ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​សាំង​ដប​កាន់តែ​ជួប​ការ​លំបាក ខណៈ​ស្ថានីយ និង​ដេប៉ូ​ប្រេង​កើនឡើង (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខរបរ​លក់​សាំង​ដប​នៅ​តាម​ចិញ្ចើម​ផ្លូវ ក៏​ដូច​ជា​មុខរបរ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត កំពុង​តែ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​ទីផ្សារ ។ លោក ឌុំ ហ៊ា​ង…

រាជធានី​ភ្នំពេញ ៖ មុខរបរ​លក់​សាំង​ដប​នៅ​តាម​ចិញ្ចើម​ផ្លូវ ក៏​ដូច​ជា​មុខរបរ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត កំពុង​តែ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​ទីផ្សារ ។
លោក ឌុំ ហ៊ា​ង ជា​អ្នក​ប្រកប​របរ​លក់​សាំង​ដប នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ បាន​រៀបរាប់​ថា មុខរបរ​លក់​សាំង​ដប​នេះ​កំពុង​ជួប​ការ​លំបាក ខណៈ​ស្ថានីយ និង​ដេប៉ូ​ប្រេង​បច្ចុប្បន្ន មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។

លោក​បន្ដ​ថា ៖« សព្វ​ថ្ងៃនេះ ខ្ញុំ​លក់​បាន​ពី​៣០​ទៅ​៤០​លី​ត្រ​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​ថ្ងៃ​បុណ្យ​ទាន​។ ចំណែក​ថ្ងៃ​ធម្មតា បាន​ត្រឹមតែ​ពី​១៥​ទៅ​២០​លី​ត្រ​ប៉ុណ្ណោះ ដោយ​លក់​ក្នុង​តម្លៃ​ពី​៣.៥០០​ទៅ​៣.៧០០​រៀល​ក្នុង​១​លី​ត្រ​ទៅ​តាម​តម្លៃ​ឡើង​ចុះ » ។

ក្រៅពី​លក់​សាំង លោក​ក៏​មាន​លក់​គ្រឿង​ភេសជ្ជៈ និង​សេវា​ប៉ះ​កង់​ផង​ដែរ ដោយ​ក្នុង​១​ថ្ងៃ លោក​អាច​រក​ចំណូល​បានជា​មធ្យម​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​សម្រាប់​ដោះស្រាយ​ជីវ​ភាព​គ្រួសារ និង​ផ្គត់ផ្គង់​ការ​រៀនសូត្រ​របស់​កូន​ៗ និង​ក្មួយ​ៗ​កំព្រា​នៅ​ក្នុង​បន្ទុកគ្រួសារ ។

លោក ឌុំ ហ៊ា​ង បាន​បន្ត​ទៀត​ថា មុខរបរ​លក់​សាំង​ដប​រាល់​ថ្ងៃនេះ អាច​រក​ប្រាក់​បាន​ត្រឹម​តែ​យក​ទៅ​ចិញ្ចឹម​កូនចៅ និង​បង់ថ្លៃ​ផ្ទះ​ជួល​ចំនួន​៦០​ដុល្លារ​ក្នុង​១​ខែ ព្រមទាំង​បង់ថ្លៃ​ទឹក និង​ភ្លើង​ប៉ុណ្ណោះ ដោយ​មិន​បាន​សល់​ជា​ដុំ​កំភួន​អ្វី​ឡើយ ព្រោះ​ជា​មុខរបរ​តូចតាច ហើយ​សព្វថ្ងៃ កាន់តែ​លំបាក​ខ្លាំង​ឡើង ព្រោះ​ក្រុមហ៊ុន​បង្កើត​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​កាន់​តែ​ច្រើន​ឡើង​ៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​មានការ​រំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ៗ​តែងតែ​ដេញ​ពួក​គាត់ នៅ​ពេល​ផ្លូវ​កកស្ទះ​ចរាចរណ៍​ម្តង​ៗ​ផង​ដែរ ។

មុខរបរ​មួយ​នេះ នៅ​ថ្ងៃ​អនាគត អាច​នឹង​មាន​វាសនា​ដូច​របរ​បម្រើសេវា​ទូរស័ព្ទ​សាធា​រណៈ ឬ​ហាង​បម្រើសេវា​អ៊ីន​ធើ​រ​ណេ​ត​ផង​ដែរ ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ដែល​ធ្វើ​ឲ្យ​មុខរបរ​ខ្លះ​ត្រូវ​បាត់បង់ និង​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម និង​មាន​ផលិតផល​ប្រកបដោយ​ស្ដង់ដា និង​គុណភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ