ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នកលក់​ដូង មាន​វាសនា​មិន​ខ្ពស់​ដូច​ដើម​ដូង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ « អ្នកលក់​ដូង មាន​វាសនា​មិន​ខ្ពស់​ដូច​ដើម​ដូង​ទេ តែ​វា​ជា​របរ​សុចរិត​មួយ​ដែល​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់់​ជីវភាព​គ្រួសារ​ខ្ញុំ » ។ នេះ​ជា​សម្ដី​របស់​បុរស​ប្រកប​របរ​លក់​ដូង​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ដែល​កំពុង​អង្គុយ​ក្រោម​ដើមឈើ…

រាជធានី​ភ្នំពេញ ៖ « អ្នកលក់​ដូង មាន​វាសនា​មិន​ខ្ពស់​ដូច​ដើម​ដូង​ទេ តែ​វា​ជា​របរ​សុចរិត​មួយ​ដែល​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់់​ជីវភាព​គ្រួសារ​ខ្ញុំ » ។ នេះ​ជា​សម្ដី​របស់​បុរស​ប្រកប​របរ​លក់​ដូង​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ ដែល​កំពុង​អង្គុយ​ក្រោម​ដើមឈើ ខណៈ​កែវភ្នែក​ទាំង​គូ​សម្លឹង​មើល​អ្នកដំណើរ​ទៅ​មក ក្រែង​មាន​អ្នកទិញ​យក​ទៅ​ពិសា ។

បុរស​ឈ្មោះ ងឿ​ន នី ដែល​មហាជន​តែង​ហៅ​ថា «​ពូ​លក់​ដូង​» បាន​រៀបរាប់​ថា លោក​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​មក​រកស៊ី​លក់​ដូង​នៅ​ភ្នំពេញ​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​ថា ៖ «របរ​លក់​ដូង មិន​ខ្ពស់​ដូច​ដើម​ដូង​ទេ តែ​វា​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ដោយ​មិន​ចាំ​បាច​ចំណាកស្រុក​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន » ។

លោក​បន្ដ​ថា បើ​ទោះបី​វា​ជា​របរ​តូចតាច តែ​សព្វ​ថ្ងៃនេះ ក៏​មានការ​ប្រកួតប្រជែង​ខ្លាំង​ណាស់​ដែរ ព្រោះ​មាន​អ្នកលក់​កាន់តែ​ច្រើន ហើយ​ចូល​ដល់​រដូវ​នេះ​កាន់តែ​ពិបាក​ទៀត ព្រោះ​ជា​រដូវវស្សា អាកាសធាតុ​ត្រជាក់ ។

លោក​បញ្ជាក់​ថា ៖« កាលពីមុន ខ្ញុំ​អាច​លក់​បាន​រហូត​ដល់​១០០​ផ្លែ តែ​ឥឡូវនេះ ក្នុង​១​ថ្ងៃ បាន​ត្រឹម​ពី​៥០​ទៅ​៦០​ផ្លែ​ប៉ុណ្ណោះ ដោយ​ក្នុង​១​ផ្លែ តម្លៃ​ពី​២.៥០០​ទៅ​៣.០០០​រៀល ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​បាន​ជិត​២០​ម៉ឺន​រៀល​ដែរ​ដោយ​មិន​ទាន់​កាត់​ថ្លៃដើម និង​ចំណាយ » ។

លោក​បន្ដ​ថា ផ្លែ​ដូង​ទាំងនេះ គឺ​បាន​ទិញ​ចូល​ពី​អ្នក​បោះ​ដុំ​មក​ពី​ខេត្តកំពត ដោយ​តម្លៃ​១.០០០​រៀល​ក្នុង​១​ផ្លែ ។ មូលហេតុ​ដែល​លោក​ចាប់​យក​របរ​នេះ ព្រោះ​វា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម បើ​ធៀប​នឹង​ការងារ​តូចតាច​មួយ​ចំនួន​ដូច​ជា​កម្មករ​សំណង់​ជាដើម ។ លោក​ថា ៖ « កាល​មិន​ទាន់​ចាប់​យក​របរ​នេះ ខ្ញុំ​ធ្វើ​ជា​កម្មករ​ទេ ប៉ុន្តែ​ដោយសារ​ការងារ​មួយ​នេះ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ក៏​សម្រេចចិត្ត​ធ្វើ​ជា​អ្នកលក់​ដូង​តាម​ម៉ូតូ​ម្ដង » ។  ចំណែក​អ្នកលក់​ដូង​ម្នាក់​ទៀត​បាន​និយាយ​ថា ក្នុង​១​ថ្ងៃ លោក​អាច​លក់​ដូង​បាន​ពី​៧០ ទៅ​៨០​ផ្លែ ហើយ​បើ​នៅ​ខែ​ក្ដៅ​វិញ គឺ​អាច​លក់​បាន​ច្រើន​ជាង​នេះ ។

លោកពូ ទូច ដែល​មាន​វ័យ​ចំណាស់​បន្ដិច​ទៅ​ហើយ​នោះ​បាន​រៀបរាប់​ថា ៖« របរ​លក់​ដូង ឲ្យ​តែ​មាន​អ្នកទិញ កន្លែង​ណា​ក៏​ខ្ញុំ​ទៅ​ដល់​ដែរ មិន​ថា​យប់​ឬ​ថ្ងៃ​ទេ ពេល​ខ្លះ ខ្ញុំ​ត្រូវ​ដេក​ចោល​ប្រពន្ធ​កូន​ខ្ញុំ​នៅផ្ទះ​ទៀត ហើយ​ពេល​មេឃ​ភ្លៀង​ម្ដង​ៗ ខ្ញុំ​បាំង​តង់​ដេក​នៅ​កន្លែង​លក់​ដូង​ហ្នឹង​តែ​ម្ដង » ។

យ៉ាងណា​ក៏​ដោយ លោក​រីករាយ និង​សប្បាយចិត្ត ព្រោះ​វា​ជា​របរ​សុចរិត និង​រក​ប្រាក់​ដោយ​កម្លាំង​ញើស​ឈាម ។ ថ្វី​ដ្បិតតែ​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ធូរធារ តែ​អាចរ​ស់បាន​ដោយ​មិន​ពិបាក​យ៉ាប់យ៉ឺន​នោះ​ទេ ។

កញ្ញា សុខ វ៉ា​ន់​ទេវី ដែល​បាន​ទិញ​ផ្លែ​ដូង​បាន​ប្រាប់​ថា មិន​ថា​ខែ​ក្ដៅ ឬ​ត្រជាក់​ទេ គឺ​នាង​តែង​ទិញ​ដូង​ផឹក ព្រោះ​គិត​ថា តម្លៃ​វា​សមរម្យ ជា​របស់​ធម្មជាតិ និង​មាន​ផលប្រយោជន៍​ដល់​សុខភាព ។

កញ្ញា​បាន​បង្ហើប​ថា ៖« ពី​មុន​ខ្ញុំ​គិត​ថា អ្នកលក់​ដូង​កោរ​ណាស់ ព្រោះ​ទិញ​ចូល​ថោក លក់​វិញ​ថ្លៃ តែ​ដល់​ពេល​ឃើញ​ពី​ជីវិត​របស់​ពួក​គាត់​ជាក់ស្ដែង​ចឹ​ង​ទៅ ទើប​ដឹង​ថា វា​មិន​ស្រួល ហើយ​ក៏​មិន​ចំណេញ​ច្រើន​ដែរ ។ ជាក់ស្ដែង ដូច​ជា​លោកពូ​ទូច​ចឹ​ង គឺ​គាត់​ប្រាប់​ថា គាត់​លក់​រហូត​ដល់​យប់​ជ្រៅ យប់​ខ្លះ​គាត់​ដេក​តាម​ផ្លូវ ។ អីចឹង គ្រាន់តែ​សំណូមពរ​ដល់​អ្នក​ទិញ​ទាំងអស់​កុំ​តថ្លៃ​អី ព្រោះ​គាត់​ចំណេញ​តិចតួច​ណាស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ