រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៦ និង១០នាទីល្ងាចថ្ងៃទី២០ វិច្ឆិកា កម្លាំងសមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនឆ្លងកាត់ថ្នាំញៀនប្រភេទកូកាអ៊ីនមកពីប្រទេសប្រេស៊ីលចូលកម្ពុជាតាមជើងអាកាស ដោយលាក់ក្នុងកញ្ចប់បញ្ញើ (ម៉ូនីស័ររថយន្ត)ជិត១គីឡូក្រាម។ ក្រោយពីទទួលបានព័ត៌មានពីភ្នាក់ងារគយអន្តរជាតិភ្នំពេញដោយមានការសង្ស័យនៅវេលាម៉ោងខាងលើលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាផ្ទាល់ទៅលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនឲ្យប្រើប្រាស់កម្លាំងជំនាញការិយាល័យទី១ចុះទៅសហការណ៍ជាមួយសមត្ថកិច្ចគយប្រចាំឃ្លាំងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ព្រមទាំងសហការណ៍ជាមួយក្រុមហ៊ុន DHL ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការបានដំណើរការស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូនឆ្លងកាត់សារធាតុញៀនដោយខុសច្បាប់។
ជាលទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីទិញលក់គ្រឿងបន្លាស់រថយន្តជាអ្នកចាំទទួលកញ្ចប់បញ្ញើនេះ និងចាប់យកវត្ថុតាង សារធាតុញៀនកូកាអ៊ីន (Cocaine) ទម្ងន់៧៩៣.៥៦ក្រាម ដែលជនសង្ស័យបានលាក់ទុកក្នុងម៉ូនីស័ររថយន្តដឹកតាមជើងយន្តហោះពីប្រទេសប្រេស៊ីលចូលមកកម្ពុជានេះ។ តាមចម្លើយសារភាពរបស់ជនសង្ស័យទៅសមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយរូបគេបានមានការទំនាក់ទំនងជាមួយជនជាតិស្បែកខ្មៅក្នុងការងារប្រកបរបររកស៊ីនាំចូលគ្រឿងបន្លាស់រថយន្ត។
ថ្ងៃមួយរូបគេ(សោម វុទ្ធី)បានកុម្មង់ឲ្យជនជាតិស្បែកខ្មៅឲ្យជួយរកទិញម៉ូនីស័ររថយន្តពីក្រៅប្រទេសផ្ញើមករូបគេនៅកម្ពុជាបានជាថ្ងៃទី២០ វិច្ឆិកា ជនជាតិស្បែកខ្មៅគេផ្ញើមកឲ្យមែនហើយខ្លួនក៏បានទៅទទួលយកម៉ូនីស័ររថយន្តនោះពីក្រុមហ៊ុនទទួលបញ្ញើDHL នៅព្រលានយន្តហោះពោធិចិនតុង ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនដែលខ្លួនមិនបានដឹងថា នៅក្នុងកញ្ចប់កេសដាក់ម័រទីស័ររថយន្តនោះមានថ្នាំញៀនទេ។ ទោះជាយ៉ាងណាក្តីចម្លើយជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចច្រានចោលព្រោះថា ចោរមិនដែលសារភាពខ្លួនឯងចោរទេ ហើយបើភាពស៊ីសង្វាក់ និងគ្មានការទំនាក់ទំនងមិនអាចដឹងពេលវេលា និងត្រូវទៅទទួលយកនោះឡើយ។ សមត្ថកិច្ចចាប់ខ្លួនសម្អាងលើវត្ថុតាងជាក់ស្តែងដែលស្ថិតនៅក្នុងដៃជនល្មើសដូចជាគ្រឿងញៀនជិត១គីឡូក្រាមនេះគឺពិតជាឈ្មោះ សោម វុទ្ធី ទៅទទួលយក។ ដូច្នោះសមត្ថកិច្ចបានអនុវត្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមផ្លូវច្បាប់៕
https://youtu.be/spio_JUvFcs
ចែករំលែកព័តមាននេះ