ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​សញ្ញា និង​បដា​ពាក្យស្លោក​របស់​បក្ស​ប្រឆាំង​នៅ​ភ្នំពេញ​ត្រូវ​​កាត់​ទម្លាក់​ដល់​ដី​ស្ទើរ​ទាំងស្រុង

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្នុង​ប្រតិបត្តិការ​ទម្លាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ទឹកដី​រាជ​ធានី​​ភ្នំពេញ តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក្រោយ​ពី​តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​រំលាយ​ចោល កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​កន្លង​មក​ថ្មី​ៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កាត់​ផ្តាច់​ទម្លាក់​ស្លាក​សញ្ញា និង​បដា​ពាក្យស្លោក​ផ្សេង​ៗ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ បាន ៨០%​ហើយ…

​រាជធានី​ភ្នំពេញ ​៖ ក្នុង​ប្រតិបត្តិការ​ទម្លាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ទឹកដី​រាជ​ធានី​​ភ្នំពេញ តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក្រោយ​ពី​តុលាការ​កំពូល​បាន​ចេញ​សាល​ដីកា​រំលាយ​ចោល កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​កន្លង​មក​ថ្មី​ៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កាត់​ផ្តាច់​ទម្លាក់​ស្លាក​សញ្ញា និង​បដា​ពាក្យស្លោក​ផ្សេង​ៗ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ បាន ៨០%​ហើយ គឺ​នៅ​សល់​ប្រមាណ​២០% ក្នុង​រយៈពេល​២​ឬ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​កាត់​ទម្លាក់​រួចរាល់ ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ទម្លាក់​ស្លាក​គណ​បក្ស​សង្គ្រោះ​ជាតិ តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​នេះ «​មិន​មាន​ផ្ទុះ​បាតុភាព​រារាំង​ណា​មួយ​ពី​អតីត​ថ្នាក់ដឹកនាំ ឬ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រាជធានី​នៅ​ឡើយ ការងារ​ទម្លាក់​ស្លាក​នេះ នឹង​ត្រូវ​រួចរាល់​នៅ​ក្នុង​រយៈពេល​២​ឬ​៣​ថ្ងៃ​ទៀត​» ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ថា ការ​ទម្លាក់ និង​រុះរើ​ទម្លាក់​ស្លាក​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​កាត់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រសួងមហាផ្ទៃ​បាន​​ប្រកាស​លុបឈ្មោះ​គណបក្ស​នេះ ចេញពី​បញ្ជី​គណបក្ស​នយោបាយ ព្រមទាំង​បង្គាប់​​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត ចុះ​អនុវត្ដ​សាលដីកា​ទម្លាក់​ស្លាក​, បដា និង​ពាក្យ​ស្លោក​ផ្សេង​ៗ របស់​គណបក្សប្រឆាំង​ទូ​ទាំង​ប្រទេស​តែ​ម្តង ។

​គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​របស់​កម្ពុជា បាន​ប្រកាស​​សាលដីកា​សម្រេច​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្ងៃ​ចេញ​ដីកា​នេះ​តទៅ ដោយសារ​តែ​គណបក្ស​នេះ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ជា​ប្រព័ន្ធ​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាមួយ​គ្នា​នេះ តុលាការ​កំពូល ក៏​បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផង​ដែរ​។​

​ក្រោយ​តុលាការ​កំពូល​ចេញ​ដីកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ចូលរួម​ថែរក្សា​សន្ដិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ប្រកាស ប្ដេជ្ញា​ធានា​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស របស់​កម្ពុជា​ព្រមទាំង​ធានា​ដល់​ការ​បោះ​ឆ្នោត ដែល​នឹង​ធ្វើ​ឡើងជា​បន្ដបន្ទាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ