ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នៅ​ទីប្រជុំជន​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​100%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​គោលនយោបាយ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឱ្យ​សម្រេច​ទៅ​តាម​កាល​កំណត់ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដែល​មាន​លទ្ធភាព​ចូលរួម​វិនិយោគ ដោយ​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រហូត​២០​ឆ្នាំ ជា​ថ្នូរ​នឹង​ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ប្រកបដោយ​និរន្តរភាព គុណភាព និង​តម្លៃ​សមរម្យ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​គោលនយោបាយ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឱ្យ​សម្រេច​ទៅ​តាម​កាល​កំណត់ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដែល​មាន​លទ្ធភាព​ចូលរួម​វិនិយោគ ដោយ​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រហូត​២០​ឆ្នាំ ជា​ថ្នូរ​នឹង​ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ប្រកបដោយ​និរន្តរភាព គុណភាព និង​តម្លៃ​សមរម្យ ហើយ​កំណត់​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទីប្រជុំជន​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​១០០%​នៅ​ត្រឹម​ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ថា នៅ​ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ក្រសួង​បាន​ដាក់​ចេញ​វិធានការ​ថ្មី​ៗ គឺ​ការ​លើកទឹកចិត្ត និង​ប្រើប្រាស់​សក្តានុពល​របស់​ផ្នែក​ឯកជន ដែល​មាន​លទ្ធភាព​វិនិយោគ​ឱ្យធ្វើ​ការ​ផលិត​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ដែល​រដ្ឋ​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​បាន ក្នុង​នោះ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​រហូត​ដល់​រយៈពេល​២០​ឆ្នាំ (​ពី​មុន​៣​ឆ្នាំ​) ជា​ថ្នូរ​មក​វិញ​នូវ​ការ​អភិវឌ្ឍ និង​ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ប្រកបដោយ​និរន្តរភាព គុណភាព ជាមួយ​តម្លៃ​សមរម្យ ។

ទោះបី​យ៉ាងណា ក្រសួង​ក៏​មាន​វិធានការ ម៉ឺងម៉ាត់​ជាក់លាក់​ផង​ដែរ បើសិនជា​ពិនិត្យ​ឃើញ​ថា អាជីវករ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ហើយ មិន​បាន​អនុវត្ត​នូវ​ចំណុច​ណាមួយ ស្រប​តាម​ការ​កំណត់​ក្នុង​ប្រកាស​ទេ​នោះ ក្រសួង នឹង​ធ្វើការ​ដកហូត​ប្រកាស ឬ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ទាំងស្រុង ដោយ​មិន​បណ្តោយ​ឱ្យ​ប្រជាពលរដ្ឋ ស្ថិត​ជា​ចំណាប់ខ្មាំង​របស់​អាជីវករ​នោះ​ឡើយ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖« យើង​ត្រូវ​តែ​ហ៊ាន​អារកាត់​ធ្វើ​ឱ្យ​បាន បើ​ពុំនោះ​ទេ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ទិស​ដៅ​គោលនយោបាយ​ផ្គត់ផ្គង់​ទឹក​ស្អាត ដែល​ត្រូវ​បាន​កំណត់​​ថា ប្រជាជន​រស់នៅ​តាម​តំបន់​ទីប្រជុំជន ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​១០០% នៅ​ឆ្នាំ​២០២៥ »​។

លោក​ថា ៖« ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តំបន់​ទីប្រជុំជន​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស អត្រា​គ្របដណ្តប់​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​តាម​ប្រព័ន្ធ​បណ្តាញ​ក្នុង​តំបន់​ទីប្រជុំ​ជន បាន​កើនឡើង​ពី​៥២%​នៅ​ឆ្នាំ​២០០៨ ដល់​៦៨,៥%​នៅ​ឆ្នាំ​២០១២ និង​៨៦%​នៅ​ឆ្នាំ​២០១៧ ដែល​គិត​ជា​ចំនួន​គ្រួសារ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​កើន​ដល់​២,៣​លាន​គ្រួសារ » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Marketing Consulting មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា តំបន់​មួយ​ចំនួន​នៅ​ជាយក្រុង​មិន​ទាន់​មានទឹក​ស្អាត​ប្រើ​ទេ ហើយ​វា​ជា​តំបន់​អាទិភាព​ដែល​ត្រូវ​បំពេញ​រយៈពេល​២-៣​ឆ្នាំទៅ​ទៀត ហើយ​វត្តមាន​ប្រតិបត្តិ​ករ​ទឹក​ស្អាត​ខ្នាត​តូច​វា​មាន​សារ​សំខាន់ ដើម្បី​បំពេញបន្ថែម​នូវ​ការ​ខ្វះខាត​នេះ ។

លោក​បន្ត​ថា ការ​លើកទឹកចិត្ត​របស់​ក្រសួង​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​នេះ វា​ជា​រឿង​ល្អ ព្រោះ​ការ​វិនិយោគ​ក្នុង​វិស័យ​ទឹក​ស្អាត​នេះ តាម​ដែល​ខ្ញុំ​ដឹង គឺ​ត្រូវការ​ពេលវេលា​យ៉ាងតិច ប្រហែល​៨​ឆ្នាំ ទើប​អាច​រួចខ្លួន​ពី​ការ​វិនិយោគ ប៉ុន្តែ​បើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រហូត​ដល់​២០​ឆ្នាំ វា​ជា​រឿង​ល្អ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ និយ័ត​ករ​គួរតែ​បន្ត​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន​ជាមួយ​ចំណុច​ស្តង់ដា និង​គុណភាព​ទឹក ។

គោលនយោបាយ​របស់​ក្រសួង​កំណត់​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទីប្រជុំជន​នឹង​មានទឹក​ស្អាត​ប្រើប្រាស់​១០០%​នេះ តាម លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​មើល​ថា គួរតែ​អាច​ទៅ​រួច ។ ខ្ញុំ​គិត​ថា ការ​វិនិយោគ​ក្នុង​វិស័យ​ទឹក​ស្អាត​នេះ ជា​រឿង​មាន​ភាព​ទាក់ទាញ​ខ្លាំង បើ​ទោះបី​ការ​វិនិយោគ​នេះ​ត្រូវការ​ពេល​៧​ឬ​៨​ឆ្នាំ ដើម្បី​រួចខ្លួន តែ​វា​ជា​អាជីវកម្ម​មួយ​មាន​ស្ថិរភាព​ខ្ពស់ ជាង​មុខរបរ​ផ្សេង​ៗ » ។

លោក​បន្ត​ថា ៖«​សម្រាប់​ខ្ញុំ​មាន​ជំនឿ​ចិត្តច្រើន​ទៅ​លើ​គោលនយោបាយ​នេះ វា​អាច​នឹង​សម្រេច​បាន​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់ ព្រោះ​មិនឃើញ​មាន​ចំណុច​ឧបសគ្គ​អ្វី​ជា​ធំដុំ ហើយ​កន្លង​មក វិស័យ​នេះ​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ » ។
តាម​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ លើក​ឡើង​ថា នៅ​មុន​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ឯកជន​វិនិយោគ​លើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត មាន​តែ​៧៦​ទីប្រជុំជន​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បាន​​កើន​ដល់​២២២​ទីប្រជុំជន ហើយ​កំណើន​នេះ ដោយសារ​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អនុវត្ត​គម្រោង​ក្រោម​ជំនួយ​ឥណទាន​, ជំនួយ​កម្ចី​ហិរញ្ញ​ប្បទាន​របស់​អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​នានា តាម​រយៈ​អង្គការ JICA, អង្គការ UN-HABITAT, កម្មវិធី​ទឹក​ស្អាត និង​អនាម័យ​នៃ​ធនាគារពិភពលោក​(WSP), អង្គការ​សុខភាព​ពិភព​លោក (WHO), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​(AFD) លើ​ការងារ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​និង​បណ្ដាញ​ចែកចាយ និង​ការ​ពង្រីក​សមត្ថភាព​ផលិត​ទឹក​ស្អាត ព្រមទាំង​ការ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី​តាម​បណ្តា​អង្គភាព​រដ្ឋាករទឹក​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ