ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រមាន​​ថា ខ្លួន​មិន​ឱបដៃ​នៅ​ស្ងៀម​ឡើយ

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​-​ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​ព្រមាន​ថា ខ្លួន​នឹង​មិន​ឱបដៃ​នៅ​ស្ងៀម​ឡើយ ប្រឈម​មុខ​នឹង​នយោបាយ​ឈ្លាន​ពាន​​របស់​អ៊ី​រ៉​ង់…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​-​ប្រទេស​អ៊ី​រ៉​ង់ ៖ ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​ព្រមាន​ថា ខ្លួន​នឹង​មិន​ឱបដៃ​នៅ​ស្ងៀម​ឡើយ ប្រឈម​មុខ​នឹង​នយោបាយ​ឈ្លាន​ពាន​​របស់​អ៊ី​រ៉​ង់ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​មហាអំណាច​ប្រជែង​គ្នា​ទាំង​២​នៅ​មជ្ឈិម​បូ​ពា ។

នា​ឱកាស​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​របស់​សម្ព័ន្ធ​អា​រ៉ាប់​នៅ​ក្រុង​គែរ​អេ​ហ្ស៊ី​ប តាម​សំណើ​របស់​ក្រុង​រី​យ៉ា​ដ រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត លោក ADEL AL JUBEIR បាន​បញ្ចេញ​វោហា​សាស្ត្រ​វាយប្រហារ​ប្រឆាំង​អ៊ីរ៉​ង់  និង​សម្ព័ន្ធមិត្ត​ចង់​និយាយ​សំដៅលើ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ និង​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ស៊ុន​នី​ត និង​អ៊ីរ៉​ង់ ស៊ី​អ៊ីត ដែល​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​ត្រូវ​កាត់​ផ្តាច់​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៦​មក បាន​ប្រឆាំង​គ្នា​ក្នុង​ជម្លោះ​ជា​ច្រើន​ក្នុង​តំបន់​ដែល​រួម​មាន​សង្គ្រាម​នៅ​យេ​ម៉ែ​ន និង​នៅ​ស៊ី​រី ព្រមទាំង​លើ​សំណុំរឿង​លី​បង់ ។
ក្នុង​សុន្ទរកថា​មួយ​ពេល​ប្រជុំ​ពេញអង្គ​របស់​សម្ព័ន្ធ​អា​រ៉ាប់ លោក JUBEIR និយាយ​ថា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នឹង​មិន​ឱបដៃ​នៅ​ស្ងៀម​ឡើយ​ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​របស់​អ៊ី​រ៉​ង់ ហើយនឹង​ពុំ​សំចៃ​ការ​ខិតខំ​ប្រឹងប្រែង​ឡើយ ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន ។

កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា កងទ័ព​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ស្ទាក់​កម្ទេច​ពីលើ​ព្រ​លាន​យន្តហោះ​ក្រុង​រី​យ៉ា​ដ​នូវ​មី​ស៊ី​ល​១​គ្រាប់​បាញ់​ចេញ​ដោយ​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ។ អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អះអាង​ថា មី​ស៊ី​ល​នេះ​ផលិត​នៅ​អ៊ី​រ៉​ង់ តែ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ ។ ចំណែក​រដ្ឋ​មន្ត្រី​ការ​បរទេស​បា​រ៉ែ​ន​ជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក CHEIKH KHALED BEN AHMAD AL KHALIFA វាយតម្លៃ​ថា លី​បង់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ទាំងស្រុង​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ។

ក្នុង​សេចក្តី​ប្រកាស​ចុង​ក្រោយ​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ សម្ព័ន្ធ​អា​រ៉ាប់ បាន​ថ្កោលទោស​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ផលិត​នៅ​អ៊ី​រ៉​ង់​ចេញពី​យេម៉ែ​ន ហើយ​បរិហារ​ថា នេះ​ជា​ការ​ឈ្លាន​ពាន​ជាក់ស្តែង​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ