ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​CDC ៖ ចង់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ត្រូវ​សួរ​ទៅ​ក្រសួងពាណិជ្ជកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​កសិកម្ម ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​សសរស្ដម្ភ​១​ក្នុង​ចំណោម​៤ ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្ដែ​វិស័យ​មួយ​នេះ​ហាក់​ពុំ​មាន​ទីផ្សារ​ឲ្យ​ប្រាកដប្រជា​ណាមួយ​នៅឡើយ ពិសេស​តែងតែ​ដាក់បន្ទុក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ កន្លង​មក មន្ត្រី​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ វិស័យ​កសិកម្ម ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​សសរស្ដម្ភ​១​ក្នុង​ចំណោម​៤ ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្ដែ​វិស័យ​មួយ​នេះ​ហាក់​ពុំ​មាន​ទីផ្សារ​ឲ្យ​ប្រាកដប្រជា​ណាមួយ​នៅឡើយ ពិសេស​តែងតែ​ដាក់បន្ទុក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ កន្លង​មក មន្ត្រី​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា បញ្ហា​តម្លៃ​កសិផល​នៅ​លើ​ទីផ្សារ​ចុះថោក អត់​ទីផ្សារ មិនមែន​ជា​បន្ទុក​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នោះ​ទេ គឺជា​បន្ទុក​របស់​ក្រសួងពាណិជ្ជកម្ម ជា​អ្នក​ស្វែងរក​ទីផ្សារ ។ ដោយឡែក កាលពី​ពេល​ថ្មី​ៗ​នេះ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​លើក​ឡើង​ថា បើ​ចង់​អភិវឌ្ឍន៍​កសិកម្ម ត្រូវ​សួរ​ទៅ​ក្រសួងពាណិជ្ជកម្ម ព្រោះ​ក្រសួង​មួយ​នេះ​ជា​អ្នកដឹង​ច្បាស់​ពី​តម្រូវការ​លើ​ទីផ្សារ ។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យ​ដឹង​ថា វិស័យ​កសិកម្ម ក៏​ដូច​ជាក​សិ​-​ឧស្សាហកម្ម គឺ​មាន​សក្តានុពល​សម្រាប់​កម្ពុជា ហើយ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទាំងនេះ វា​មិនមែន​ជា​តួនាទី​តែ​មួយ​របស់​ក្រសួងកសិកម្ម​នោះ​ទេ ។ លោក​ថ្លែង​ថា ៖« បើ​ចង់​អភិវឌ្ឍន៍​កសិកម្ម ត្រូវ​សួរ​ទៅ​ក្រសួងពាណិជ្ជកម្ម ព្រោះ​ក្រសួង​ដឹង​ពី​ទីផ្សារ » ។

លោក សុខ ចិន្តា​សោភា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​ស​ប្តា​ហ៍​សហគ្រិន​ពិភពលោក កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា កន្លង​ទៅ ។

លោក​បន្ដ​ថា ការ​ធ្វើ​ជំនួញ​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ក៏​ដោយ សកម្មភាព​ផលិត​ក៏​ដោយ តែងតែ​នឹក​ដល់ទី​ផ្សារ ។ លោក​ថា ៖«​ចំពោះ​ខ្ញុំ ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ក៏​ដូច​ជា​វិស័យ​ក​សិ​-​ឧស្សាហកម្ម​នេះ មិនមែន​ជា​តួនាទី​តែ​មួយ​របស់​ក្រសួងកសិកម្ម​ទេ ។

ដោយឡែក បើ​ចង់​អភិវឌ្ឍន៍​កសិកម្ម បើ​ខ្ញុំ​វិញ ត្រូវ​សួរ​ទៅ​ក្រសួងពាណិជ្ជកម្ម​ថា ត្រូវ​ដាំ​ដុះ​អ្វី ? ព្រោះ​ក្រសួង​នេះ​ដឹង​ពី​ទីផ្សារ ។ បើ​ដំឡូង​មី​អត់​ត្រូវប៉ាន់ ហើយ​ឱ្យ​កសិករ​ទៅ​ដាំដំឡូង​មី វា​ចប់​បាត់​ហើយ នេះ​ជា​រឿង​ពិត » ។

លោក​អគ្គលេខាធិការ​គូសបញ្ជាក់​ថា ៖«​រឿង​ទីផ្សារ​នេះ​សំខាន់​ណាស់ គឺ​គ្មាន​អ្វី​សំខាន់​ជាង​ទីផ្សារ​ទេ ។ ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ទទួល​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​ជាតិ ក៏​ដូច​ជា​អ្នក​វិនិយោគ​បរទេស ពេល​ណា​និយាយ​ទៅ​គម្រោង​នោះ​ហាក់ដូចជា​ល្អ ប៉ុន្តែ​ហាក់​មានការ​ស្រ​ពេ​ច ស្រពិល​ខ្លះ ខ្ញុំ​តែងតែ​សួរ​ថា តើ​មាន​ទីផ្សារ​ទេ បើ​អត់​ទីផ្សារ ខ្ញុំ​មានការ​បារម្ភ​ជំនួស » ។

កន្លង​មក លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម ធ្លាប់​មាន​ប្រសាសន៍​ថា ប្រជា​កសិករ​នៅ​ទូ​ទាំង​ប្រទេស​ក៏​នៅ​តែ​យល់​ច្រឡំ​ថា ពេល​តម្លៃ​ផលិតផល​ចុះថោក និង​អត់​ទីផ្សារ ចេះ​តែ​សួរ​ក្រសួងកសិកម្ម ។ ពួក​គាត់​គួរ​សួរ​ទៅ​ក្រសួងពាណិជ្ជកម្ម ព្រោះ​ក្រសួង​នេះ​មាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស ។

លោក​ថ្លែង​ថា ៖« រឿង​តម្លៃ​កសិផល​ចុះ ចង់ទៅ​លក់​នៅ​ទីណា ចង់​ឡើងថ្លៃ គឺ​សួរ​ក្រសួង​ពាណិជ្ជកម្ម​ទៅ មិន​សួរ​ក្រសួងកសិកម្ម​ទេ » ។ ចំណែក​ក្រសួងកសិកម្ម​វិញ មាន​តួនាទី​ធ្វើ​យ៉ាងម៉េច​ជំរុញ​ការ​ផលិត​ឱ្យ​បាន​ច្រើន ហើយ​ឱ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​នៅ​លើ​ទីផ្សារ​។​ឧទាហរណ៍​ថា ផលិត​បាន​ពូជស្រូវ​ផ្ការំដួល ពិតជា​សម​ស្រប​តាម​ទីផ្សារ​ហើយ ព្រោះ​ជាប់​លេខ​១ បី​ឆ្នាំ​ជាប់​ៗ​គ្នា ។ មួយទៀត ពាក់ព័ន្ធ​នឹង​ទីផ្សារ​របស់​ក្រសួងកសិកម្ម គឺ​បើក​របាំង​អនាម័យ និង​ភូតគាម​អនាម័យ បើ​ទីផ្សារ​នាំ​ទៅ​គេ​អត់​បាន​ពាក់ព័ន្ធ​នឹង​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​នេះ ចំណុច​ហ្នឹងហើយ វា​ជា​រឿង​របស់​ក្រសួងកសិកម្ម ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា ៖«​ក្រសួងពាណិជ្ជកម្ម ជា​អ្នក​ស្វែងរក​ទីផ្សារ និង​បើក​ទីផ្សារ ។ រាល់​ថ្ងៃនេះ យើង​បាន​បើក​ទីផ្សារ​ជូន​ស្ទើរ​គ្រប់​ប្រទេស​អស់​ហើយ មាន​ទាំង​ទីផ្សារ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ទីផ្សារ​វាយនភ័ណ្ឌ​» ។

លោក​បន្ត​ថា ៖« ការ​ផ្តល់​ព័ត៌មាន​ថា ទំនិញ​ប្រភេទ​ណា ហើយ​ទីផ្សារ​ប្រទេស​ណា​ត្រូវ​ការ​ទំនិញ​អ្វី ដើម្បី​ឱ្យ​កសិករ​ដាំ​ដុះ​ត្រូវ​នឹង​ទីផ្សារ​នេះ វា​ជា​ការ​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រសួងពាណិជ្ជកម្ម និង​កសិកម្ម ។ ឧទាហរណ៍​ថា ប្រសិនបើ​ក្រសួងពាណិជ្ជកម្ម​ដឹង​ពី​ទីផ្សារ និង​ព័ត៌មាន​មួយ​ផ្សេង​ទៀត​ទាក់ទង​នឹង​តម្រូវការ​ផលិតផល ដូច​ជា ស្វាយ​ចន្ទី ពោត ឬ​ដំឡូង​នោះ យើង​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​កសិករ ដើម្បី​ឲ្យ​ពួក​គាត់​ដាំ​ទៅ​តាម​ហ្នឹង ។ ដូច្នេះ យើង​បាន​ជូន​ព័ត៌មាន​ដល់​ប្រជា​កសិករ តាម​រយៈ​មន្ទីរ​ពាណិជ្ជកម្ម​ស្ថិត​នៅ​តាម​បណ្តា​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ គ្រាន់តែ​ថា បញ្ហា​ប្រឈម យើង​នាំ​ទំនិញ​ចេញ​មិនសូវ​បាន ដោយសារ​បញ្ហា​ដឹក​ជញ្ជូន ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ហើយ​ថ្លៃដើម​នៃ​ការ​ផលិត​ចំណាយ​ខ្ពស់ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ