ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះមាន​ផលិតកម្ម​ភាពយន្ត​៥២ ថយ​ចុះ​ពី​ចំនួន​១៤៥

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ដើមឆ្នាំ​២០១៧​នេះ​មក ផលិតកម្ម​ក្នុងស្រុក​ដែល​ចុះបញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មាន​ចំនួន​៥២​ផលិតកម្ម​ប៉ុណ្ណោះ ប្រៀប​ធៀប​មុន​ឆ្នាំ​២០១៧​មាន​ចំនួន​ប្រមាណ​១៤៥​ផលិតកម្ម​ឯណោះ ។ ប្រធាន​ស្តីទី​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក​ប៉ុក បូ​រ័ក្ស កាលពី​ពេល…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ដើមឆ្នាំ​២០១៧​នេះ​មក ផលិតកម្ម​ក្នុងស្រុក​ដែល​ចុះបញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​មាន​ចំនួន​៥២​ផលិតកម្ម​ប៉ុណ្ណោះ ប្រៀប​ធៀប​មុន​ឆ្នាំ​២០១៧​មាន​ចំនួន​ប្រមាណ​១៤៥​ផលិតកម្ម​ឯណោះ ។

ប្រធាន​ស្តីទី​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក​ប៉ុក បូ​រ័ក្ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា បើ​គិត​មុន​ឆ្នាំ​២០១៧ ផលិតកម្ម​ក្នុងស្រុក​មាន​ចំនួន​ច្រើន ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧ ចំនួន​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ​៥២​ផលិតកម្ម​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​វប្បធម៌ ។ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ផលិតកម្ម​នេះ ដោយសារ​រាជរដ្ឋាភិបាល​ចេញ​ច្បាប់​យកពន្ធ​លើ​Vat ក្នុង​នោះ​ក៏​មាន​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ទៀត​សុំ​ច្បាប់​បើក​រួច​រាល់​ហើយ តែ​មិន​មាន​សកម្មភាព​អ្វី​ទាំងអស់​ទើប​បិទ​ទៅ​វិញ ។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ផលិតករ​មួយ​ចំនួន​ដែល​មាន​បំណង​ចង់​បិទ​ផលិតកម្ម​របស់​ខ្លួន​ក្រោយ​ពេល​ចេញ​ច្បាប់​របស់​ក្រសួង​វប្បធម៌​កាលពី​ពេល ថ្មី​ៗ​ទៅ​លើ​ការ​ប្រកាស​យក​ពន្ធ​ទៅ​លើ​ការ​បញ្ចាំង​ខ្សែភាពយន្ត​នោះ រហូត​មក​ដល់​ពេល​នេះ​ក្រសួង​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ណាមួយ​នៅឡើយ​ទេ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ ។

លោក​ប៉ុក បូ​រ័ក្ស បញ្ជាក់​ថា ការ​យកពន្ធ​ផ្សេង​ៗ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​កន្លង​ទៅ​នោះ​គឺ​បាន​ឯកភាព​គ្នា​រួច​ហើយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នោះ​គឺ​នៅ​ដំណាច់ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ចំណែក​ការ​ស្នើ​សុំ​ពី​បណ្តា​ផលិតករ​លើ​ការ​អនុគ្រោះ​ពន្ធ ផ្សេង​ៗ​នោះ​គឺ​ក្រសួង​បាន​ដាក់​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ព​និត្យ​រួចរាល់​ហើយ ប៉ុន្តែ​ការ​សម្រេច​បែប​ណា​នោះ​មិន​ទាន់​ទទួល​បាន​ចម្លើយ​នៅឡើយ​ទេ ។

បើ​តាម​លោក​ប៉ុក បូ​រ័ក្ស ជា​ធម្មតា​ការ​បើក​ផលិតកម្ម​មួយ​គឺជា​បន្ទុក​មួយ​សម្រាប់​ម្ចាស់​ផលិតកម្ម​នោះ​ផ្ទាល់​ទៅ​លើ​ពន្ធ​សម្រាប់​បើក​អាជីវកម្ម និង​ពន្ធ​លើ​សួយសារអាករ ផ្សេង​ៗ​ទៀត ហើយ​ទាំង​អស់នេះ​គឺជា​ការ​អនុវត្ត​ដូច​គ្នា​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក​ប៉ុក បូ​រ័ក្ស ថ្លែង​ថា​«​សូម​បណ្តា​ផលិតកម្ម និង​ផលិតករ​នានា​សូម​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​រង់ចាំ​ចម្លើយ​ជា​ផ្លូវការ​ណាមួយ​ពី​រាជរដ្ឋាភិបាល​ជា​មុន​សិន តើ​នឹង​ជួយ​អ្វីខ្លះ​ជុំវិញ​បញ្ហា​នេះ ។ ប៉ុន្តែ​ជា​ទូទៅ​កន្លង​មក​រដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ និង​ជួយ​ដល់​ផលិតករ​ជា​បន្តបន្ទាប់ ហើយ​រាល់​ការ​ស្នើ​សុំ​ទាំងអស់​គឺ​រដ្ឋាភិបាល​តែងតែ​ទទួល​យក​ទៅ​គិត​និង​ពិចារណា ។

អ្វី​ដែល​ផលិតករ​ទាំងអស់​ត្រូវធ្វើ​នា​ពេល​នេះ​គឺ​ត្រូវ​ខិតខំ​ពង្រឹងគុណភាព​ដោយ​ខ្លួនឯង ជៀសវាង​ធ្វើ​នំ​មិន​ឆ្ងាញ់ ហើយ​បង្ខំ​ឲ្យ​ទស្សនិកជន​ហូប​នោះ​ជា​ការ​លំបាក ។ បើ​ទោះបី​ជា​​រដ្ឋ​ខិតខំ​ជួយ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ការ ផលិត​នៅ​តែ​គ្មាន​ភាព​ទាក់ទាញ​ទេ គឺ​ផលិត​ករ​ទាំងអស់​មិន​អាច​ប្រឈម​ក្នុង​សម័យ​បច្ចុប្បន្ន ដែល​ជា​សម័យ​សាកល​ភាវូបនីយកម្ម​នេះ​បាន​ឡើយ ។ យើង​មិន​អាច​បិទ​កុន​បរទេស​មិន​ឲ្យ​ហូរ​ចូល​មក​ស្រុក​ខ្មែរ​បាន​ឡើយ ព្រោះ​យើង​មានការ​ទាក់ទង​ពាណិជ​កម្ម​រវាង​ប្រទេស និង​ប្រទេស ដូច្នេះ​បើ​យើង​ផលិត​នៅ​មាន​ភាព​ទន់ខ្សោយ​នោះ​គឺ​យើង​មិន​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន​ឡើយ »​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ព្រួយបារម្ភ​ពី​សមាគម​ទូរទស្សន៍​ជុំវិញ​ការ​ប្រកាស​យកពន្ធ​ទៅ​លើ​រឿង​​ភាគ​នាំ​ចូល​ពី​បរទេស​បញ្ចាំង​តាម​ទូរទស្សន៍​នោះ​លោក​ប៉ុក ប៉ូ​រ័ក្ស អះអាង​ថា នេះ​ជា​អ្វី​ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ។ ការ​យកពន្ធ​នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​កៀរគរ និង​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​ភាពយន្ត​បរទេស ។

លោក​ប៉ុក បូ​រ័ក្ស បញ្ជាក់​ថា «​បច្ចុប្បន្ន​ការ​ផលិត​នៅ​ក្នុងស្រុក​នៅ​មាន​កម្រិត ហើយ​ចំណាយ​​ខ្ពស់ តែ​ការ​ទិញ និង​នាំ​ចូល​ភាពយន្ត​បរទេស​មក​បញ្ចាំង​ក្នុងស្រុក​វិញ​ថោក ហេតុនេះ​នាំ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុងស្រុក ។ ហេតុនេះ​យើង​ត្រូវ​រួម​គ្នា​ក្នុង​ការ​អនុវត្ត​សេចក្តីសម្រេច​នេះ ព្រោះ​យើង​មិន​ចង់​ឲ្យ​វប្បធម៌​បរទេស​ហូរ​ចូល​មក​សាបព្រោះ​នៅ​ក្នុងស្រុក​បន្ត​ទៀត​ឡើយ បើ​ទោះបីជា​ច្បាប់​នេះ​ជា​ការ​ដាក់បន្ទុក​បន្តិច​មែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​វា​ក៏​ជា​របាំង​មួយ​សម្រាប់​ទប់ស្កាត់​ការ​ហូរ​ចូល​នូវ​ភាពយន្ត​បរទេស​មួយ​ផ្នែក​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ