ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជិនី​កីឡា​ប៉េតង់​កែ ឡេ​ង ប្រាប់​ពី​ជំហាន​ក្លាយជា​កីឡាការិនី​ឆ្នើម​របស់​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ឆ្នើម​របស់​ជាតិ​មាន​តែ​ការ​ព្យាយាម តស៊ូ​​ជម្នះ​គ្រប់ការ​លំបាក​ទាំងអស់​ក្នុង​អាជីពរបស់​ខ្លួន ទើប​យើង​ទទួល​ជោគជ័យ ។ នេះ​ជា​សម្ដី​ពិត​របស់​ម្ចាស់​មេដាយមាស​ពិភពលោក​៣ជំនាន់​គឺ​អ្នកស្រី​កែ ឡេ​ង ដែល​ត្រូវ​បាន​​ចាត់ទុកជា​វីរ​កីឡាការិនី​ឬ​រាជិនី​កីឡា​ប៉េតង់​ដ៏​ឆ្នើម​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ឆ្នើម​របស់​ជាតិ​មាន​តែ​ការ​ព្យាយាម
តស៊ូ​​ជម្នះ​គ្រប់ការ​លំបាក​ទាំងអស់​ក្នុង​អាជីពរបស់​ខ្លួន ទើប​យើង​ទទួល​ជោគជ័យ ។ នេះ​ជា​សម្ដី​ពិត​របស់​ម្ចាស់​មេដាយមាស​ពិភពលោក​៣ជំនាន់​គឺ​អ្នកស្រី​កែ ឡេ​ង ដែល​ត្រូវ​បាន​​ចាត់ទុកជា​វីរ​កីឡាការិនី​ឬ​រាជិនី​កីឡា​ប៉េតង់​ដ៏​ឆ្នើម​របស់​កម្ពុជា ។ ជួប​អ្នក​យក​ព័ត៌​មាន​កោះសន្តិភាព អ្នកស្រី​កែ ឡេ​ង បាន​រៀបរាប់​ពី​ប្រវត្តិ​ក៏​ដូច​ជា​ជំហាន​ក្លាយជា​កីឡា​ការិនី​ឆ្នើម​របស់​ជាតិ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោម ។

អ្នកស្រី​កែ ឡេ​ង អាយុ​៥៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង និង​មាន​ស្វាមី​ជា​មន្ត្រីរាជការ ។ តាំងពី​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ អ្នក​ស្រី​មានកូន​ប្រុស​-​ស្រី​២​នាក់ កូនប្រុស​ច្បង​អាយុ​២៧​ឆ្នាំ និង​កូនស្រី​ប្អូន​អាយុ​២១​ឆ្នាំ​ដែល​ពួក​គេ​សព្វថ្ងៃ​ក៏​ជា​កីឡាករ​-​កីឡា​ការិនី​​ប៉េតង់​ដែរ ។ សព្វថ្ងៃ​ក្រុម​គ្រួសារ​អ្នកស្រី​រស់នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ដំបូង​ឡើយ​អ្នកស្រី កែ ឡេ​ង គ្រាន់តែ​ជា​អតីត​កីឡាការិនី​បាល់ទះ​មួយ​រូប​នៅ​ក្នុង​សមា​គម​កីឡា​ក្រសួងការពារជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​នៅ​ឆ្នាំ​១៩៩៣​អ្នកស្រី​បាន​លា​ឈប់​​ពី​អាជីព​កីឡាបាល់ទះ​មក​ចាប់​យក​អាជីព​កីឡា​ប៉េតង់​នៅ​ឆ្នាំ​១៩៩៦ ។ ចាប់តាំងពី​ចូល​លេង​កីឡា​ប៉េតង់​មក កេរ្តិ៍ឈ្មោះ​អ្នកស្រី​ចាប់ផ្ដើម​ល្បី​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ចូល​រួម​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ហើយ​ទទួល​បាន​មេដាយ និង​ពាន​ជា​រៀង​រាល់​លើក ។ កេរ្តិ៍ឈ្មោះ​អ្នកស្រី​កាន់តែ​ល្បីល្បាញ​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​នៅ​ពេល​អ្នកស្រី​ដណ្ដើម​បាន​មេដាយ​មាស​លំដាប់​ពិភពលោក​ជា​បន្តបន្ទាប់​ចំនួន​៣​លើក លើក​ទី​១​ឆ្នាំ​២០១៣​នៅ​ទីក្រុង​ម៉ុង​តូ​កង់ ប្រទេស​បារាំង លើក​ទី​២​ឆ្នាំ​២០១៥​នៅ​ប្រ​ទស​ថៃ និង​លើក​ទី​៣​ឆ្នាំ​២០១៧​នៅ​ប្រទេស​ចិន ។

អ្នកស្រី​កែ ឡេ​ង បាន​រៀបរាប់​ពី​ជំហាន​ក្លាយជា​កីឡាការិនី​ប៉េតង់​ឆ្នើម​របស់​ជាតិ​រហូត
ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​ថា ដំបូង​ផ្ដើម​ចេញពី​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹក​ហាត់​ត្រៀម​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត មុន​ពេល​ចេញ​ទៅ​ប្រកួត​ម្ដង​ៗ ។ ជា​ពិសេស​ត្រូវ​ស្វែង​យល់​ពី​អាកាសធាតុ​នៅ​លើ​ទី​លាន​ប្រកួត​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន ។ ជាក់ស្ដែង​មុន​ពេល​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ អ្នកស្រី​បាន​សិក្សា​យ៉ាង​លម្អិត​ជាមួយ​លោកគ្រូ​បង្ហាត់ និង​អ្នកដឹកនាំ​ថា​តើ​ត្រូវ​រៀបចំ​ខ្លួន​បែប​ណា​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ឱ្យ​បាន ។ អ្នកស្រី​ថា គ្រប់ការ​ប្រកួត​នៅ​បណ្ដា​ប្រទេស​នីមួយ​ៗ​គឺ​មិន​ដូច​គ្នា​ឡើយ បូក​រួម​ទាំង​អាកាសធាតុ​ឡើង​ទៅ ។

ដូច្នេះ​បើសិនជា​យើង​មិន​បាន​សិក្សា​លម្អិត​ពី​ភូមិសាស្ត្រ​នៅ​ទីនោះ​ឱ្យ​ច្បាស់លាស់​ទេ​នឹង
មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ ។ ជាង​នេះ ការ​តាំងចិត្ត​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ការ
ប្រមូល​អារម្មណ៍​ឱ្យ​បាន​ល្អ កុំ​ភ័យ​តក់ស្លុត ទោះបី​ជួប​គូប្រកួត​ខ្លាំង​ៗ​យ៉ាងណា​ក៏៏​ដោយ
គួប​ផ្សំ​នឹង​ការ​មិន​មើល​ស្រាល​លើ​គូប្រកួត​ផង​នោះ​គឺជា​បច្ច័យ​ធ្វើ​ឱ្យ​យើង​ទទួល​ជោគ​ជ័យ​ផង​ដែរ ។

អ្នកស្រី កែ ឡេ​ង ប្រាប់​ថា បច្ចុប្បន្ន អ្នក​ស្រី​កំពុង​តែ​ស្វែងរក​អ្នក​ដែល​មាន​ទេព​កោសល្យ​ថ្វីដៃ​ល្អ​ខាង​កីឡា​ប៉េតង់​នេះ ដើម្បី​ជ្រើសរើស​យក​មក​បណ្ដុះបណ្ដាល​ឱ្យ​ក្លាយជា​កីឡា​ការិនី​ឆ្នើម​ជំនួស​អ្នកស្រី​ទៅ​ថ្ងៃក្រោយ ។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ​នៅ​មិន​ទាន់​ឃើញ​ប្អូន​ៗ​ណា​ម្នាក់​មាន​ចំណុច​លេចធ្លោ​នៅឡើយ ដោយសារ​ពួក​គាត់​នៅ​ក្មេង​មាន​ការ​លេងសើច​ច្រើន មិនសូវ​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹក ។ ទោះបី​យ៉ាងណា អ្នកស្រី​កំពុង​តែ​ពិនិត្យ​មើល​លើ​ការ​ប្រកួត​ជាក់ស្ដែង​របស់​ពួក​គេ​នៅ​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​នានា ដូច​ជាតា​មរយៈ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៧​នេះ​តែ​ម្ដង ។ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ឆ្នាំ​នេះ អ្នកស្រី​មិន​ចូលរួម​ប្រកួត​ទេ គឺ​ទុក​ឱ្យ​កូនសិស្ស​ប្រកួត ដើម្បី​យក​ពេលវេលា​នេះ​ដើរ​មើល​ពួក​គេ តើ​អ្នក​ណា​មាន​សមត្ថភាព​អាច​យក​ទៅ​បណ្ដុះ​បណ្ដាល​​ឱ្យ​ក្លាយជា​កីឡាការិនី​ឆ្នើម​ទៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ