រាជធានីភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ជិះម៉ូតូហុងដាឌ្រីមតាមបណ្តោយផ្លូវសហព័ន្ធរុស្សីត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូប ប៉ុន្តែមិនបានសម្រេចបណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចមុខផ្សារបាយ័ន្តស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ធ្វើដំណើរមកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី Nex មិនចាំពណ៌ និងស្លាកលេខ បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើតហើយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ ប៉ុន្តែមិនបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្ត្រីរងគ្រោះដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលរង់ចាំថ្ងៃស្អែកបានដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ