ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ស្ទូចត្រី​ក្នុង​វត្ត​ហើយ រករឿង​ព្រះសង្ឃ​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ពិតជា​មានចិត្ត​ទមិឡ​មែន ដោយ​បាន​លួច​ស្ទូចត្រី​នៅ​ក្នុង​ស្រះ​ទឹក​នៅ​ក្នុង​វត្ត​ហើយ នៅ​ពេល​ព្រះសង្ឃ​ឃាត់​មិន​ឲ្យ​ស្ទូច​ស្រាប់តែ​ផ្ទុះ​កំហឹង​ស្រែក​ឡូឡា បញ្ចេញ​ឫកពា​ច្រងេងច្រងាង​គំរាម​ព្រះសង្ឃ​យ៉ាង​ចាស់ដៃ​ថែម​ទៀត​។ ដោយ​អត់ទ្រាំ និង​ខន្តី​លែង​បាន ព្រះសង្ឃ​បាន​ហៅ​ទូរស័ព្ទ​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ពិតជា​មានចិត្ត​ទមិឡ​មែន ដោយ​បាន​លួច​ស្ទូចត្រី​នៅ​ក្នុង​ស្រះ​ទឹក​នៅ​ក្នុង​វត្ត​ហើយ នៅ​ពេល​ព្រះសង្ឃ​ឃាត់​មិន​ឲ្យ​ស្ទូច​ស្រាប់តែ​ផ្ទុះ​កំហឹង​ស្រែក​ឡូឡា បញ្ចេញ​ឫកពា​ច្រងេងច្រងាង​គំរាម​ព្រះសង្ឃ​យ៉ាង​ចាស់ដៃ​ថែម​ទៀត​។ ដោយ​អត់ទ្រាំ និង​ខន្តី​លែង​បាន ព្រះសង្ឃ​បាន​ហៅ​ទូរស័ព្ទ​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​នាំ​ទៅ​ប៉ុស្តិ៍​ធ្វើការ​អប់រំ​ឲ្យ​រាងចាល​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ស្រះ​ទឹក​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​ស្ទាវ​ខាងលើ​នោះ​ឈ្មោះ កែវ ឧត្តម អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុង​ខេត្តព្រៃវែង​។

ព្រះសង្ឃ​១​អង្គ​បាន​មាន​សង្ឃដីកា​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​ស្ទាវ​ម្នាក់​ខាងលើ​នោះ បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ដោយ​មាន​កាន់​សន្ទូច​ទៅ​ជាមួយ​ផង បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​ស្ទូចត្រី​នៅ​ក្នុង​ស្រះ​ទឹកមុខ​ព្រះ​វិហារ​ក្នុង​វត្ត​នោះ ដោយ​មិន​គិត​ពី​បាប​បុណ្យ​អ្វី​ឡើយ ក្រោយ​ពេល​ឃើញ​បែប​នេះ​ព្រះ​អង្គ​រួម​ជាមួយ​ព្រ​សង្ឃ​ផ្សេង​ទៀត បាន​ចូល​ទៅ​សួរនាំ និង​ឃាត់​ឲ្យ​ឈប់​ស្ទូចត្រី​ក្នុង​វត្ត​តទៅ​ទៀត​។ ព្រោះ​វត្ត​អារាម​គឺជា​ទីកន្លែង​សម្រាប់​សក្ការៈបូជា ដូច្នេះ​ការ​ស្ទូចត្រី​នៅ​ក្នុង​វត្ត​បែប​នេះ​មិន​សម​ឡើយ​។ ខណៈនោះ​ស្រាប់តែ​បាន​ធ្វើ​ឲ្យ​ជន​ស្ទាវ​ខាងលើ មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ហើយ​បាន​បញ្ចេញ​ឫកពា ច្រងេងច្រងាង និង​ស្រែក​ឡូឡា​ដាក់​ព្រះ​អង្គ​គួរ​ឲ្យ​ខ្លាច​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​មិន​អាច​ទ្រាំ​បាន​នឹង​ខន្តី​តទៅ​ទៀត​បាន ទើប​ព្រះសង្ឃ​ទាំងអស់​ខ​ល​ទៅ​ប្ដឹង សុំ​កម្លាំង​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​ចុះ​ទៅ​ជួយ​ឃាត់ខ្លួន​យុវជន​នោះ​ទៅ​កាន់ ប៉ុស្ដិ៍​ធ្វើការ​សួរនាំ​តែ​ម្ដង​។

ដោយឡែក​នៅ​ក្នុង​ស្រះ​ទឹកមុខ​ព្រះ​វិហារ​វត្ត​ជម្ពូ​វ័ន​នេះ​មាន​ត្រី​ច្រើន​ណាស់ និង​ត្រី​ច្រើន​ប្រភេទ​ថែម​ទៀត​ផង ដែល​ត្រី​ទាំងនោះ​មួយ​ចំនួន​វា​បាន​រស់នៅ​ក្នុង​ស្រះ​នេះ​យូរ​មក​ហើយ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នាំ​យក​ពី​គ្រប់​ទីកន្លែង​ទៅ​លែង​នៅ​ទីនោះ ជា​ការ​សន្សំ​កុសលផល​បុណ្យ​រៀង​ៗ​ខ្លួន ហើយ​ត្រី​ដែល​បាន​រស់នៅ​ក្នុង​វត្ត​បែប​នេះ គឺជា​សត្វ​ដែល​មានបុណ្យ មានសំណាង​គេច​ផុត​ពី​ការ​យាយី​ពី​សំណាក់​មនុស្ស​ទាំងឡាយ​។ ពួក​វា​ត្រូវការ​រស់នៅ​ដោយ​ភាព​ស្ងប់ស្ងាត់​និង​សុខដុមរមនា មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​ទៅ​នេសាទ​យក​ចេញពី​ស្រះ​នេះ​ឡើយ ដូច្នេះ​ទើប​នៅ​ពេល​ដែល​យុវជន​ខាងលើ​ទៅ​ស្ទូច ព្រះសង្ឃ​ត្រូវ​តែ​ហាមឃាត់ និង​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ឃាត់ ហើយ​តាំងពី​យូរ​មក​ហើយ​ទើបតែ​ឃើញ​យុវជន​ម្នាក់​នេះ​ប៉ុណ្ណោះ ដែល​ហ៊ាន​ចូល​ទៅ​ស្អូច​ត្រី​ក្នុង​វត្ត​បែប​នេះ​។

​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​ពី​ព្រះសង្ឃ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បានឃើញ​ជន​នោះ​កំពុង​ឡូឡា​ដាក់​ព្រះសង្ឃ ដោយ​មិន​ខ្លាច​បាប​បុណ្យ​គុណ​ទោស​អ្វី​ទាំងអស់ សូ​ម្បី​តែ​អ្នក​កាន់សាសនា​ផ្សេង​ក្រៅពី​ព្រះពុទ្ធ​សាសនា ក៏​មិន​ហ៊ាន​ប្រើ​កាយវិការ​បែប​នេះ​ដាក់​ព្រះសង្ឃ​ឡើយ​។ បន្ទាប់​មក​កម្លាំង​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ហើយ​ខណៈនោះ​ព្រះសង្ឃ​មិន​បាន​ឲ្យ​យកទោស​ចំពោះ​យុវជន​នោះ​ឡើយ ដោយ​ព្រះ​អង្គ​បាន​សំណូមពរ​សុំ​ឲ្យ​នគរបាល ត្រឹម​អប់រំ​ណែនាំ​ដល់​រូបគេ​ប៉ុណ្ណោះ​រួច​ឲ្យ​ដោះ​លែង​វិញ​៕
https://youtu.be/KHM8Y8eGr0w

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ