ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចោរឆក់កំពុងកក្រើក​នៅបាត់ដំបង ​២នាក់ចាប់ក្នុងសណ្ឋាគារ​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​​បាត់​ដំបង​ ៖ អំពើ​ចោរកម្ម​ដ៏​កក្រើក​ដែល​កើតឡើង​ផ្ទូ​ន​ៗ​នៅ​ក្នុង​ក្រុង​បាត់ដំបង នា​ប៉ុន្មាន​​ថ្ងៃ​កន្លង​ទៅ​នេះ កម្លាំង​នគរបាល​ផ្នែក​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ប្រឹង​ប្រែង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ចោរ​ដៃ​ស្អិត​(​ចោរឆក់​)​បាន​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា…

ខេត្ត​​បាត់​ដំបង​ ៖ អំពើ​ចោរកម្ម​ដ៏​កក្រើក​ដែល​កើតឡើង​ផ្ទូ​ន​ៗ​នៅ​ក្នុង​ក្រុង​បាត់ដំបង នា​ប៉ុន្មាន​​ថ្ងៃ​កន្លង​ទៅ​នេះ កម្លាំង​នគរបាល​ផ្នែក​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ប្រឹង​ប្រែង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ចោរ​ដៃ​ស្អិត​(​ចោរឆក់​)​បាន​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ខណៈ​ជន​ទាំង​២​នាក់​នេះ​កំពុង​សម្ងំ​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ (​ផាក​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​២​នាក់​នោះ ឈ្មោះ​សឺ​ម សីហា ហៅ ង៉ា អាយុ​២២​ឆ្នាំ នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង​ឈ្មោះ​អេ​ង ឆៃ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

លោក​បាន​ប្រាប់​ថា ក្រុម​ចោរ​ដៃ​ស្អិត​ទាំងនេះ​គឺជា​មុខសញ្ញា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​(​ឆក់​))​តាម​ដងផ្លូវ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​ក្នុង​ក្រុង​បាត់ដំបង ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​កំណត់​បាន​នូវ​មុខសញ្ញា​នេះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​ពួក​គេ​កំពុង​សម្ងំ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​(​ផាក​) ស្ថិត​ក្នុងភូមិ​សង្កាត់​ខាងលើ​។ លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នោះ មន្ត្រី​របស់​លោក​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដែល​ជន​នេះ​បាន​ឆក់​យក​ពី​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​មាន​ទាំង​ជនបរទេស​ផង ។

បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន ជន​ដៃដល់​ទាំង​២​នាក់ បាន​ផ្ដល់​ចម្លើយ​ជាបឋម​ប្រាប់​សមត្ថកិច្ច​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​(​ឆក់​)​យក​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ដងផ្លូវ​មែន ។ ជន​នេះ​បាន​សារភាព​ថា ពួក​ខ្លូ​ន​មិន​ចាំ​ពេលវេលា​ប្រព្រឹត្ត​ទេ តែ​បាន​ប្រាប់​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ ឬ​ឆក់​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​មិន​តិច​ជាង​៥​លើក​ឡើយ ក្នុង​នោះ​បាន​ឆក់​កាបូបស្ពាយ​ជនបរទេស​ចំនួន​២​លើក​ផង ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​ហាក់​បាន​កំរើក​យ៉ាង​ខ្លាំង នៅ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។ អំពើ​ចោរកម្ម​ដែល​កំពុង​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​នេះ​មាន​ដូច​ជា ចោរឆក់ ចោរ​គាស់​ផ្ទះ ឬ​តូប​លក់ដូរ និង​ចោរ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​។​ល​។​និង​។​ល​។ ប៉ុន្តែ​កម្លាំង​ជំនាញ​របស់​ស្នងការ​ខេត្ត​ក៏​បង្ក្រាប​បានជា​បន្តបន្ទាប់​ដែរ ខណៈ​កម្លាំង​នគរបាល​ក្រុង​ត្រូវ​គេ​គត់​សម្គាល់ថា ហាក់​ងាប់​ដៃ​ងាប់​ជើង​ស្ដូក​គ្មាន​សកម្មភាព​តែ​ម្ដង ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ទម្លាយ​ឲ្យ​ដឹង​ខ្លះ​ៗ​ថា គ្រាន់តែ​ក្នុង​រយ​:​ពេល​ជាង​កន្លះ​ខែ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ករណី​ចោរឆក់ ចោរ​គាស់​ផ្ទះ និង​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ​បាន​កើតឡើង​មិន​តិច​ជាង​២០​លើក​ឡើយ ។ នេះ​ជា​របាយការណ៍​បឋម​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ករណី​ឆក់​ខ្លះ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ទេ ដោយសារ​គេ​ហាក់​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច ។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ដោយ​ទ​ទូល​ស្គាល់​ថា បទល្មើស​ចោរឆក់ ចោរលួច និង​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​នេះ ពិតជា​មាន​មែន តែ​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់​ដែរ រីឯ​មុខសញ្ញា​មួយ​ចំនួន​មន្ត្រី​ជំនាញ​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ ព្រោះ​កំណត់​បាន​ខ្លះ​ៗ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ