ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បច្ចេកទេស​មួយ​មិន​អនុញ្ញាត​ឱ្យ​សិស្ស​ប្រើ​ស្មា​ត​ហ្វូ​ន​ក្នុង​សាលា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​តែ​ជួប​បញ្ហា​ច្រើន ជា​ពិសេស​គឺ​ប៉ះពាល់​ដល់​យុវវ័យ ដែល​ជា​ពេល​កំពុង​តែ​ក្រេប​យកចំណេះ​ដឹង ។ ពិត​ណាស់ ឧបករណ៍​ទាំងនោះ​វា​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​សិស្ស​ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​ចំណេះដឹង​ថ្មី​ៗ​តាម​រយៈ​ទូរស័ព្ទ ប៉ុន្តែ​វា​ក៏​ជា​គុណវិបត្តិ​មួយ​យ៉ាង​ធំ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​តែ​ជួប​បញ្ហា​ច្រើន ជា​ពិសេស​គឺ​ប៉ះពាល់​ដល់​យុវវ័យ ដែល​ជា​ពេល​កំពុង​តែ​ក្រេប​យកចំណេះ​ដឹង ។

ពិត​ណាស់ ឧបករណ៍​ទាំងនោះ​វា​ផ្ដល់​ប្រយោជន៍​ច្រើន​សម្រាប់​សិស្ស​ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​ចំណេះដឹង​ថ្មី​ៗ​តាម​រយៈ​ទូរស័ព្ទ ប៉ុន្តែ​វា​ក៏​ជា​គុណវិបត្តិ​មួយ​យ៉ាង​ធំ​ផង​ដែរ បើ​សិនជា​អ្នក​ប្រើប្រាស់​មិន​បាន​គិត​ពី​ប្រយោជន៍​ទាំងនោះ​។ ទាក់ទង​នឹង​បញ្ហា​នេះ ក៏​មាន​សាលា​បច្ចេកទេស​មួយ​កន្លែង ដែល​ផ្ដោត​សំខាន់​លើ​សិស្ស​ក្រីក្រ គឺ​មិន​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើ​ទូរស័ព្ទ​នៅ​ក្នុង​សាលា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​ឡើយ ។

លោក ពៅ តុលា នាយក​សាលា​បច្ចេកទេស ដុន​បូ​ស្កូ​ខេត្ត​កែប បាន​ប្រាប់​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ថា សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ទាំងអស់ ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មិន​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ណា​ម្នាក់​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​សាលា ឬ​ម៉ោង​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ ។

លោកនាយក​សាលា​បាន​ថ្លែង​ថា ៖«​មូលហេតុ​ដែល​សាលា​ដាក់​វិន័យ​បែប​នេះ ដោយ​សារ​សាលា​នេះ​ផ្ដល់​អាទិភាព​ដល់​យុវជន​ក្រីក្រ ដែល​គ្មាន​សមត្ថភាព​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ផ្សេង​ៗ ។ បើសិនជា​សិស្ស​ណា​ម្នាក់​ប្រើ​ទូរស័ព្ទ​ក្នុង​ម៉ោង​សិក្សា​នោះ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​គាត់ រំខាន​អ្នក​ជុំវិញ​ខ្លួន​គាត់ ព្រោះ​សិស្ស​ភាគ​ច្រើន​គាត់​មិន​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​សម្រាប់​ស្រាវជ្រាវ​ទេ គឺ​ពួក​គាត់​ប្រើ​បែប​កម្សាន្ត​អារម្មណ៍ និង​ធ្វើ​ឲ្យ​ភ្លេច​ផ្តោត​ទៅ​លើ​ការ​សិក្សា » ។

លោក​បាន​បន្ត​ថា សម័យនេះ​ជា​សម័យ​បច្ចេកវិទ្យា ជា​សម័យ​ជឿនលឿន មិន​ថា​វ័យ​ណា​ទេ គឺ​គាត់​ចេះ​ប្រើ​ទូរស័ព្ទ​ទាំងអស់​គ្នា ។ នេះ​ជា​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​របស់​អាណា​ព្យាបាល​គ្រប់​រូប ព្រោះ​គ្រួសារ​ខ្លះ​គាត់​គ្មាន​សមត្ថភាព​ទេ ប៉ុន្តែ​ពេល​ដែល​អ្នក​ជុំវិញ​មាន​របស់​ប្រើប្រាស់​ទំនើប វា​ធ្វើ​ឲ្យ​អ្នក​គ្មាន​សមត្ថភាព​ទិញ​ប្រើ​នោះ​ចាប់ផ្ដើម​មានគំនិត​ផ្សេង​ៗ​គ្នា​ក្នុង​ការ​សម្រេច​បំណង​របស់​ពួក​គេ ។

លោក សោម ផានិត គ្រូ​វិន័យ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​កែប បាន​លើក​ឡើង​ថា ចំពោះ​វិន័យ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​សាលា គឺ​ពួក​គាត់​អនុវត្ត​បាន​១០០% ប៉ុន្តែ​វិន័យ​នោះ​ក៏​មាន​ករណី​លើកលែង​ដែរ បើសិនជា​ពួក​គាត់​ប្រើ​ក្នុង​លក្ខខណ្ឌ​ណាមួយ​ដែល​គ្រូ​បាន​អនុញ្ញាត ។

លោក​បន្ដ​ថា ៖« ចំពោះ​សិស្ស​ដែល​គាត់​ស្នាក់​ក្នុង​សាលា គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទូរស័ព្ទ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ និង​សម្រាប់​សិស្ស​ស្នាក់​នៅ​ក្រៅ គឺ​ក្រៅពី​ម៉ោង​សិក្សា គាត់​អាច​យក​ចូល​មក​បាន តែ​មិន​ឲ្យ​ប្រើប្រាស់​តាម​អំពើ​ចិត្ត​ទេ ។ មិន​ត្រឹមតែ​ទូរស័ព្ទ​ទេ​ដែល​ហាមឃាត់​នោះ សូ​ម្បី​តែ​គ្រឿងអលង្ការ ក៏​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ពាក់​ដែរ ហើយ​បើ​សិន​ជា​ក្នុង​ករណី​ណាមួយ​ដែល​សិស្ស​លួច​ប្រើ ឬ​យក​ចូល​សាលា​ក្នុង​ម៉ោង​សិក្សា គឺ​លោក​គ្រូ អ្នកគ្រូ​មាន​សិ​ទិ្ធ​ដក​សម្ភារ​ទាំងនោះ​រហូត​ដល់​ចប់​ឆ្នាំ ដោយ​មិន​ធានា​ការ​ខូចខាត ឬ​បាត់បង់​អ្វី​ទាំងអស់ » ។

លោកគ្រូ​វិន័យ​ប្រចាំ​សាលា​បច្ចេកទេស ដុន​បូ​ស្កូ​រូប​នេះ​បាន​បញ្ជាក់​ថា សម្រាប់​សាលា​ដុន​បូ​ស្កូ​ផ្សេង​ៗ គឺ​គាត់​មិន​អាច​ថា ត្រូវ​តែ​គោរព​វិន័យ​ទាំងនេះ​ទេ ព្រោះ​សាលា​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ក្នុង​សាលា​បាន ប៉ុន្តែ​មិន​លាតត្រដាង​ពេក​ទេ ។

លោក បេន វិ​ថៃ អតីត​សិស្ស​ដុន​បូ​ស្កូ​ភ្នំពេញ ផ្នែក​កុំព្យូទ័រ បាន​ប្រាប់​ថា វិន័យ​សាលា​ចេះ​តែ​ដាក់​ហើយ ប៉ុន្តែ​ការ​អនុវត្ត​របស់​សិស្ស​មិន​ប្រាកដ​ថា បាន​១០០%​ទេ ។ អ្នកខ្លះ ដោយ​សារ​តែ​វ័យ​នេះ គាត់​ត្រូវការ​សប្បាយ និង​កម្សាន្ត​អារម្មណ៍​ផ្សេង​ៗ អីចឹង ទោះជា​មាន​បទ​បញ្ជាផ្ទៃក្នុង​ហាមឃាត់​យ៉ាងណា ក៏​នៅ​តែ​មាន​សិស្ស​ខ្លះ​លួច​ប្រើប្រាស់​ដែរ ។

គួរ​រំឭក​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ជិត​៧​លាន​នាក់ កើនឡើង​១,៣​លាន​នាក់​កាលពី​ឆ្នាំ​មុន និង​គណនី​ទូរស័ព្ទ​ចល័ត​ចំនួន​២០​លាន​គណនី ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​តែ​១៥,៧៦​លាន​នាក់​ប៉ុណ្ណោះ ។

ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៦ ដែល​បាន​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន The Open Institute បាន​ឲ្យ​ដឹង​ថា ជាង​៣៧%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​អាយុ​ពី​១៥ ទៅ​៦៥​ឆ្នាំ អះអាង​ថា បាន​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត និង​៩៦%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា អះអា​ង​ថា ពួក​គេ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន ហើយ​ជាង​៩៩%​នៃ​អ្នកចូលរួម​ក្នុង​ការ​ស្ទង់​មតិ​នេះ​បាន​និយាយ​ថា ពួក​គេ​មាន​ទូរស័ព្ទ​ចល័ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ