រាជធានីភ្នំពេញ ៖ ស្ត្រីជើងល្អម្នាក់បានជំពាក់ប្រាក់បុរសម្នាក់ទៀត ដែលកាលពីខ្ចីចងការប្រាក់តែចំនួន៣០ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែដោយសារតែអត់បានបង់ការជាច្រើនខែមកហើយនោះ បានឡើងទាំងការទាំងដើមពី៣០ម៉ឺនរៀលទៅដល់ជិត២០០ដុល្លារអាមេរិក ដែលបានធ្វើឲ្យនាងកាន់តែគ្មានលទ្ធភាពសងបំណុលនោះថែមទៀត។ ចំណែកបុរសម្ចាស់បំណុលបានទារព្រឹកទារល្ងាច ហើយដោយស្ត្រីរូបនោះគ្មានប្រាក់សង ត្រូវបានម្ចាស់បំណុលខាងលើដែលមានប្រើប្រាស់កាំភ្លើងខ្លីផងនោះ មិនដឹងថាមានសមាសភាពជាអ្វីនោះទេ បានធ្វើការគំរាមកំហែងរកបាញ់សម្លាប់នាងចោលជាច្រើនលើកច្រើនសារ។ មិនតែប៉ុណ្ណោះបានបង្ខំឲ្យនាងលួចម៉ូតូ១គ្រឿងទៅឲ្យខ្លួនបើមិនដូច្នោះទេ គេនឹងបាញ់សម្លាប់នាងចោលភ្លាម។
ដោយសារតែមានការភ័យខ្លាចម្ចាស់បណុលបាញ់សម្លាប់ ទើបស្ត្រីខាងលើធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ដែលជារបស់កម្មករសិប្បកម្មកាត់ដេរជាមួយគ្នា រួចបានយកទៅទុកនៅក្នុងបន្ទប់ផ្ទះជួលដែលខ្លួនស្នាក់នៅ ដើម្បីយកទៅឲ្យម្ចាស់បំណុលលក់យកលុយទូទាត់គ្នា។ ប៉ុន្តែសកម្មភាពនោះមិនអាចលាក់បាំងជិត បានឡើយ ក្រោយពេលបាត់ម៉ូតូម្ចាស់បានប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ទើបនគរបាលចុះទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ហើយបានដឹង និងស្គាល់ថាស្ត្រីរូបនេះជាអ្នកលួចម៉ូតូ ចំណែកម្ចាស់ម៉ូតូបានតាមរករហូតឃើញស្ត្រីនោះកំពុងនៅក្បែរផ្ទះជួល ក៏ធ្វើការចាប់ខ្លួននាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។ ហេតុការណ៍នោះបាត់ម៉ូតូនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសិប្បកម្មកាត់ដេរមួយកន្លែងយីហោ 《ស៊ុន អ៊ិន》 ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង វត្តភ្នៀតសម្ពលី ក្នុងភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកឯស្ត្រីជើងល្អម្នាក់នេះ ឈ្មោះ ឆាំ ឆវិន អាយុ២០ឆ្នាំ មុខរបរជាកម្មករិនី ដែលទើបចូលធ្វើការនៅក្នុងសិប្បកម្មកាត់ដេរមួយនោះ រយៈពេល៥ថ្ងៃប៉ុណ្ណោះ និងស្នាក់នៅជិតវត្តជុំ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ហើយម៉ូតូ១គ្រឿងដែលនាងធ្វើសកម្មភាពលួចយកនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-0913 ដែលមានម្ចាស់ឈ្មោះ សាន់ ពុទ្ធា អាយុ២៥ឆ្នាំ មុខរបរកម្មករសិប្បកម្មខាងលើនោះដែរ និងស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាព្រឹកថ្ងៃទី២០ ខ្លួនបានជិះម៉ូតូខាងលើ ទៅធ្វើការក្នុងសិប្បកម្មកាត់ដេរដូចសព្វដង ហើយនៅពេលទៅដល់បានទុកម៉ូតូនៅក្នុងបរិវេណសិប្បកម្មនោះ ដោយមិនបានចាក់សោរនោះទេ។
ប៉ុន្តែបានបិទសន្ទះសោត្រឹមត្រូវដែរ បន្ទាប់មកខ្លួនបានចូលទៅធ្វើការដោយមិននឹកស្មានថា មានចោរលួចម៉ូតូនោះទេព្រោះអាងតែទុកនៅក្នុងសិប្បកម្មកាត់ដេរ ដែលមានរបង និងទ្វារត្រឹមត្រូវ ព្រមទាំងមានសន្តិសុខយាមផង។ លុះរហូតដល់វេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃដដែលក្រោយពេលឈប់សម្រាកពីការងារ ចេញទៅផ្ទះទើបដឹងថាបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើល ហើយខ្លួនក៏បានប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ភ្លាមៗដែរ។ ខណៈនោះនគរបាលប៉ុស្ដិ៍សំរោងក្រោម និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពទើបដឹងថាស្ត្រីខាងលើជាអ្នកលួច លុះដល់ព្រឹកថ្ងទី២១ ខែវិច្ឆិកាខ្លួនតាមរកហើយបានឃើញស្ត្រីនោះកំពុងស្ថិតនៅជិតបន្ទប់ជួលមួយកន្លែង ក៏បានធ្វើការឃាត់ខ្លួននាទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង៕
https://youtu.be/fqzjz9n0HlA
ចែករំលែកព័តមាននេះ