ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​បង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយ​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ អគ្គនាយកដ្ឋាន ពន្ធដារ​បាន​ផ្សព្វផ្សាយ​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​បង់ប្រាក់​ពន្ធ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ថ្មី​ចំនួន​២ គឺ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-payment) សម្រាប់​ប្រកាស​ការ​បង់ប្រាក់​ពន្ធ និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក…

រាជធានី​ភ្នំពេញ ៖ ជាមួយ​គោលដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ អគ្គនាយកដ្ឋាន
ពន្ធដារ​បាន​ផ្សព្វផ្សាយ​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​បង់ប្រាក់​ពន្ធ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ថ្មី​ចំនួន​២ គឺ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-payment) សម្រាប់​ប្រកាស​ការ​បង់ប្រាក់​ពន្ធ និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-Filing) សម្រាប់​ដំណើរការ​នៃ​ការ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ ។

ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា ស្តី​ពី​កាតព្វកិច្ច​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ និង​ការ​កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សារពើពន្ធ (E-Payment) នា​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ថា ការ​រៀបចំ​សិក្ខាសាលា​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​បាន​ជ្រួតជ្រាប​ដល់​គ្រប់​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ ជា​ពិសេស ដើម្បី​ឈ្វេងយល់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ចំពោះ​កាតព្វកិច្ច​សារពើពន្ធ​របស់​សហគ្រាស និង​ការ​ប្រកាស​បង់ពន្ធ​លើ​ប្រាក់​ចំណូល ដែល​នឹង​ត្រូវ​ចូល​មក​ដល់​នា​ខែមករា ឆ្នាំ​២០១៨ ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​បន្ត​ថា ៖« អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត អគ្គនាយកដ្ឋាន​ពន្ធដារ​ចង់​ផ្សព្វផ្សាយ​អំពី​ការ​ដាក់​ឲ្យ​ដំណើរការ​បង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-payment) ដែល​បាន​​រៀបចំ​រួចរាល់ និង​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ពេល​នេះ​តទៅ » ។ លោក​បន្ត​ថា ៖« ការ​ដំណើរការ​នៃ​ការ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក (E-Filing) គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ ហើយ​ប្រព័ន្ធ​ទាំង​ពីរ​នេះ គឺ​បង្ក​លក្ខណៈ​​ងាយស្រួល​គ្រប់​បែប​យ៉ាង​ជូន​អ្នក​ជាប់ពន្ធ និង​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត » ។

លោក គង់ វិបុល បន្ថែម​ថា ទាក់ទិន​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ពង្រីក​ប្រព័ន្ធ​ផ្តល់​សេវា​ឲ្យ​កាន់តែ​ងាយស្រួល​នេះ វា​រួមចំណែក​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​កាតព្វកិច្ច​សារពើ​ពន្ធ។ តាម​រយៈ​សិក្ខាសាលា​នេះ​ដែរ សិក្ខាកាម​ទាំងអស់ នឹង​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​​ទៀត ស្តី​ពី​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ខ្លួន ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​ពី​សិក្ខាសាលា​នេះ​បាន​ផ្សព្វផ្សាយ​រួចរាល់​នោះ អ្នក​ជាប់ពន្ធ ក៏​ដូច​ជា​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ទាំងអស់​បាន​យល់​កាន់តែ​ច្បាស់​នូវ​កាតព្វកិច្ច​ពន្ធដារ និង​នីតិវិធី​នៃ​ការ​ប្រកាស​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​២០១៧ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ការ​កែទម្រង់ និង​រៀបចំ​ប្រព័ន្ធ​ប្រមូល​ពន្ធ​បែប​ថ្មី​នេះ ពិតជា​រឿង​ល្អ ដោយ​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ ហើយ​ចំណេញ​ទាំង​ពេលវេលា​សម្រាប់​អ្នក​បង់ពន្ធ អ្នក​ប្រមូល​ពន្ធ និង​កាត់​បន្ថយ​ថ្លៃដើម​នៃ​ការ​ប្រមូល​ពន្ធ ។ លោក​បន្ត​ថា ប្រព័ន្ធ​បែប​នេះ ជួយ​ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​កាន់តែ​មាន​តម្លាភាព​ផង​ដែរ ព្រោះ​វា​ជួយ​ឲ្យ​ការ​បង់ពន្ធ​បាន​លឿន និង​មាន​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ប្រមូល​ពន្ធ។

លោក​បន្ត​ថា ៖« ការ​កែទម្រង់​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ផល​វិជ្ជ​មាន​​ច្រើន ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​មានការ​អនុវត្ត​ជា​បន្ត​ទៀត » ។ លោក​បន្ត​ថា ៖« ប៉ុន្តែ​អ្វី​ដែល​គួរ​ធ្វើ​បន្ថែម គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ​គួរ​ជួយ​លើកទឹកចិត្ត​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​បន្ថែម​ទៀត ជា​ពិសេស សហគ្រាស​ណា​ដែល​ផ្តល់​ការងារ​ច្រើន​ដល់​ប្រជាពលរដ្ឋ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ការ​កែទម្រង់​ការ​ប្រមូល​ពន្ធ​កន្លង​មកនេះ ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រមូល​ពន្ធ​បាន​កាន់តែ​ច្រើន ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន យើង​ប្រមូល​ពន្ធ​បាន​ច្រើន​ហើយ ប៉ុន្តែ​យើង​នៅ​មាន​លទ្ធភាព​ប្រមូល​បាន​ច្រើន​ថែម​ទៀត ។ ហេតុនេះ ទាមទារ​ឲ្យ​មានការ​ប្តេជ្ញា​ចិត្ត និង​ឆន្ទៈ​អនុវត្ត​ការងារ​ច្រើន​ថែម​ទៀត​ពី​មន្ត្រី​ពន្ធដារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ