ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​បច្ចុប្បន្ន​យ៉ាងណា​ហើយ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ អ្នកមួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​វិស័យ អចលនវត្ថុ​កម្ពុជា និង​មួយ​ចំនួន​ទៀត​មាន​ទស្សនៈ​ផ្ទុយ ដោយ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​វិស័យ​អចលនវត្ថុ​កម្ពុជា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ គម្រោង​សាងសង់​អគារ​ការិយាល័យ អគារ​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់ អ្នកមួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​វិស័យ អចលនវត្ថុ​កម្ពុជា និង​មួយ​ចំនួន​ទៀត​មាន​ទស្សនៈ​ផ្ទុយ ដោយ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​វិស័យ​អចលនវត្ថុ​កម្ពុជា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ គម្រោង​សាងសង់​អគារ​ការិយាល័យ អគារ​ពាណិជ្ជកម្ម និង​អគារ​ខុន​ដូ​មួយ​ចំនួន​បញ្ចប់​យឺតយ៉ាវ ប៉ុន្តែ​សកម្មភាព​សាងសង់​នៅ​តែ​បន្ដ ។

យ៉ាងណា​ក៏​ដោយ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​គម្រោង​ខុន​ដូ​មួយ​ចំនួន​បាន​ប្រកាស​ពន្យារ​ការ​សាងសង់ និង​គម្រោង​ខ្លះ​ទៀត​បាន​ប្រកាស​លុប​ចោល​តែ​ម្ដង ដែល​ទាំងនេះ​ហើយ​ធ្វើ​ឲ្យ​អតិថិជន ទាំង​វិនិយោគិន និង​អ្នក​ចង់បាន​គម្រោង​ខុន​ដូ​សម្រាប់​ស្នាក់​នៅ ក៏​មាន​ភាព​ស្ទាក់ស្ទើរ​ផង​ដែរ ក្នុង​ការ​សម្រេចចិត្ត​ទិញ​គម្រោង​ខុន​ដូ ។

លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ពី​ការ​សម្រេចចិត្ត​ទិញ​គម្រោង​អចលនទ្រព្យ​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា ពលរដ្ឋ​គួរតែ​ពិនិត្យ​មើល និង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​សម្រេចចិត្ត​ទិញ​គម្រោង​ណាមួយ​ពី​អ្នក​អភិវឌ្ឍន៍ ព្រោះ​បច្ចុប្បន្ន​នេះ មាន​អ្នក​វិនិយោគ​មិន​ពិត​ប្រាកដជា​ច្រើន ដោយ​គ្រាន់តែ​ចេញ​ប្លង់​រួច​ហើយ​ប្រកាស​លក់​តែ​ម្ដង ហើយ​ទទួល​លុយ​កក់​ពី​អតិថិជន ទាំង​ដែល​គម្រោង​នោះ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅឡើយ ។

លោក ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​គម្រោង​អគារ​មួយ​ចំនួន​យឺតយ៉ាវ​ក្នុង​ការ​សាងសង់ និង​ផ្ដល់​ជូន​អតិថិជន​ទៅ​តាម​ការ​សន្យា ហើយ​សកម្មភាព​នេះ វា​គ្មាន​ច្រើន​ទេ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា ។ ដូចនេះ យើង​មិន​អាច​វាយតម្លៃ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ទាំង​មូល​ទេ ។ លោក​និយាយ​ថា ៖« យើង​មិន​អាច​វាយតម្លៃ​ថា ត្រី​១​កន្ត្រក ស្អុយ​១ ស្អុយ​ទាំងអស់​ទេ ។ ផ្ទុយ​ទៅ​វិញ ក្នុង​វិស័យ​នេះ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​វា​កាន់តែ​ប្រសើរ​ឡើង​បន្ថែម » ។

លោក​បន្ត​ថា ជា​ទូទៅ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​តែងតែមាន​ហានិភ័យ ដូច​នេះ​ហើយ​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​នេះ រួម​ទាំង​អ្នក​អភិវឌ្ឍន៍​ផង​ដែរ ។ អ្នក​អភិវឌ្ឍន៍​ពិតប្រាកដ ទៅ​លើ​វិស័យ​អចលនទ្រព្យ ពួក​គាត់​នឹង​ព្យាយាម​ប្រឹងប្រែង​ធ្វើ​ឲ្យ​គម្រោង​របស់​ពួក​គាត់​នឹង​នៅ​តែ​ដំណើរការ ដោយ​មិន​ចង់​ឲ្យ​អតិថិជន ជា​អ្នក​វិនិយោគ​ខកចិត្ត ឬ​បាត់បង់​ទំនុកចិត្ត​ទេ​។ ជាក់ស្ដែង បើសិនជា​គម្រោង​ពួក​គាត់​មិន​ជោគជ័យ ឬ​ហៅ​ថា គម្រោង​បោក​គេ យក​លុយ​ធ្វើ​អ្វី​ផ្សេង គាត់​នឹង​មាន​ឱកាស​តែ​ម្ដង​គត់​ក្នុង​ការ​ធ្វើ​អាជីវកម្ម ព្រោះ​អតិថិជន​នឹង​លែង​ជឿជាក់​ទៅ​លើ​ការ​វិនិយោគ​នោះ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​មាន​តិចតួច​នៅឡើយ ហើយ​ពេល​នោះ​ឲ្យ​តែ​មាន​អ្នក​មក​វិនិយោគ កម្ពុជា​ស្វាគមន៍​ជា​និច្ច ដោយ​មិន​ត្រូវការ​សិក្សា ឬ​លក្ខខណ្ឌ​ច្រើន​ទេ ។ ដូចនេះ​ហើយ ទើប​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​អគារ​មួយ​ចំនួន​សាងសង់​យឺតយ៉ាវ ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ សកម្មភាព​បែប​នេះ​នឹង​លែង​មាននៅ​កម្ពុជា​ទៀត​ហើយ ពីព្រោះ​ពេល​នេះ មាន​វិនិយោគិន​ច្រើន​លើ​វិស័យ​មួយ​នេះ ។ អីចឹង មុន​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ទាំងនោះ​ចាប់ផ្ដើម​ដំណើរការ ឬ​ប្រកាស​ពី​ការ​វិនិយោគ ក៏​ត្រូវ​តែ​ពិនិត្យ​មើល និង​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់​ទៅ​ពួក​គេ​ផង​ដែរ ។

លោក​បន្ថែម​ថា ការ​សាងសង់​គម្រោង​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន​មាន​ភាព​យឺតយ៉ាវ​នៅ​កម្ពុជា​នេះ វា​មាន​ផល​ប៉ះពាល់​តិចតួច ក៏​ប៉ុន្តែ​វា​ក៏​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​កម្ពុជា​នៅ​​ពេល​អនាគត ក្នុង​វិស័យ​ខុន​ដូ​នេះ ។ លោក​ថា ៖«​ចាប់ពី​ពេល​នេះ​តទៅ ខ្ញុំ​ជឿជាក់​ថា គម្រោង​ដែល​យឺតយ៉ាវ នឹង​លែង​មាននៅ​កម្ពុជា​ទៀត​ហើយ ព្រោះ​យើង​បាន​សិក្សា​ច្បាស់​ពី​ប្រភព​ទុន និង​ប្រវត្តិ​របស់​អ្នក​អភិវឌ្ឍន៍ មុន​នឹង​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចាប់ផ្ដើម​ដំណើរការ​គម្រោង » ។

លោក គី​ម ហ៊ា​ង បញ្ជាក់​ថា នៅ​ឆ្នាំ ២០១៨ វិស័យ​អចលនទ្រព្យ លោក​មិន​រំពឹង​ថា​ឡើង​បន្ត​ទៀត​ទេ ព្រោះ​អី​កន្លង​មក វា​ឡើង​ខ្ពស់​ពេក​ហើយ អីចឹង​ដល់​ពេល​ដែល​ត្រូវ​រក្សា​ឲ្យ​មាន​ស្ថិរភាព​វិញ ទើប​ប្រសើរ ហើយ​ក៏​ជា​ពេលវេលា​ដែល​ជិត​ដល់​វដ្ដ​របស់​វា​ដែរ ។

លោក​ថា ៖«​វា​មិន​ចេះ​តែ​ឡើង​រហូត​នោះ​ទេ ! វា​មាន​ឡើង​មាន​ចុះ​ជា​ធម្មតា​របស់​វា​ទៅ​ហើយ តែ​ត្រូវធ្វើ​យ៉ាងណា រក្សា​ស្ថិរភាព​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​បាន​ហើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ