ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ធំ​ៗ​ចំនួន​4​ធ្វើ​ឱ្យ​វិស័យ​SMEs​កម្ពុជា​នៅ​ទ្រឹង និង​មិន​រីក​ចម្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅ​កម្ពុជា​មាន​ប្រមាណ​៥៣​ម៉ឺន​សហគ្រាស ។ វិស័យ​មួយ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុន្តែ​មាន​បញ្ហា​សំខាន់​ធំ​ៗ​ចំនួន​៤…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅ​កម្ពុជា​មាន​ប្រមាណ​៥៣​ម៉ឺន​សហគ្រាស ។ វិស័យ​មួយ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុន្តែ​មាន​បញ្ហា​សំខាន់​ធំ​ៗ​ចំនួន​៤ ដែល​ធ្វើ​ឱ្យ SMEs ក្នុងស្រុក​នៅ​ទ្រឹង និង​គ្មាន​សន្ទុះ​ទៅ​មុខ ។ នេះ​បើ​តាម​លោក ហេង សុខ​គង់ រដ្ឋលេខាធិ​ការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង​ក្នុង​វេទិកា​ស​ប្តា​ហ៍​សហគ្រិន​ពិភព​លោក កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ម្សិលមិញ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​-​ជប៉ុន។

លោក​រដ្ឋលេខាធិការ​បន្ដ​ថា បន្ទាប់​ពី​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​កម្ពុជា (CDRI) សិក្សា​កន្លង​មក​ឃើញ​ថា មាន​មូលហេតុ​ចំនួន​៤ ដែល​ធ្វើ​ឱ្យ SMEs របស់​កម្ពុជា​នៅ​ទ្រឹង និង​ពេល​ខ្លះ វា​មិនសូវ​ទៅ​មុខ ។

លោក​បញ្ជាក់​ថា ៖« កត្ដា​ទាំងនោះ​រួម​មាន ១-​តម្លៃ​អគ្គិសនី គឺ​អ្នក​ណា​ក៏​លើក​ឡើង​ដែរ​ថា ថ្លៃ​ភ្លើង​នៅ​ស្រុក​ខ្មែរ​ថ្លៃ​ជាងគេ បើ​ធៀប​នៅ​ក្នុង​តំបន់​។ ២-​បញ្ហា​ទីផ្សារ​និង​អតិថិជន គឺ​មាន​ការ​ពិបាក​ក្នុង​ការ​ប្រមូល​លុយ​ពី​អតិថិជន និង​ការ​ប្រកួតប្រជែង​កើនឡើង​ខ្ពស់ ។ ៣-​បញ្ហា​ធនធានមនុស្ស បើ​ខ្វះ​ធនធានមនុស្ស ក៏​មិន​អាច​ឱ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ទៅ​មុខ​បាន​ដែរ និង​៤-​បញ្ហា​ផលិតផល​និង​សេវា គឺ​តម្លៃ​វត្ថុធាតុដើម​ចេះ​តែ​កើនឡើង ដែល​ផលិត​បាន​ហើយ​លក់​បាន​ថោក » ។

ដើម្បី​លើកកម្ពស់​វិស័យ​នេះ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត លោក ហេង សុខ​គង់ បាន​លើក​​ឡើង​ថា SMEs ក្នុងស្រុក​ទាមទារ​ឱ្យ​ដៃគូ​សហការ​គ្នា​បាន​ល្អ និង​ការ​គ្រប់គ្រង​ត្រូវ​កាត់​ផ្តាច់​ចេញពី​អាជីវកម្ម​បែប​គ្រួសារ ។ ចំណែក​រាជរដ្ឋាភិបាល​ត្រូវ​បញ្ចុះតម្លៃ​ភ្លើង​ឱ្យ​ចុះ​មក​ដល់​កម្រិត​អតិបរមា​នៅ​ឆ្នាំ​២០១៨ ធ្វើ​យ៉ាងណា ឱ្យ​ការ​ប្រកួតប្រជែង​គ្នា​របស់ SMEs មាន​ភាព​ស្មើគ្នា​ទាំង​នៅ​លើ​ការ​បង់ពន្ធ និង​ការ​ធ្វើ​អាជីវកម្ម​, បន្ថែម​នូវ​ព័ត៌មាន​ដល់ SMEs មាន​លទ្ធភាព​សិក្សា​ឈ្វេងយល់​ពី​ទីផ្សារ ដឹង​ពី​បច្ចេកវិទ្យា​ថ្មី​ៗ និង​ដឹង​អ្វីខ្លះ​ដែល​អាច​ឱ្យ​យើង​ជំរុញ​ការ​អភិវឌ្ឍ​បាន ។ លើស​ពី​នេះ ចំណុច​សំខាន់ ត្រូវ​បញ្ចុះតម្លៃ​ទៅ​លើ​វត្ថុធាតុដើម ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​បាន​ចុះ MOU ចំនួន​២ ដោយ​បង្កើត​ជា​កន្លែង​ផលិត​វត្ថុធាតុដើម ដែល​ត្រៀម​ធ្វើ​នៅ​ខេត្តតាកែវ កំពង់ឆ្នាំង និង​កំពង់​ចាម ។

ដោយ​មើលឃើញ​ថា SMEs ក្នុងស្រុក​នៅ​មានការ​យល់​ដឹង​ពុំ​ទាន់​ច្បាស់លាស់ បើ​តាម​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា មាន​ប្រសាសន៍​ថា ទិវា​ស​ប្តា​ហ៍​សហគ្រិន​ពិភព​លោក ធ្វើ​ឡើង​នៅ​កម្ពុជា​នេះ មាន​គោលបំណង​បំផុសគំនិត​ដល់​យុវជន​កម្ពុជា​ឱ្យ​បាន​យល់​កាន់តែ​ច្បាស់ និង​ចេះ​ស្វែងរក ឬ​បង្កើត​គំនិត​ថ្មី​ៗ ។

លោក គួ​ច ផេង ប្រធាន​សមាគម​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ៖«​ទិវា​ស​ប្តា​ហ៍​សហគ្រិន​ពិភពលោក ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុសគំនិត​ដល់​យុវជន​កម្ពុជា​ឱ្យ​បាន​យល់​ពី​សហគ្រិនភាព​កាន់តែ​ច្បាស់​ជាង​មុន ។ លើស​ពី​នេះ យើង​ចង់​ផ្សារ​ភ្ជាប់​យុវជន​កម្ពុជា​ដើម្បី​ស្វែងរក​គំនិត​ថ្មី​ៗ » ។

លោក​លើក​ឡើង​ថា កម្មវិធី​ស​ប្តា​ហ៍​សហគ្រិន​ពិភពលោក​២០១៧ ពាំនាំ​មក​ជាមួយ​នូវ​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​ក្នុង​វិស័យ​ធុរកិច្ច ដូច​ជា កាតាលីករ​នៃ​ការ​រីក​ចម្រើន​នៅ​ក្នុង​មីក្រូ​សហគ្រាស និង​សហគ្រាស​ធុន​តូច មធ្យម​(MSME), ប្រព័ន្ធ​អេកូឡូស៊ី​នៃ MSME, ក្រមសីលធម៌ និង​អភិបាលកិច្ច​នៃ​ពាណិជ្ជកម្ម​, កិច្ច​ពិភាក្សា​ទៅ​លើ​និរន្តរភាព និង​ភាព​រីក​ចម្រើន​នៃ​MSME ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ