ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន ៖ បច្ចុប្បន្ន កម្ពុជា​ដូច​ទីក្រុង​ស៊ិ​ន​ជិន​ប្រទេស​ចិន​កាលពី​20​ឆ្នាំ​មុន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ មានការ​រីក​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់ ទាំង​លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស និង​ការ​វិនិ​យោគ​​ផ្ទាល់​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក ដោយ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រង្វង់​៧%​ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ឡើង​ៗ មក​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ មានការ​រីក​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់ ទាំង​លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស និង​ការ​វិនិ​យោគ​​ផ្ទាល់​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក ដោយ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រង្វង់​៧%​ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ឡើង​ៗ មក​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស វិនិ​យោគិន​ចិន ។

វិនិយោគិន​មក​ពី​ប្រទេស​ចិន លោក Ma Hejun ដែល​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា បាន​និយាយ​ថា ការ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន គឺ​មិន​ខុស​គ្នា​ទៅ​នឹង​ទីក្រុង​ស៊ិ​ន​ជិន​ប្រទេស​ចិន កាលពី​២០​ឆ្នាំ​មុន​នោះ​ទេ ។ ដូចនេះ នៅ​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ទៀត ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា នឹង​ដូច​ទីក្រុង​ស៊ិ​ន​ជិន ប្រទេស​ចិន នា​ពេល​បច្ចុប្បន្ន​នេះ ។

លោក​ថា ៖« ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ស្ថាន​ភាព​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​វិនិយោគ​នានា​បណ្ដាក់ទុន​វិនិយោគ ហើយដោយ​មើលឃើញ​ថា ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា នឹង​កាន់តែ​ល្អ​ប្រសើរ​ទៀត​នោះ ទើប​ពួក​យើង​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ » ។

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB ក៏​បាន​មើលឃើញ​ពី​ទស្សនវិស័យ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​ផង​ដែរ ដោយ​ធនាគារ​មួយ​នេះ​បាន​ដាក់​រហ័ស​នាម​ថ្មី​ដល់​កម្ពុជា​ថា «​ខ្លា​អាស៊ី​» ក្នុង​នោះ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៦ ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​សម្រាប់​​មនុស្ស​ម្នាក់ មាន​ប្រមាណ​តែ​ជាង​១.៣០០​ដុល្លារ​អា​មេ​រិ​ក ប៉ុណ្ណោះ តែ​ដល់​ឆ្នាំ​២០១៧​នេះ​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ដល់​ជាង​១.៤០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មនុស្ស​ម្នាក់ ។

តាម​រយៈ​កំណើនសេដ្ឋកិច្ច និង​ផលិតផល​ក្នុងស្រុក​សរុប​បែប​នេះ ក៏​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ក្នុង​ការ​បណ្ដាក់ទុន ជា​ពិសេស​វិនិយោគិន​ចិន ។ ជាក់ស្ដែង បច្ចុ​ប្បន្ន​នេះ កំណើន​វិនិយោគិន​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​បណ្ដាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។ តួយ៉ាង ខេត្ត​ព្រះ​សីហ​នុ ដែល​កាលពីមុន គឺ​សម្បូរ​ទៅ​ដោយ​វិនិយោគិន​មក​ពី​អឺរ៉ុប ប៉ុន្តែ​ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ប្រសិទ្ធ​នាម​ថា ក្រុងព្រះសីហនុ នឹង​អាច​ក្លាយជា​ទីក្រុង​ស៊ិ​ន​ជិន ប្រទេស​ចិន​នា​ពេល​ដ៏​ខ្លី​នោះ ក៏​បាន​ធ្វើ​ឲ្យ​វិនិយោគិន​ចិន​ជា​ច្រើន​សម្រុក​ទៅ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ដូច​ជា សណ្ឋាគារ កាស៊ីណូ និង​អចលនទ្រព្យ ។
សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ខិតខំ​រិះរក​វិធីសាស្ត្រ​នានា​ដើម្បី​ទាក់ទាញ​កៀងគរ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស ធ្វើ​យ៉ាងណា ឲ្យ​គេ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សម្ដេច​មាន​ប្រសាសន៍​ថា ៖« ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ក្នុង​នោះ ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ចេញផ្សាយ​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៧​នេះ មាន​ប្រទេស​៥​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាងគេ ក្នុង​នោះ ប្រទេស​មហាអំណាច​ចិន​ឈរ​នៅ​លំដាប់​ទី​១ ដែល​បាន​បោះទុន​វិនិយោគ​ចំនួន​១២១​គម្រោង ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ដែរ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បន្ត​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរ​ចិន​មក​កម្ពុជា ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ