រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបររថយន្តដឹកស្រាបៀរម្នាក់ ខណៈដែលឃើញនាងកម្មការិនីដែលជាប្រពន្ធអ្នកដទៃកំពុងដេកម្នាក់ឯងនៅក្នុងបន្ទប់ផ្ទះជួល ជាឱកាសល្អបានចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ។ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែនាងស្រែក បង្កការភ្ញាក់ផ្អើល ហើយបុរសជាប្ដីនាងរងគ្រោះបានចូលទៅចាប់ខ្លួនបានរួចបាននាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបជនរងគ្រោះនាំជនសង្ស័យទៅប្រគល់ជូននគរបាល។ ជនសង្ស័យខាងលើនោះឈ្មោះ ភួង ចិត្រ អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តដឹកស្រាបៀរ ស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុនោះដែរ និងមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង។
ចំណែកស្ត្រីរងគ្រោះដែលស្ទើរតែក្លាយទៅជាចំណីតណ្ហារបស់ជននោះឈ្មោះ ផ.ស.ម៉ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ នាងមានប្ដីទៅហើយមិនមែននៅលីវនោះឡើយ។ នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានដេកនៅក្នុងបន្ទប់ជួលខាងលើនោះតែម្នាក់ឯងប៉ុណ្ណោះ ដោយបានបិទទ្វារ ប៉ុន្តែមិនបានចាក់គន្លឹះពីខាងក្នុងនោះទេ។ ចំណែកប្ដីរបស់នាងក៏មិនបាននៅជាមួយឡើយ ដោយនៅខាងក្រៅ លុះដល់ពេលកើតហេតុស្រាប់តែជនសង្ស័យបើកទ្វារចូលទៅធ្វើសកម្មភាពចាប់រំលោភសរពសន្ថវៈតែម្ដង។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះមិនបានសម្រេចនោះទេ ដោយសារតែជនរងគ្រោះរើបម្រះ និងស្រែកឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើល។
ស្របពេលនោះដែរបុរសជាប្ដីរបស់នាងរងគ្រោះទៅដល់ល្មម ក៏បានចាប់ខ្លួនជននេះ ប៉ុន្តែមិនបាននាំយកទៅប្រគល់ជូននគរបាលភ្លាមៗនោះឡើយ។ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលទើបនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីសាកសួរ និងកសាងសំណុំរឿង។ ប្រភពខាងលើនោះបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនាងម្នាក់នោះមែន ប៉ុន្តែអត់បានសម្រេចឡើយ ដោយនាងរើ និងស្រែកខ្លាំងពេក បន្ទាប់មកក៏ត្រូវប្ដីនាងចាប់ខ្លួនប្រគល់ជូននគរបាលតែម្ដង។ បន្ទាប់ពីសួរនាំ និងកសាងឯកសាររួចមួយជំហាន នគរបាលប៉ុស្តិ៍បានបញ្ជូនជននោះទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត៕
ចែករំលែកព័តមាននេះ