ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​លោក​សុខចិត្ត​ចាកចេញ​ហើយ

6 ឆ្នាំ មុន

ប្រទេស​ហ្ស៊ី​ម​បា​វេ ៖ ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ លោក​រ៉ូ​ប៊ែ​ត មូ​ហ្គា​បេ ទីបំផុត​ព្រម​ចុះ​ញ៉ម​ចំពោះ​ការ​គាបសង្កត់​ឱ្យ​លោក​ដកខ្លួន​ថយ​ដោយ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​សុំ​លាលែង​ហើយ​បន្ទាប់​ពី​អន្តរាគមន៍​ជិត​មួ​យស​ប្តា​ហ៍​របស់​កងទ័ព​មក ។ ជា​ប្រមុខរដ្ឋ​នៅ​កាន់​អំណាច​វ័យចាស់​ជាងគេ​បំផុត​នៃ​ពិភពលោក…

ប្រទេស​ហ្ស៊ី​ម​បា​វេ ៖ ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ លោក​រ៉ូ​ប៊ែ​ត មូ​ហ្គា​បេ ទីបំផុត​ព្រម​ចុះ​ញ៉ម​ចំពោះ​ការ​គាបសង្កត់​ឱ្យ​លោក​ដកខ្លួន​ថយ​ដោយ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​សុំ​លាលែង​ហើយ​បន្ទាប់​ពី​អន្តរាគមន៍​ជិត​មួ​យស​ប្តា​ហ៍​របស់​កងទ័ព​មក ។

ជា​ប្រមុខរដ្ឋ​នៅ​កាន់​អំណាច​វ័យចាស់​ជាងគេ​បំផុត​នៃ​ពិភពលោក លោក​មូ​ហ្គា​បេ អាយុ​៩៣​ឆ្នាំ ស្ថិត​នៅ​ជាប់​ឃុំឃាំង​ក្នុង​និវេសនដ្ឋាន​ចាប់តាំងពី​មាន​អន្តរាគមន៍​យោធា​មក ហើយ​លោក​ពី​ដំបូង​បដិសេធ​ពុំ​ព្រម​ចាក​ចេញពី​អំណាច​ដែល​លោក​កាន់​ចាប់តាំងពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៨០​មក ។

ការ​សុំ​លាលែង​របស់​លោក​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធាន​សភា លោក JACOB MUDENDA នា​ឱកាស​សម័យប្រជុំ​រួម​របស់​ព្រឹទ្ធសភា និង​សភាជាតិ ដែល​ពិភាក្សា​លើ​ញត្តិ​ដកហូត​តំណែង​លោក​មូ​ហ្គា​បេ ។

ក្នុង​សារលិខិត​សុំ​លាលែង លោក​មូ​ហ្គា​បេ អះអាង​ថា ខ្ញុំ​ដាក់​ពាក្យសុំ​លាលែង​របស់ខ្ញុំ​ជា​ផ្លូវការ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ ។ លោក​បន្ត​ថា ការ​សម្រេចចិត្ត​សុំ​លាលែង​របស់ខ្ញុំ​គឺ​ដោយ​ស្ម័គ្រចិត្ត​ហើយ​មក​ពី​ការ​ព្រួយបារម្ភ​នានា​របស់ខ្ញុំ ចំពោះ​សុខុមាលភាព​របស់​ពលរដ្ឋ​ហ្ស៊ី​ម​បា​វេ និង​បំណងប្រាថ្នា​របស់ខ្ញុំ ធានា​ឱ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្សឹម​ៗ ដោយ​សន្តិវិធី ហើយ​គ្មាន​អំពើ​ហិង្សា​ដែល​ជួយ​ទ្រទ្រង់​ដល់​សន្តិសុខ​ជាតិ សន្តិភាព និង​ស្ថេ​រ​ភាព ។

លោក MUDENDA ប្រកាស​ភ្លាម​ៗ​បញ្ឈប់​ការ​ពិភាក្សា​ពី​ការ​ដកហូត​តំណែង​ប្រធានា​ធិបតី ហើយ​ប្រកាស​ពី​ការ​បង្កើត​ដំណើរការ​ខាង​ផ្លូវច្បាប់ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​រូប ដែល​ត្រូវ​ឡើង​កាន់​អំណាច​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​២២ វិច្ឆិកា ។

ការ​សុំ​លាលែង​នេះ​កើត​មាន​២​ថ្ងៃ ក្រោយ​គណបក្សកាន់អំណាច ZANU-PF ដកហូត​លោក​មូ​ហ្គា​បេ ចេញពី​ប្រមុខ​គណបក្ស​ហើយ​ឱ្យ​លោក​សុំ​លាលែង បើ​ពុំ​ដូច្នោះ​ទេ នឹង​រៀបចំ​នីតិ​វិធីដក​លោក​ចេញ ។

អតីត​អនុ​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វេ លោក EMMERSON MNANGAWA ដែល​ត្រូវ​ដក​តំណែង​កាលពីដើម​ខែវិច្ឆិកា បាន​បញ្ចុះបញ្ចូល​លោក​មូ​ហ្គា​បេ ឱ្យ​សុំ​លាលែង ហើយ​អះអាង​ថា លោក​នឹង​វិល​មក​ហ្ស៊ី​ម​បា​វេ​វិញ​ពេល​មានការ​ធានា​ដល់​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​លោក ។

ពេល​មានការ​ប្រកាស​ពី​ការ​ចាកចេញ​របស់​លោក​មូ​ហ្គា​បេ ពលរដ្ឋ​ហ្ស៊ី​ម​បា​វេ​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ពពាក់ពពូន​នៅ​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​ទីក្រុង​ហា​រ៉ា​រេ ដើម្បី​សម្តែង​ការ​អបអរសាទរ​រួច​បណ្តា​អ្នក​បើក​យានយន្ត​តាម​ផ្លូវ​នាំ​គ្នា​ចុច​ស៊ី​ផ្លេ​យ៉ាង​កងរំពង ។

មនុស្ស​មួយ​ចំនួន​បាន​លើក​រូបរបស់​ប្រមុខ​យោធា​ឧត្តមសេនីយ៍ CONSTANTINO CHIWENGA និង​រូប​អតីត​អនុ​ប្រធានាធិបតី លោក EMMERSON MNANGAGAWA ដែល​ការ​ដកហូត​តំណែង​លោក​កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា នាំ​ឱ្យ​មាន​អន្តរាគមន៍​របស់​កង​ទ័ព។ អនុ​ប្រធានាធិបតី​រូប​នេះ គេ​យល់​ថា នឹង​ជា​អ្នក​ឡើង​ជំនួស​លោក​មូ​ហ្គា​បេ ហើយ​ត្រូវធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​២២ ឬ​២៣ វិច្ឆិកា ។ នេះ​ជា​ការ​ប្រកាស​របស់​គណបក្ស ZANU-PF ជា​គណបក្សកាន់អំណាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ