ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុពលភាព​សម្រាប់​មន្ត្រី​​អតីត​គណបក្សប្រឆាំង​ចូលរួម CPP គឺ​ត្រឹម​ម៉ោង ៩ យប់​នេះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​និង​ជា​ប្រធាន​គណ​បក្ស​​ប្រជាជន​កម្ពុជា​ (CPP) បាន​ប្រកាស​ថា ​ឱកាស​របស់​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូល​មក​រួមរស់​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដើម្បី​រក្សា…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​និង​ជា​ប្រធាន​គណ​បក្ស​​ប្រជាជន​កម្ពុជា​ (CPP) បាន​ប្រកាស​ថា ​ឱកាស​របស់​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូល​មក​រួមរស់​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដើម្បី​រក្សា «​តួនាទី​ និង​មុខ​តំណែង​» នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង​៩ និង ០០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា នេះ​។​

​សម្តេច​ត​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ « ថ្ងៃនេះ​ទី​២៦ វិច្ឆិកា គឺជា​ថ្ងៃ​ឱសានវាទ​ និង​ជា​ឱកាស​ចុង​ក្រោយ​របស់​បងប្អូន​មក​ពី​អតីត​គណបក្ស CNRP ដែល​ត្រូវ​បាន​តុលា​ការ​​កំពូល​បាន​រំលាយ ​ដោយ​សាលដីកា​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៧ កន្លង​ទៅ​នេះ​។ គណ​បក្ស​ប្រជាជន​កម្ពុជា ​រីករាយ​រង់ចាំ​ស្វាគមន៍​បងប្អូន​រហូត​ដល់​ម៉ោង ៩:០០​យប់​នេះ»។​

​យ៉ាងណាមិញ គិត​ត្រឹម​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ មន្ត្រី​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​មក​ពី​ទូ​ទាំង​រាជធានី-ខេត្ត​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១,៤៤៣ នាក់​ បាន​មក​រួមរស់​ជា​មួយ CPP ជា​ផ្លូវការ​។ នេះ​បើ​តាម​របាយការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្តី​ពី​ចំនួន​​​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ដែល​សុំ​ចូលរួម​ជីវភាព​នយោ​​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​អតីត CNRP សុំ​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ CPP មាន​ថ្នាក់​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ មាន​មេឃុំ​-​ចៅសង្កាត់ របស់​គណបក្ស​សង្គ្រោះ​​ជាតិ​សុំ​ចូល​មាន​ចំនួន​៦៣​នាក់​, ជំទប់ ២២០ នាក់​, សមាជិក ៤៨៥ នាក់​, បេក្ខ​ជន ៥៩៧​នាក់​, ថ្នាក់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មាន​សមាជិក ៧​នាក់​, បេក្ខជន ៣​នាក់​, ថ្នាក់​​ក្រុមប្រឹក្សា​ក្រុង ស្រុក មាន​សមាជិក ៦១​នាក់ បេក្ខជន​៧​នាក់ ដែល​អ្នក​ទាំង​អស់​នោះ​​មក​ពី​ឃុំ​-​សង្កាត់​ចំនួន ៨០៣ ក្នុង​ចំណោម​ឃុំ​-​សង្កាត់​ចំនួន ១៦៤៦ ដែល​មាន​អាសនៈ ឃុំ ៥០០៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ