង្កើត​​អំពើ​ប្រទូស្ត​​រាយ​ដល់​ប្រទេស​ជាតិ ត្រូវ​ប្រឈម​នឹង​បទល្មើស​ក្បត់ជាតិ ដែល​ត្រូវ​ជាប់​ទោស​ពី ១៥​ឆ្នាំទៅ​៣០​ឆ្នាំ ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា​៖ «​ដូច្នេះ CCHR ដែល​លោក កឹ​ម សុខា បាន​បង្កើត​ឡើង​តាម​ការ​បញ្ជា​របស់​បរទេស គឺជា​អង្គការ​ធ្វើ​តាម​បរទេស​ដែល​ចាំ​បាច់​​ត្រូវ​បិទ​មិន​ឱ្យធ្វើ​សកម្មភាព​តទៅ​ទៀត​ទេ​។ បើ​បង្កើត​ឡើង​ដោយ​បរទេស ចៀស​មិន​រួច​ពី​ធ្វើការ​បម្រើ​បរទេស​នោះ​ទេ​»​។ លោក សុខ ឥ​សាន​ឱ្យ​ដឹង​ទៀត​ថា ភ័ស្តុតាង​ជាក់​ស្តែង​តាម​រយៈ​សម្តី​លោក កឹ​ម សុខ បាន​និយាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ CBN ច្បាស់​មិន​​អាច​ប្រកែក​បាន​ឡើយ​។​

​ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ​បញ្ជា​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យ​ពិនិត្យ​ផ្លូវច្បាប់​បិទ​អង្គការ​នេះ​ចោល​។​

​យ៉ាងណាមិញ លោកស្រី ​ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​បាន​បញ្ចេញ​ប្រតិកម្ម​លើ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​ នាង​បាន​ធ្វើការ​ និង​ដឹក​នាំ​មជ្ឈមណ្ឌល​នេះ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ ។ ហើយ​ក៏​មាន​អតីត​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុ​ជាមួយ​ចំនួន​តូច​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ និង​ចូល​រួម​ជាមួយ​គណបក្ស​នយោបាយ​នានា​ទាំង​ក្នុង​គណបក្សកាន់អំណាច​ និង​គណ​បក្ស​ប្រឆាំង​។

​អ្នកស្រី ចក់ សុភាព បន្ត​ថា «​បើ​ទោះបីជា CCHR គាំទ្រ​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប​ក្នុង​ការ​ចូល​​ប្រ​ឡួ​ក​ក្នុង​ឆាកនយោបាយ ក៏​មជ្ឈមណ្ឌល CCHR មិន​ត្រូវ​បាន​រង​ឥទ្ធិពល​ណាមួយ​ពី​​អតីត​បុគ្គលិក ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ​ទេ ។ ខ្ញុំ​មាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ការ​បំរើ CCHR រួម​ជាមួយ​សមាជិក​ក្រុមការងារ​របស់​យើង ហើយ​យើង​ប្តេជ្ញា​បន្ត​បេសកកម្ម​របស់​យើង ក្នុង​ការ​លើកកម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដោយ​ផ្អែក​​លើ​មូលដ្ឋាន​គ្រឹះ​របស់​ស្ថាប័ន​ស្តី​ពី ឯករាជ្យ​ភាព តម្លាភាព សមភាព​ និង​មានការ​រើស​អើង​»​។​

​អ្នកស្រី ចក់ សុភាព សង្កត់ធ្ងន់​ថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា ការ​ស៊ើបអង្កេត​ដោយ​ឯក​រាជ្យ ​និង​មិន​លំអៀង​ណាមួយ នឹង​រក​មិនឃើញ​កំហុស ពាក់ព័ន្ធ​នឹង​ផ្នែក​ណាមួយ​របស់ CCHR ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ