ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ភារ​ធ្វើ​ពី​អ៊ី​ណុ​ក​កំពុង​ដណ្តើម​ចំណែក​ទីផ្សារ ច្រើន​ជាង​សម្ភារ​ធ្វើ​ពី​ឈើ និង​ដែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ដែក និង​ឈើ​មួយ​ចំនួន​មិន​រឹង​មាំ ឬ​ពិបាក​ថែទាំ អាជីវករ​មួយ​ចំនួន​ធំ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់ ម្ចាស់​សហគ្រាស និង​ភោជនីយដ្ឋាន បាន​ងាក​ទៅ​ចាប់អារម្មណ៍…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ដែក និង​ឈើ​មួយ​ចំនួន​មិន​រឹង​មាំ ឬ​ពិបាក​ថែទាំ អាជីវករ​មួយ​ចំនួន​ធំ ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់ ម្ចាស់​សហគ្រាស និង​ភោជនីយដ្ឋាន បាន​ងាក​ទៅ​ចាប់អារម្មណ៍ និង​និយម​ប្រើប្រាស់​សម្ភារ​ធ្វើ​ពី​អ៊ីណុ​ក​វិញ បើ​ទោះជា​វា​ថ្លៃ​ជាង​បន្ដិច​ក៏​ដោយ ។

លើស​ពី​នេះ សម្ភារ​ប្រើប្រាស់​ពី​អ៊ី​ណុ​ក​មាន​ច្រើន​ប្រភេទ ដែល​បាន​ដាក់​លក់​នៅ​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

លោក វេ​ង សេង ម្ចាស់​សិប្បកម្ម​អ៊ីណុ​ក​យីហោ វេ​ង សេង បានឱ្យ​ដឹង​ថា បច្ចុប្បន្ន តម្រូវ​ការ​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​អ៊ី​ណុ​ក​មាន​ច្រើន ទាំង​នៅ​តាម​លំនៅ​ឋាន និង​ភោជនីយ​ដ្ឋាន ។ ជាក់ស្តែង សិប្បកម្ម​របស់​លោក​បាន​ទទួល​ការ​កុម្ម​ង់​ពី​ភោជនីយដ្ឋាន​ច្រើន ដូច​ជា ចង្ក្រាន​​បាយ​ធ្វើ​ពី​អ៊ី​ណុ​ក តុ និង​កៅអី ជាដើម ។ ដោយឡែក តម្រូវការ​ប្រើប្រាស់​ដូច​ជា តុ ទូ នៅ​តាម​លំនៅ​ឋាន ក៏​មាន​ចំនួន​ច្រើន​ជាង​មុន​ដែរ ។

ម្ចាស់​សិប្បកម្ម​រូប​នេះ​បន្ត​ថា រាល់​សម្ភារ​ធ្វើ​ពី​អ៊ូណុ​ក គឺ​មាន​តម្លៃ​ថ្លៃ​ជាង​សម្ភារ​ធ្វើ​ពី​ដែក មួយ​ទ្វេ​ជា​ពីរ ដោយសារ​វា​មានគុណ​ភាពល្អ​ជាង រឹង​មាំ​ជាង ច្រែះ​មិន​ស៊ី ងាយស្រួល​ថែទាំ និង​លាង​សម្អាត ។ មក​ដល់​បច្ចុប្បន្ន អាជីវកម្ម​ផ្គត់ផ្គង់​សម្ភារ​អ៊ី​ណុ​ក​កំពុង​ប្រកួត​ប្រជែង​តម្លៃ និង​ដណ្តើម​អតិថិជន​ខ្លាំង ខុស​ពី​គ្រា​មុន​ៗ ។

លោក​បន្ត​ថា ៖« តាម​ការ​សង្កេត សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ពី​អ៊ីណុ​ក​នេះ​កើនឡើង​ច្រើន និង​ប្រកួតប្រជែង​គ្នា​ក៏​ខ្លាំង​ជាង​មុន​ដែរ ។ កាលពីមុន មិនសូវ​មាន​អ្នក​ផ្គត់ផ្គង់​ទេ យើង​អាច​លក់​បាន​ថ្លៃ​បន្តិច តែ​មក​ដល់​ឥឡូវ អ្នក​ផ្គត់ផ្គង់​មាន​ចំនួន​ច្រើន អីចឹង តម្លៃ​ក៏​ត្រូវ​ចុះ​ទៅ​តាម​នោះ​ដែរ ដើម្បី​ទាក់ទាញ​អតិថិជន » ។

លោក សុង សុ​ផា អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​សិប្បកម្ម​រិ​ទ្ធី​ការ លក់ដុំ​-​រាយ​តុ និង​ទូ ធ្វើ​ពី​អាលុយមីញ៉ូម និង​អ៊ី​ណុ​ក បានឱ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន តម្រូវការ​ប្រើប្រាស់​សម្ភារ​ធ្វើ​ពី​អាលុយមីញ៉ូម និង​អ៊ីណុ​ក មាន​ចំនួន​ច្រើន​ជាង​សម្ភារ​ធ្វើ​ពី​ឈើ ព្រោះ​សម្ភារ​ធ្វើ​ពី​ឈើ​ខ្លះ​ឆាប់​ពុក​ខូច ។ ចំណែក​សម្ភារ​ធ្វើ​ពី​អ៊ី​ណុ​ក បើ​ទោះបី​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​វា​ធន់​នឹង​ការ​ប្រើប្រាស់​បាន​យូរ ។

លោក សុង សុ​ផា បន្ថែម​ថា ៖« សិប្បកម្ម​អ៊ី​ណុ​ក​មាន​ច្រើន ហើយ​ដើម្បី​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ យើង​ធ្វើ​យ៉ាងណា ធ្វើ​តុ ឬ​ទូ ទាមទារ​ឱ្យ​មានគុណ​ភាព និង​ច្នៃ​ម៉ូ​ដ​ថ្មី​ៗ ទើប​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បាន » ។

អ្នកស្រី ណៃ​ហំ អាជីវករ​លក់​បាយ បានឱ្យ​ដឹង​ថា ការ​ដែល​អ្នកស្រី​សម្រេចចិត្ត​ទិញ​តុ ធ្វើ​ពី​អ៊ី​ណុ​ក​នេះ ដោយសារ​ងាយស្រួល​លាង​សម្អាត ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ​បន្ដិច ។ ជាក់ស្តែង តុ​អ៊ី​ណុ​ក​ទំហំ​តូច​មួយ គឺ​មាន​តម្លៃ​ជាង​២០​ដុល្លារ ។

អ្នកស្រី​បន្ត​ថា សព្វ​ថ្ងៃនេះ​សម្ភារ​ធ្វើ​ពី​អ៊ី​ណុ​ក មិន​ត្រឹមតែ​មាន​អ្នក​ប្រើប្រាស់​ច្រើន​នៅ​តាម​លំនៅ​ឋាន​ទេ សូ​ម្បី​តែ​អាជីវករ​លក់ដូរ​តូចតាច​នៅ​តាម​ដងផ្លូវ ក៏​ជ្រើសរើស​តុ និង​ទូ​អ៊ីណុក​ច្រើន​ដែរ ព្រោះ​វា​ស្រាល និង​ងាយស្រួល​ដឹក​ជញ្ជូន ។ ចំណែក​អ្នកស្រី គួ​ច សុខ​ហ៊ុន ម្ចាស់​ដេប៉ូ​ផ្គត់ផ្គង់​អ៊ី​ណុ​ក នៅ​ជិត​ស្តុ​ប​ណូ​គា ផ្លូវ​២០០៤ បានឱ្យ​ដឹង​ដែរ​ថា តម្រូវការ​ប្រើប្រាស់​អ៊ី​ណុ​ក​មាន​ច្រើន​ជាង​មុន ទាំង​នៅ​តាម​ខុន​ដូ រោងចក្រ​ស្រា​បៀរ រោងចក្រ​ទឹក​ផ្លែ​ឈើ និង​សិប្បកម្ម​តូច​ៗ ដោយសារ​សម្ភារ​ទាំងនេះ​ងាយស្រួល​ថែទាំ ។

អ្នកស្រី​បញ្ជាក់​ថា អ៊ី​ណុ​ក​ដែល​អ្នកស្រី​យក​មក​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ និង​ចែកចាយ​ទៅ​តាម​ខេត្ត​ផ្សេង​ៗ គឺ​នាំ​ចូល​មក​ពី​ប្រទេស​ចិន វៀតណាម និង​ថៃ ដោយ​ក្នុង​១​តោន ថ្លៃ​១.២០០​ដុល្លារ ខណៈ​ដែក​១​តោន ថ្លៃ​ប្រហែល​៧០០​ដុល្លារ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ​បានជា​សម្ភារ​ធ្វើ​ពី​អ៊ីណុ​ក​តម្លៃ​ថ្លៃ​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ