ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​​ជិះ​កង់​2​រូប​មាន​ឆន្ទៈ​ខ្ពស់ ទោះបី​មាន​ប្តី ​និង​កូន​ម្នាក់​មួយ​កន្ទេល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ចាប់​អារម្មណ៍​មាន​តែ​កីឡាការិនី​ជិះ​កង់​២​នាក់​បងប្អូន​ប៉ុណ្ណោះ​ គឺ​ហេង ស៊ី​វ​ឡាវ និង​ហេង ស៊ី​វ​ហ្គិ​ច ដែល​ត្រូវ​គេ​ឃើញ​បន្ត​ប្រឡូក​ក្នុង​អាជីព​របស់​ខ្លួន​ទោះបី​វ័យ​អ្នក​ទាំង​២​រាង​ជ្រេ និង​មាន​ទាំង​កូន​ម្នាក់​ៗ​៣-៤…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ចាប់​អារម្មណ៍​មាន​តែ​កីឡាការិនី​ជិះ​កង់​២​នាក់​បងប្អូន​ប៉ុណ្ណោះ​ គឺ​ហេង ស៊ី​វ​ឡាវ និង​ហេង ស៊ី​វ​ហ្គិ​ច ដែល​ត្រូវ​គេ​ឃើញ​បន្ត​ប្រឡូក​ក្នុង​អាជីព​របស់​ខ្លួន​ទោះបី​វ័យ​អ្នក​ទាំង​២​រាង​ជ្រេ និង​មាន​ទាំង​កូន​ម្នាក់​ៗ​៣-៤ ស្ទើរ​មួយ​កន្ទេល ព្រមទាំង​មាន​ស្វាមី​ជា​កីឡាករ​នៅ​ក្នុង​អាជីព​ជាមួយ​ខ្លួន​ក្ដី ។ មក​ទល់​ពេល​នេះ អ្នកស្រី និង​ស្វាមី​នៅ​តែ​អះអាង​ថា មិន​បោះបង់​អាជីព​កីឡា​មួយ​នេះ​ជា​ដាច់ខាត​ទោះបី​ប្រកួត​លែង​កើត​ក៏​ទទួល​ធ្វើ​ជា​មន្ត្រី​ប្រចាំ​សហព័ន្ធ​ដើម្បី​ជា​ប្រយោជន៍​ដល់​កីឡា​នេះ​ដែរ ។

អ្នកស្រី ហេង ស៊ី​ឡាវ បាន​អះអាង​ថា មក​ទល់​ពេល​នេះ​អ្នកស្រី​មាន​វ័យ​៣៧​ឆ្នាំ​ហើយ តែ​អ្នកស្រី​នៅ​តែ​ប្រឹងប្រែង​ជិះ​កង់ ហើយ​បាន​បន្ត​អាជីព​ជា​អ្នក​ជិះ​កង់​ប្រចាំ​នៅ​ក្នុង​សហព័ន្ធ​ដោយ​បាន​ទាំង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ហូរហែ​ទៀត​​ផង ។ អ្នកស្រី​ហៅ​ខ្លួនឯង​ថា ជា​ត្រកូល​កីឡា​តែ​ម្ដង​ដោយសារ​តែ​អ្នកស្រី​ និង​បង​ស្រី​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ជិះ​កង់ ហើយ​ស្វាមី​អ្នកស្រី និង​បងស្រី​ដែល​ជា​អតីត​អ្នក​ប្រណាំង​ម៉ូតូ​ហោះ ក៏​ជា​មន្ត្រី​ប្រចាំ​សហព័ន្ធ​កីឡា​ជិះ​កង់​កម្ពុជា ផង​ដែរ ។ អ្នកស្រី​ថា​តាំងពី​ធំ​ដឹងក្ដី អ្នកស្រី​មាន​ចំណូលចិត្ត​ចង់​លេង​កីឡា​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ហ្វឹក​ហាត់​នៅ​ក្នុង​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ រហូត​បាន​ក្លាយជា​ជម្រើសជាតិ​ផ្នែក​កីឡា​វាយ​កូនឃ្លីលើតុ​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​បាន​ទាំង​តំណាង​ប្រទេស​កម្ពុជា ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ជា​ហូរហែ ។ ប៉ុន្តែ​ដោយសារ​តែ​មិន​ទទួល​បាន​ផ្លែផ្កា​ពី​កីឡា​មួយ​នេះ ទើប​អ្នកស្រី​សម្រេចចិត្ត​ដើរ​ចេញពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​ក្នុង​ឆ្នាំ​២០១៣ ហើយ​ងាក​មក​លេង​កីឡា​ជិះ​កង់​ជា​ជំនួស​វិញ​រហូត​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន ។

អ្នក​ស្រី​​បន្ត​ថា ពី​ដំបូង​អ្នកស្រី​គ្រាន់តែ​ជា​អ្នកមាន​ទម្លាប់​ជិះ​កង់​លេង​ៗ​ជាមួយ​មិត្តភក្តិ​ស្រី​ៗ​ជា​អ្នក​ជិះ​កង់​ដើម្បី​សុខភាព​ប៉ុណ្ណោះ តែ​ដោយ​ថ្ងៃមួយ​ក្រសួង​អប់រំ​បាន​បើក​វេទិកា​ប្រណាំង​កង់​ស្រី​ៗ ទើប​អ្នកស្រី​ចុះ​ឈ្មោះ​ប្រណាំង​លេង​ៗ​ហើយ​ក៏​ទទួល​បាន​ចំណាត់​លេខ​១ រហូត​ត្រូវ​ក្រសួង​អប់រំ​ស្នើ​ឱ្យ​ចូល​ជា​ជម្រើសជាតិ​ផ្នែក​ជិះ​កង់​ក្នុង​ឆ្នាំ​២០១៤ ។ អ្នក​ស្រី​ក៏​បាន​ជ្រោមជ្រែង​ឱ្យ​បងស្រី​របស់​ខ្លួន គឺ​អ្នកស្រី​ហេង ស៊ីវ​ហ្គិ​ច ដែល​ក្នុង​ពេល​នេះ​មាន​វ័យ​ជិត​៤០​ឆ្នាំ​ឱ្យធ្វើ​ជា​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ​ខ្មែរ​ទោចក្រយាន ឬ​សហព័ន្ធ​ជិះ​កង់​ជាមួយ​ខ្លួន​ដែរ ដោយសារ​តែ​ក្នុង​សហព័ន្ធ​នេះ​គឺ​មាន​តែ​អត្ត​ព​លិ​ក​ជម្រើសជាតិ​៧​រូប​គត់ ក្នុង​នោះ​កីឡាការិនី​គឺ​មាន​តែ​អ្នកស្រី និង​បងស្រី​ប៉ុណ្ណោះ​ដោយសារ​តែ​ស្រី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិនសូវ​ចាប់អារម្មណ៍​ចង់​ក្លាយជា​អ្នក​ជិះ​កង់ ឬ​មាន​ដែរ​តែ​មិនសូវ​មាន​សមត្ថភាព​តាម​អ្វី​ដែល​ខាង​សហព័ន្ធ​ចង់បាន ។

អ្នកស្រី​ថា​ខ្លួន និង​បងស្រី​បាន​ស្គាល់​ស្វាមី​រៀងខ្លួន​ដែល​ពួក​លោក​សុទ្ធតែ​ជា​កីឡាករ​ប្រណាំង​ម៉ូតូ​ហោះ​ទាំង​២ ដោយ​អ្នកស្រី និង​បងស្រី​បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​ដោយ​ម្នាក់​ៗ​មានកូន​៣-៤​ហើយ​នៅ​ក្នុង​បន្ទុក ។ ជាក់ស្ដែង បើ​ទោះជា​អ្នកស្រី មានកូន​៤​នាក់​ទៅ​ហើយ តែ​អ្នកស្រី​នៅ​តែ​បន្ត​អាជីព​ជិះ​កង់​ជា​ប្រចាំ ដោយ​ស្វាមី​របស់​អ្នកស្រី​ក៏​បាន​ប្ដូរ​ពី​កីឡាករ​ប្រណាំង​ម៉ូតូ​ហោះ មក​បម្រើ​ការ​នៅ​ក្នុង​សហព័ន្ធ​ជិះ​កង់​ក្នុង​នាម​ជា​អគ្គ​លេខា និង​ក្នុង​នាម​ជា​មន្ត្រី​ផ្នែក​ជួយ​ចាត់ចែង​ដោយ​មិន​បាន​បោះបង់​នោះ​ទេ ។ អ្នកស្រី​ថា ខ្លួន និង​បងស្រី ព្រមទាំង​ស្វាមី​មិន​ត្រឹមតែ​បន្ត​ប្រឡូក​ក្នុង​អាជីព​កីឡា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បើក​អាជីវកម្ម​ឈ្មោះ​កង់​ហោះ ស្ថិត​នៅ​ម្ដុំ​ខាងក្រោយ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដោយ​ហាង​កង់​របស់​គ្រួសារ​អ្នក​ស្រី ក៏​បាន​ឧបត្ថម្ភ​កម្មវិធី​ប្រណាំង​កង់​ជា​ហូរ​ហែ ដើម្បី​ជំរុញ​ឱ្យ​អាជីព​​មួយ​នេះ​មានការ​ឈាន​ឡើង ។

អ្នកស្រី​បន្ត​ថា មក​ទល់​ពេល​នេះ​សហព័ន្ធ​ប្រណាំង​​កង់​ចង់បាន​កីឡាករ និង​កីឡាការិនី​បន្ថែម​ទៀត​យ៉ាង​ខ្លាំង ដោយសារ​តែ​ក្នុង​សហព័ន្ធ​ទាំងមូល​មាន​កីឡាករ​កីឡាការិនី​តែ​៧​រូប​គត់ ដោយ​ស្រី​ៗ​ក៏​មាន​តែ​អ្នកស្រី​២​នាក់​បងប្អូន ហើយ​ម្នាក់​ៗ​ក៏​មាន​វ័យ​ជ្រេ​ទៅ​ទៀត ប៉ុន្តែ​មក​ពី​អត់​មាន​អ្នកមាន​សមត្ថភាព ឬ​ខ្វះ​ការ​ចាប់អារម្មណ៍​ទើប​សហព័ន្ធ​នេះ​នៅ​តែ​ខ្វះ​ធនធាន​។ អ្នកស្រី​ថា ទោះជា​អ្នកស្រី​មានកូន និង​មាន​ស្វាមី ហើយ​គ្រួសារ​ទាំងមូល​ក៏​មានមុខ​របរ​ប្រចាំ​ខ្លួន តែ​អ្នកស្រី​មិន​ដែល​ប្រហែស​ខ្លួន​នោះ​ទេ គឺ​តែង​ចំណាយពេល​ហ្វឹក​ហាត់​ជិះ​កង់​រាល់​ព្រឹក ដោយ​ក្នុង​ពេល​ព្រឹក​ត្រូវ​ហាត់​ជិះ​កង់​លើ​ផ្លូវ​២ៗ​ម៉ោង ហើយ​នៅ​ពេល​ល្ងាច​គឺ​ហាត់​លើ​ម៉ាស៊ីន ដើម្បី​កុំឱ្យ​ឆាប់​ហត់ ។ អ្នកស្រី​ថា អាជីព​ជិះ​កង់​មិន​អាច​ទាល់តែ​ជិត​ដល់​ថ្ងៃ​ប្រកួត​ទើប​ខំ​ហ្វឹកហាត់​បាន​ទេ ដោយសារ​តែ​កីឡា​មួយ​នេះ​ត្រូវការ​បង្វឹក​កម្លាំង និង​ដង្ហើម​កុំឱ្យ​ឆាប់​ហត់​។ ប៉ុន្តែ​បើ​អ្នកស្រី​ត្រូវ​ដល់កំណត់​ធ្វើការ​ប្រកួត​គឺ​អ្នកស្រី​នឹង​ហាត់​បន្ថែម​ម៉ោង​ដោយ​អាច​ហាត់​ជិះ​កង់​ចុះឡើង​២​ទៅ​៣​ដង​ឯណោះ​ដើម្បី​ឱ្យ​កាន់តែ​មាន​ល្បឿន​លឿន និង​កុំឱ្យ​ហត់​ដង្ហក់​។

អ្នកស្រី ហេង ស៊ីវ​ឡេ​ង បាន​អះអាង​ថា នៅ​ក្នុង​សហព័ន្ធ​ជិះ​កង់​អ្នកស្រី​មិន​ទាន់​មាន​ស្នាដៃ​ជា​ដុំ​កំភួន​ទេ​សម្រាប់​ការងារ​ក្រៅប្រទេស ប៉ុន្តែ​អ្នកស្រី​ក៏​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​ប្រណាំង​កង់​នារី​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ព្រឹត្តិការណ៍​ប្រកួត​មិត្ត​ភាព​មួយ​ដែល​ធ្វើ​ឱ្យ​កីឡាការិនី​មក​ពី​ប្រទេស​ផ្សេង​ៗ​ទទួលស្គាល់​ស្នាដៃ​របស់​អ្នកស្រី​ផង​ដែរ ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ផ្សេង​ដូច​ជា​ថៃ មី​យ៉ា​ន់​ម៉ា និង​សិង្ហ​បុរី​ជាដើម ដ្បិតថា​មិន​ដែល​ទទួល​បាន​មេដាយ តែ​អ្នកស្រី​ក៏​ធ្វើ​ឱ្យ​ពិភពលោក​ទទួល​ស្គាល់​ពី​កម្រិត​រីក​ចម្រើន​របស់​កីឡា​ប្រណាំង​កង់​នៅ​កម្ពុជា​ដែរ ។ អ្នកស្រី​ថា អាជីព​​កីឡា​ប្រណាំង​កង់​គឺ​មិន​ប្រកាន់​អាយុ​នោះ​ទេ សំខាន់​ឱ្យ​តែ​នៅ​កម្លាំង និង​មានការ​ហ្វឹកហាត់​ទៀងទាត់ ។ ជាក់ស្ដែង​នៅ​លើ​ពិភពលោក​ក៏​នៅ​តែ​មាន​កីឡាករ​វ័យ​ជាង​៤០​ឆ្នាំ​ចូល​ប្រកួត​កម្រិត​អន្តរជាតិ​នៅឡើយ​ទើប​អ្នកស្រី​នៅ​តែ​បន្ត​អាជីព​មួយ​នេះ បើ​ទោះជា​មាន​ស្វាមី និង​មានកូន​ឡើង​មួយ​កន្ទេល​ទៅ​ហើយ​ក្ដី ។

អ្នកស្រី​ថា សហព័ន្ធ​ជិះ​កង់​កម្ពុជា​មិន​អត់​សកម្មភាព​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​មជ្ឈ​ដ្ឋាន​មួយ​ចំនួន​មិនសូវ​ចាប់​អារម្មណ៍​ទើប​មិនដឹង​ថា​កីឡាករ​ជម្រើសជាតិ​នៅ​ក្នុង​វិស័យ​នេះ​បាន​ធ្វើ​អ្វីខ្លះ ។ ក្នុង​មួយ​ឆ្នាំ​អ្នកស្រី​ថា សហព័ន្ធ​ជិះ​កង់​បាន​រៀបចំ​ការ​ប្រកួត​ទាំង​ផ្នែក​បុរស និង​ផ្នែក​នារី​មិន​ក្រោម​ជាង​១០​លើក​នោះ​ទេ ដោយ​ក្នុង​វេទិកា​បុណ្យ​សមុទ្រ​ម្ដង​ៗ
ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ជម្រើស​ជើងឯក​ពី​ការ​ប្រកួត​កីឡា​ជិះ​កង់​មហាជន​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​មក​ពី​ក្នុង​ពេល​ខ្លះ​កីឡាករ​ដែល​បាន​ជាប់​នៅ​ខ្វះ​សមត្ថភាព​នៅឡើយ ហើយ​ក្រោយ​ការ​ជ្រើសរើស​ឱ្យធ្វើ​ជា​ជម្រើសជាតិ កីឡាករ​ទាំងនោះ​មិន​ចង់​ប្រឡូក​ទើប​ក្នុង​សហព័ន្ធ​នៅ​តែ​មាន​កីឡាករ​ជម្រើសជាតិ​តែ​៧​នាក់ ហើយ​មិន​ទាន់​មានការ​កើន​ឡើង ។ អ្នកស្រី​ថា នៅ​ខែធ្នូ​ខាង​មុខ​សហព័ន្ធ​នឹង​មានការ​រៀបចំ​ការ​ប្រកួត​ចំនួន​៣​លើក​ទៀត​ដោយនៅ​ថ្ងៃ​ទី​២ ខែធ្នូ នឹង​បើក​ការ​ប្រកួត​ជិះ​កង់​អន្តរជាតិ​ដែល​មាន​បរទេស​ចូលរួម​នៅ​ខេត្តសៀមរាប​នៅ​មុខ​អង្គរ ថ្ងៃ​ទី​៧ ខែធ្នូ នឹង​មានការ​ប្រកួត​ជិះ​កង់​ដូច​គ្នា​នៅ​គិរី​រម្យ និង​ថ្ងៃ​ទី​១៧ ក្នុង​ខែ​ដដែល នឹង​មានការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប​ដោយ​រំពឹង​ថា កីឡាករ​-​កីឡាការិនី​នៅ​តាម​បណ្ដា​ក្លិប​នានា​ដែល​ចូលរួម​ប្រកួត នឹង​អាច​ក្លាយ​ខ្លួន​ជា​កីឡាករ​ជម្រើសជាតិ​បន្តវេន​ឱ្យ​អ្នកស្រី​។ អ្នកស្រី​បន្ត​ថា បើ​ទោះជា​ខ្លួន និង​បងស្រី​មាន​វ័យ​ជ្រេ​យ៉ាងនេះ​ក្ដី តែ​អ្នកស្រី និង​គ្រួសារ​មិន​បោះបង់​ចោល​កីឡា​ជិះ​កង់​នោះ​ទេ គឺ​បើ​ខាង​សហព័ន្ធ​នៅ​បន្ត​យក​ជា​កីឡាការិនី​ជម្រើសជាតិ គឺ​នឹង​បន្ត ហើយ​បើ​ខាង​សហព័ន្ធ​ឈប់​យក ក៏​នឹង​ហ្វឹកហាត់​ជិះ​កង់​ជា​ធម្មតា​តាម​ទម្លាប់​មិន​បោះបង់​ទេ ដោយសារ​តែ​អ្នកស្រី​យល់​ថា​ជិះ​កង់​រាល់ថ្ងៃ​ក៏​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ដែរ ។

មិន​ខុស​គ្នា​ដែរ អ្នកស្រី ហេង ស៊ីវ​ហ្គិ​ច បាន​អះអាង​ថា អ្នកស្រី​មានចិត្ត​ស្រឡាញ់​កីឡា​​ជិះ​កង់​ខ្លាំង​ណាស់​ចាប់តាំងពី​បាន​ប្អូនស្រី​ជំរុញ​ឱ្យ​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ ។ ដ្បិត
ថា​មានកូន មាន​ប្ដី និង​មានការ​ងារ​មុខ​ជំនួញ​មិនសូវ​ទំនេរ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ប្រើ​ពេល​ហ្វឹកហាត់​ជិះ​កង់​ជាមួយ​ប្អូនស្រី​មិន​ដែល​ខាន ដោយ​អ្នកស្រី​បាន​ទាំង​ចាត់​ទុក​ថា​វ័យ​របស់​ខ្លួន​កាន់តែ​ជ្រេ​គឺ​កាន់តែ​យកចិត្តទុកដាក់​ចំពោះ​កីឡា​នោះ​ផង ។ អ្នកស្រី​ថា ស្វាមី​របស់​អ្នកស្រី​មាន​តែ​ជំរុញ​ឱ្យ​អ្នកស្រី​ប្រឹងប្រែង​ជាមួយ​កីឡា ដោយសារ​តែ​លោក​ក៏​ជា​កីឡាករ​ប្រណាំង​ម៉ូតូ​កាលពីមុន និង​បាន​បម្រើ​នៅ​ក្នុង​សហព័ន្ធ​ជិះ​កង់​ផង​ដែរ ។ ម្យ៉ាង​មក​ពី​គ្រួសារ​អ្នកស្រី​ទាំងមូល​សុទ្ធតែ​ស្រឡាញ់​ចូល​ចិត្តនឹង​កីឡា​នេះ​ផង ទើប​មាន​តែ​អ្នក​ជំរុញ​ទឹកចិត្ត​ឱ្យ​អ្នកស្រី​ប្រឹង​ជាមួយ​អាជីព​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ