ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​មួយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំឡេង​នៃ​ការ​សាងសង់​បាន​លាន់​រំពង​គ្រប់​ទីកន្លែង អគារ​ខ្ពស់​ៗ​ជា​ច្រើន​កំពុង​លូត​ឡើង​ទៅ​លើ​អាកាសា និង​កំពុង​អួត​រចនាបថ​ដាក់​គ្នា ខណៈ​វត្តមាន​ដង​ស្ទូច​ធំ​ៗ​បាន​បង្ហូត​ឡើង​នៅ​ការដ្ឋាន​សាងសង់​កាន់តែ​ច្រើន ដែល​នេះ​ជា​សញ្ញា​ថ្មី​មួយ​បង្ហាញ​ថា រាជធានី​ភ្នំពេញ​កំពុង​វិវត្តន៍​ឆ្ពោះទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ និង​កំពុង​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ សំឡេង​នៃ​ការ​សាងសង់​បាន​លាន់​រំពង​គ្រប់​ទីកន្លែង អគារ​ខ្ពស់​ៗ​ជា​ច្រើន​កំពុង​លូត​ឡើង​ទៅ​លើ​អាកាសា និង​កំពុង​អួត​រចនាបថ​ដាក់​គ្នា ខណៈ​វត្តមាន​ដង​ស្ទូច​ធំ​ៗ​បាន​បង្ហូត​ឡើង​នៅ​ការដ្ឋាន​សាងសង់​កាន់តែ​ច្រើន ដែល​នេះ​ជា​សញ្ញា​ថ្មី​មួយ​បង្ហាញ​ថា រាជធានី​ភ្នំពេញ​កំពុង​វិវត្តន៍​ឆ្ពោះទៅ​កាន់​ដំណាក់កាល​ថ្មី​មួយ និង​កំពុង​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​វិនិយោគិន​ជាតិ និង​អន្តរជាតិ ។

ទីក្រុង​នេះ​បាន​ងើប​ពី​សុបិន និង​លេចឡើង​នូវ​វត្តមាន​អគារ​ខ្ពស់​ៗ​កប់​ពពក​ស្ទើរ​គ្រប់​ទី​កន្លែង ជំនួស​អគារ​ចាស់​ៗ​ដែល​ជាប់​ស្លែ​ខ្មៅ និង​បែកបាក់​ដោយសារ​ភ្លើងសង្គ្រាម ជា​អ្វី​ដែល​​ស្រមោល​អតីតកាល​ត្រូវ​បាន​លាង​ជម្រះ​ដោយពេល​វេលា​បន្តិច​ម្តង​ៗ ។

ការ​​មក​ដល់​នៃ​វិនិយោគិន​អន្តរជាតិ ប្រតិភូ​ធុរកិច្ច និង​ថ្នាក់ដឹកនាំ​ល្បី​ៗ​នៅ​លើ​ពិភព​លោក ជា​បន្តបន្ទាប់ ពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី​អាស៊ាន​កាលពី​ចុងខែ​ឧសភា​កន្លង​មកនេះ ជា​ព្រឹត្តិការណ៍​បង្ហាញ​មុខមាត់ កិត្យានុភាព​ប្រទេស​កម្ពុជា ពិសេស​ក្រុងភ្នំពេញ​ទៅ​កាន់​ពិភពលោក ក្នុង​នាម​ជាទី​ក្រុង​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ។

ការ​កើនឡើង​នូវ​វត្តមាន​អគារ​ខ្ពស់​ៗ​នៅ​ទីក្រុង​ភ្នំពេញ ទំនងជា​មិន​បញ្ចប់​នៅ​ពេល​ឆាប់​ៗ នោះ​ទេ ។ ជាក់ស្តែង អគារ​ភ្លោះ​ថៃ​ប៊ុ​ន​រ៉ុ​ង ដែល​ជា​អគារ​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន និង​គ្រោង​ចំណាយ​ប្រាក់​វិនិយោគ​៥.០០០​លាន​ដុល្លារ នឹង​ក្លាយជា​មេដែក​ឆក់​មួយ​​ដែល​ផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​មក​កាន់​ប្រទេស​នេះ​កាន់តែ​ច្រើន​ថែម​ទៀត​នា​ពេល​អនាគត ប្រសិនជា​វត្តមាន​អគារ​នេះ​លេច​រូបរាង​ពិតប្រាកដ ។

ការ​មក​ដល់​នូវ​វិនិយោគិន​ចិន​, កូរ៉េ​, សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី ជា​ឈ្មោះ​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ប្រសិទ្ធ​នាម​ឲ្យ​កម្ពុជា​កាលពី​ឆ្នាំ​មុន ។ ជាមួយ​គ្នា​នេះ ធនាគារពិភពលោក ក៏​បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​ដល់​កម្ពុជា ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មក​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ​មុន​ផង​ដែរ ។

អ្នក​នាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែង​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ព្រោះ​បើ​យោង​តាម​ការ​សិក្សា​របស់​យើង រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចំនួន​៧០ បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ចំណោម​​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ចំនួន​៥០០ ។ អ្នក​នាង​បន្ត​ថា ៖« នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ យើង​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​៥០%​នៃ​ក្រុមហ៊ុន​ទាំង​៥០០ ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា​ពេល​នេះ​បាន​និង​កំពុង​ក្លាយជា​គោលដៅ​របស់​អ្នក​វិនិ​យោគ​​អន្តរជាតិ » ។ អ្នក​នាង​ថា ៖« បច្ចុប្បន្ន និយាយ​ពី​កម្ពុជា គឺ​មិន​ទាន់​ក្លាយជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ ប៉ុន្តែ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ កម្ពុជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​នេះ » ។

ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​បាន ទាមទារ​ឲ្យ​ប្រទេស​មួយ​មាន​ធន​ធាន មនុស្ស ធនធាន​អភិវឌ្ឍន៍ ចំណេះដឹង និង​បទ​ពិសោធន៍ ប៉ុន្តែ​បច្ចុប្បន្ន កម្ពុជា​កំពុង​ខ្វះ​ធនធានមនុស្ស និង​បទ​ពិសោធន៍ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាង អាន សុធី​តា ។

អ្នក​នាង​បន្ត​ថា ៖« កាលពីមុន និយាយ​ពី​កម្ពុជា គេ​មិនសូវ​ស្គាល់​ទេ​នៅ​ក្រៅប្រទេស ប៉ុន្តែ​ដោយសារ​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ បាន​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ និង​ប្រទេស​របស់​យើង​ត្រូវ​បាន​គេ​ស្គាល់​កាន់តែ​ច្រើន » ។

ពិតជា​ជាក់ស្តែង និង​មិន​អាច​ប្រកែក​បាន ដោយសារ​កម្ពុជា ក្នុង​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ក្នុង​វិស័យ​នេះ​រាប់​ពាន់​លាន​ដុល្លារ ។

ជាក់ស្តែង ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់ឆ្នាំ​២០១៦​កន្លង​មកនេះ មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ជាង​៨.៥៣៤​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៥៥,៦៨% បើ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ហើយ​ទំហំ​ទុន​ពិតប្រាកដ​ពី​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​កម្ពុជា រយៈពេល​២០​ឆ្នាំ ពី​ឆ្នាំ​១៩៩៤ ដល់​២០១៤ មាន​ប្រមាណ​​១៩,២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​៤៤%​គឺជា​ទឹកប្រាក់​នៃ​ការ​វិនិយោគ​របស់​ចិន ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី​ក្រុងភ្នំពេញ បាន​រក​ឃើញ​ថា នៅ​រាជ​ធានី​​ភ្នំពេញ​មាន​វត្តមាន​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ រហូត​ដល់​ជាង​៤០​ជាន់​ចំនួន​ជាង​៧០០​​អគារ និង​មាន​អគារ​ជា​ច្រើន​ទៀត​កំពុង​ចាប់ផ្តើម​សាងសង់ ដែល​មាន​កម្ពស់​រហូត​ដល់​៦៣​ជាន់ ។

ជាមួយនឹង​គោលដៅ​នេះ កម្ពុជា​ក៏​សម្រេច​បាន​នូវ​កំណើន​ប្រាក់​ចំណូល​យ៉ាង​ខ្ពស់​ផង​ដែរ​។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​របស់​អង្គភាព​ព័ត៌មាន​សេដ្ឋវិទូ​បាន​រក​ឃើញ​ថា ទំហំ​នៃ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ចំនួន​១០.៩០០​ដុល្លារ​កាលពី​ឆ្នាំ​មុន និង​កើន​ដល់​៣២.២០០​ដុល្លារ​នៅ​ឆ្នាំ​២០៣០​ខាង​មុខ ។

យោង​តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់​១២​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង បាន​ថ្លែង​ថា ៖« កាលពី​១០​ឆ្នាំ​មុន ខ្ញុំ​មិន​ហ៊ាន​រំពឹង​ថា ទីក្រុង​ភ្នំពេញ​មាន​ភាព​រីក​ចម្រើន​បែប​នេះ​ទេ តែ​ពេល​នេះ វត្តមាន​អគារ​ខ្ពស់​ៗ​បាន​រីក​ដូច​ផ្សិត វា​ជា​មោទនភាព​មួយ » ។ លោក​បន្ត​ថា ៖« នៅ​ពេល​ជនបរទេស​ចុះ​ពី​យន្តហោះ ពួក​គេ​ឃើញ​ហាង​ទំនើប​ៗ អគារ​ខ្ពស់​ៗ រថយន្ត​ទំនើប​ៗ ពួក​គេ​សប្បាយ​ចិត្តនឹង​មក​រស់នៅ និង​វិនិយោគ​នៅ​ទី​នេះ » ។

ភាព​រីក​ចម្រើន​នេះ មិន​អាច​កាត់​ផ្តាច់​ចេញពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាង​រឹង​មាំ​ទេ ។ ជាក់ស្តែង គិត​ត្រឹម​រយៈពេល​២​ទសវត្សរ៍ កម្ពុជា​​សម្រេច​បាន​មាន​កំណើនសេដ្ឋកិច្ច​៧,៧% គិត​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៤ និង​រក្សា​កំណើន​រហូត​ដល់​៧%​បន្ថែម​ទៀត សម្រាប់​រយៈពេល​មធ្យម​ខាង​មុខ​នេះ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា កម្ពុជា​ពិតជា​បាន​រីក​ចម្រើន​ច្រើន​លើ​សម្ភារ និង​សេដ្ឋកិច្ច ដែល​កាលពី​១០​ឆ្នាំ​មុន ឬ​យូរ​ជាង​នេះ យើង​មិន​ទាន់​មាន​អ្វី​នៅឡើយ ​ទេ ។ ប៉ុន្តែ​ការ​រីក​ចម្រើន​របស់​យើង​ខ្វះ​គុណ​ភាព​​ជីវិត ព្រោះ​ទីក្រុង​របស់​យើង​មិន​គួរ​មាន​តែ​កន្លែង​ផឹកស៊ី​ទេ តែ​គួរ​មាន​សួនច្បារ សារមន្ទីរ វិចិត្រសាល និង​កន្លែង​តាំងពិព័រណ៍​លំដាប់​អន្តរជាតិ​ជាដើម ។

លោក​ថ្លែង​ថា ៖« បើ​គិត​ពី​អាយុ​មនុស្ស ខ្ញុំ​គិត​ថា កម្ពុជា​ប្រៀប​បាន​នឹង​មនុស្ស​ជំទង់​វ័យ​១៣​ទៅ​១៤​ឆ្នាំ​ប៉ុណ្ណោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ