រាជធានីភ្នំពេញ ៖ គួរឱ្យសង្វេគណាស់ កុមារីម្នាក់ទៅរៀននៅសាលា ហើយបានទិញមីមួយកញ្ចប់មកញ៉ាំ រួចរត់លេងធម្មតា ស្រាប់តែឈឺពោះក្អួតចង្អោរស្លាប់តែម្តង ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
កុមារីរងគ្រោះឈ្មោះ ភៀន ឆេងលៀង អាយុ៩ឆ្នាំ ជាសិស្សសាលាបឋមសិក្សាហ៊ុនសែនទួលសុភាឃួន មានឪពុកឈ្មោះ ផាន់ ភៀន អាយុ៤១ឆ្នាំ មុខរបរលក់ត្រីនៅផ្សារព្រៃទា និងម្តាយឈ្មោះ ជិន សុខឃឿន អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃភូមិ ឃុំកញ្ជាច ស្រុកកញ្ជាច ខេត្តព្រៃវែង ។
ប្រភពពីម្តាយបានប្រាប់ថា កូនរបស់គាត់មានតែ២នាក់ប៉ុណ្ណោះសុទ្ធតែជាស្រី ដោយកូនបងអាយុ១៧ឆ្នាំ និងកូនស្រីពៅអាយុ៩ឆ្នាំ ហើយមុនពេលកើតហេតុនៅវេលាម៉ោង៤រសៀលអ្នកគ្រូបង្រៀនបានទូស័ព្ទប្រាប់ថា «កូនរបស់គាត់មិនសូវស្រួលទេ» ។ ហើយគាត់បានឱ្យប្តីទៅសាលា រួចសួរកូនថា «កូនឯងកើតអី បានជាចុកពោះ» តែក្មេងៗទីនោះបានប្រាប់ថា «ឆេងលៀង បានទិញមីមួយកញ្ចប់មកញ៉ាំ តែមិនដឹងថា មីម៉ាកអីទេ រួចក៏បានរត់លេង ស្រាប់តែចុកពោះ និងក្អួតតែម្តង» ។
ប្រភពពីឪពុកវិញបានប្រាប់ថា បន្ទាប់មកគាត់បានឌុបកូនស្រីមកកន្លែងលក់ដូរ ដោយមិនចាប់អារម្មណ៍ថា ធ្ងន់ធ្ងរទេ ស្មានតែឈឺពោះធម្មតា ក៏លាបប្រេងកូឡារឹតខ្លួនកូនស្រីរួចឱ្យដេក និងនិយាយលេងជាមួយកូន ហើយគាត់ក៏លក់ត្រីបន្តទៀត ។ លុះកន្លះម៉ោងក្រោយមក កូនរបស់គាត់មានអាការៈរឹតតែធ្ងន់ធ ក៏បញ្ជូនទៅគ្លីនិក២៤ម៉ោងជិតផ្សារ តែគ្រូពេទ្យឃើញកូនស្រីគាត់ធ្ងន់ពេកមិនបានទទួលទេ ដោយប្រាប់ឲ្យយកទៅមន្ទីរពេទ្យធំ ។ គាត់ក៏ដឹកកូនតាមផ្លូវសហព័ន្ធរុស្សីតែផ្លូវស្ទះចរាចរណ៍ពេក ក៏នាំចូលទៅមន្ទីរពេទ្យស័ងម៉ារីនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង តែគ្រូពេទ្យប្រាប់ថា មិនមានសង្ឃឹមឡើយ ព្រោះធ្ងន់ធ្ងរទៅហើយ ប៉ុន្តែខាងមន្ទីរពេទ្យបានព្យាយាមជួយធ្វើចលនាមួយសន្ទុះក្រោយ ស្រាប់តែដាច់ខ្យល់ស្លាប់តែម្តង ។
បើតាមប្រភពនៅកន្លែងកើតហេតុប្រាប់ថា បន្ទាប់ពីកូនស្រីដាច់ខ្យល់ស្លាប់ធ្វើឱ្យឪពុកម្តាយ ព្រមទាំងបងប្អូនញាតិ យំសោកបោកខ្លួនយ៉ាងខ្លាំង ជាពិសេសឪពុកម្តាយ និងបងស្រីយំរហូត ហើយបុរសជាឪពុកយំដល់ដួលសន្លប់ ចំណែកម្តាយរកកលនឹងសន្លប់ដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់រកតែសួរនាំមិនកើតទេ ដោយសារតែឪពុកម្តាយគិតតែពីយំសោកបោកខ្លួន ទើបសមត្ថកិច្ចត្រឡប់ទៅវិញ ។ ក្រោយមកទើបគ្រួសារសុំយកសពទៅធ្វើបុណ្យនៅស្រុក ដោយមិនបានប្តឹងទេ ហើយសមត្ថកិច្ចក៏មិនបានធ្វើកោសល្យវិច្ឆ័យដែរ ។ ជុំវិញករណីស្លាប់ខាងលើសមត្ថកិច្ចមិនបានដឹងពីមូលហេតុពិតប្រាកដទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុសង្ស័យថា មកពីពុលមីកញ្ចប់ ទើបបណ្តាលឲ្យស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ