រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២១ វិច្ឆិកានេះ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់) ៤ដង។ ជនសង្ស័យម្នាក់ឈ្មោះ ទូច ភិធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះលេខ៨ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ វី ណៃរក្សា ហៅ ណៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១១ ផ្លូវ២០៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សិស្ស២នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាំងពីវេលាល្ងាចថ្ងៃទី១៧ វិច្ឆិកា ២០១៧ នៅចំណុចមុខក្រុមហ៊ុមហុងដា ផ្លូវ៣៥៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន៥ លើក ៖ លើកទី១.កាលពីថ្ងៃទី១១ តុលា ២០១៧ វេលាម៉ោងប្រហែល ០៦និង៣០នាទីល្ងាច ឆក់កាបូបស្ពាយ ពណ៌ត្នោត នៅចំណុចខាងកើតអង់តែនទូរទស្សន៍ទួលគោកចម្ងាយ២០០ម៉ែត្រ ផ្លូវ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ អឿន សុវណ្ណបញ្ញា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវ២១៨ ក្រុម១០ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារបាត់បង់មាន កាបូបស្ពាយពណ៌ត្នោត១ អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ១សន្លឹក ទូរសព្ទ័ដៃម៉ាកអាយហ្វូនស៊ិចផ្លឹសពណ៌មាស១គ្រឿង ស៊ីមកាត ATM ធនាគារមេប៊ែង១ ប្រាក់ដុល្លារ១៥ដុល្លារអាមេរិក ។ លើកទី២.នៅថ្ងៃទី១៥ តុលា ២០១៧ វេលាម៉ោងប្រហែល ៧និង៣០នាទីយប់ ពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្ត្រីម្នាក់ នៅចំណុចខាងមុខសណ្ឋាគារភ្នំពេញ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
លើកទី៣.នៅថ្ងៃទី២៦ តុលា ២០១៧ វេលាម៉ោងប្រហែល១និង៣០រសៀលនាទី ពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីស្ត្រីម្នាក់នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លើកទី៤.នៅថ្ងៃទី០៦ វិច្ឆិកា ២០១៧ វេលាម៉ោងប្រហែល០៨និង៣០នាទីព្រឹក ពួកគេបានធ្វើសកម្មភាពឆក់កាបូបយួរដៃ ពីស្រី្តម្នាក់ នៅចំណុចមុខសាលាតិចណូ ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លើកទី៥.នៅថ្ងៃទី០៦ តុលា ២០១៧ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ពួកគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពណ៌ខ្មៅ ពីប្រុសម្នាក់ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួន១.ឈ្មោះ ទូច ភិធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២.ឈ្មោះ វី ណៃរក្សា ហៅណៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១១ ផ្លូវ២០៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GM-២២៧៤ មួយគ្រឿង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
ចែករំលែកព័តមាននេះ