ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បន្ទាប់ពីប្រើអំពើហិង្សាលើប្រពន្ធកូន បណ្តាលឲ្យមានរបួស ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានឃាត់ខ្លួន កាលពីវេលាម៉ោង១ និង២៩នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។បុរសដែលប្រើអំពើហិង្សានោះឈ្មោះ សោម ពុធ អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ កុយ សុខន អាយុ៤៧ឆ្នាំ និងកូនឈ្មោះ លឹម ស្រីទុំ ភេទស្រី អាយុ២៣ឆ្នាំ បណ្ដាលឲ្យរងរបួសដៃ ពួកគេទាំង៣រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រពន្ធ និងកូនបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់បានផឹកស្រាអស់ជាច្រើនលីត្រ ពេលនោះគាត់ជាប្រពន្ធបាននិយាយទៅកាន់ប្តីថា យប់ជ្រៅហើយល្មមដល់ពេលដេកពួនអីហើយ បើប្រឹងជួយរកស៊ីដូចប្រឹងផឹកស្រាវិញ មិនដឹងជាល្អយ៉ាងណានោះទេ។ ចំណែកកូនស្រីក៏បន្ទរថា មែនបើពុកពូកែរកស៊ីដូចពូកែផឹកស្រាចឹងសមគ្រួសារយើងធូរធាដូចគ្រួសារដទៃមិនខានឡើយ តែនេះពុកគិតតែផឹកៗតាំងពីព្រឹករហូតដល់យប់ជ្រៅ មិនទាន់ឈប់ទៀត។ គ្រាន់តែប្រពន្ធ និងកូននិយាយហើយធ្វើឲ្យបុរសចិត្តក្តៅ ស្ទុះទៅវាយប្រពន្ធ និងកូនយ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសដៃទាំង២នាក់ ម៉ែកូនតែម្តង។
បុរសចិត្តក្តៅឆ្លើយសារភាពថា មូលហេតុបណ្តាលឲ្យប្រើអំពើហិង្សាបែបនេះ ដោយសារខឹងនឹងពួកគេនិយាយមើលងាយរូបខ្លួនជាប្តីនិងឪពុក។ បុរសរូបនេះបានទទួលស្គាល់កំហុស និងសារភាពថា ខ្លួនពិតជាបានវាយទៅលើប្រពន្ធ និងកូនពិតប្រាកដមែន។ បើតាមសមត្ថកិច្ចស្រុកសំរោងទងបង្ហើបប្រាប់ គឺបុរសរូបនេះត្រូវបានសមត្ថកិច្ចធ្វើការអប់រំជាច្រើនដងហើយពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើប្រពន្ធកូនបែបនេះ។ ក្រោយពីកសាងសំណុំរឿងរួចរាល់សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំការកាត់ក្តីតាមនីតិវិធី៕
ចែករំលែកព័តមាននេះ