ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​អធិការ​ក្រុង​ខេមរៈភូមិន្ទ​ថ្មី

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តំណែង​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ត្រូវ​បាន​ប្រកាស​សមាសភាព​ឲ្យ​ចូល​កាន់​តំណែង​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​តំណែង​មួយ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​អធិការ​ស្តីទី​អស់​រយៈពេល​ជា​ច្រើន​ខែ…

ខេត្តកោះកុង ៖ តំណែង​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ត្រូវ​បាន​ប្រកាស​សមាសភាព​ឲ្យ​ចូល​កាន់​តំណែង​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​តំណែង​មួយ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​អធិការ​ស្តីទី​អស់​រយៈពេល​ជា​ច្រើន​ខែ ។

លោក​វរសេនីយ៍ត្រី ហេង លាង អធិការរង​នគរបាល​ស្រុកស្រែ​អំបិល ត្រូវ​បាន​តែងតាំង​ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ជំនួស​លោក​វរសេនីយ៍ឯក មីន រស្មី ត្រូវ​បាន​ឡើងជា​ស្នងការ​រង អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំទៅ​ហើយ ។ ការ​ចូល​កាន់​តំណែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ សំ ឃី​ត​វៀន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រី​សាលាក្រុង កងកម្លាំង​នគរបាល​យ៉ាងច្រើន​កុះករ ។

បន្ទាប់​ពី​ការ​ប្រគល់​សេចក្តី​ប្រកាស និង​ត្រា​ជា​ផ្លូវការ​រួច​មក លោក​វរសេនីយ៍ត្រី ហេង លាង អធិការ​ថ្មី​បាន​ឡើង​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ បម្រើ​អង្គភាព និង​ទប់ស្កាត់​រាល់​បទល្មើស​ក្នុង​មូលដ្ឋាន ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ។ នៅ​ចុងបញ្ចប់​លោកស្នងការ​បាន​ឡើង​មាន​មតិ​ផ្តាំផ្ញើ​ដោយ​សង្កត់ធ្ងន់​ថា សូម​សម្តែង​ការ​កោតសរសើរ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក របស់​កម្លាំង​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ដែល​ជា​ការ​ស្តែង​ចេញពី​ឆន្ទៈ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ទប់ស្កាត់​ដាច់ខាត​នូវ​រាល់​ឧបាយកល​ទាំងឡាយ​ណា​ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

ទន្ទឹម​នឹង​នោះ​ដែរ លោកស្នងការ​បាន​ទទូច​ស្នើ​ឲ្យ​កងកម្លាំង​នគរបាល​ក្រុង​ខេមរៈភូមិន្ទ ក៏​ដូច​ជា​នគរបាល​ខេត្ត​ទាំងមូល​យកចិត្តទុកដាក់​ចំពោះ​មុខសញ្ញា​សង្ស័យ និង​មុខសញ្ញា​មាន​ដីកា ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​រាល់​ផែន​ការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏​ដូច​ជា​មហាជន​ទូទៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ