ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​វ័យ​៧៣​ឆ្នាំ​ម្នាក់ ដាំ​ម្រេច​ក្នុង​ដី​លំនៅ​ឋាន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ល្អ​ប្រសើរ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កសិករ​ម្នាក់​ឈ្មោះ សៅ សង់​មាន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប…

ខេត្តស្វាយរៀង ៖ កសិករ​ម្នាក់​ឈ្មោះ សៅ សង់​មាន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប បាន​ប្រកប​មុខរបរ​កសិកម្ម​ក្នុង​វ័យ​ចំណាស់ ហើយ​បាន​ដាំ​ដំណាំ​ម្រេច ដើម្បី​ផ្ត​ត់​ផ្គង់​ជីវភាព ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោតសរសើរ ដោយសារ​នៅ​ក្នុង​ខេត្តស្វាយរៀង​គេ​មិន​ដែល​ឃើញ​មាន​អ្នក​ណា​ដាំ​ម្រេច​ឡើយ ចាស់ទុំ​ខ្លះ​និយាយ​ថា តាំងពីរ​ក្មេង​រហូត​ដល់​ចាស់​មិន​ដែល​ស្គាល់​ដើម​ម្រេច​ឡើយ ។

បើ​តាម​លោកតា សៅ សង់​មាន ដែល​ជា​អ្នក​ដាំ​ម្រេច បាន​មាន​ប្រសាសន៍​ថា គាត់​មានកូន​៥​នាក់ ស្រី​២​នាក់ បាន​រៀប​ការ​បែកចេញ​ទៅ​រស់នៅ​តាម​ប្តី​តាម​ប្រពន្ធ​កូន​អស់ហើយ ។ បច្ចុប្បន្ន គាត់​រស់នៅ​ពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​បាន​ទៅ​លេង​ផ្ទះ​ប្អូន​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ឆ្លងកាត់​ខេត្តកំពត បានឃើញ​ចំការ​ម្រេច ក៏​ចុះ​មើល​ហើយ​ចាប់អារម្មណ៍ ក៏​បាន​សួរនាំ​ម្ចាស់​ចំការ​ម្រេច ពី​របៀប​ដាំ​ដំណាំ​ម្រេច​នេះ ក្រោយ​ពី​សំណេះសំណាល​រួច ចង់​ដាំ​ដំណាំ​ម្រេច​នេះ ក៏​បាន​សុំ​ចែក​ទិញ​កូន​ម្រេច ប្រមាណ​៣០​ជ្រ​លង់ ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៥ មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គឺ​មាន​៤៥​ជ្រ​លង់ ដោយ​ប្រើ​ជីធម្មជាតិ​ធ្វើ​ដោយ​ខ្លួនឯង ដោយ​យក​ស្លឹក​រុក្ខជាតិ និង​លាមក​សត្វ​ធ្វើ​ជា​ជី​កំ​ប៉ុ​ស្ត៍ ដាក់​ម្រេច​នេះ ។

លោកតា សៅ សង់​មាន បន្ត​ទៀត​ថា ដំណាំ​ម្រេច​របស់​គាត់​លូតលាស់​ល្អ និង​មាន​ទិន្នផល​ល្អ អ្នកស្រុក​បាន​នាំ​គ្នា​មក​មើល ហើយ​បាន​ទិញ​ផ្លែ​ម្រេច​ខ្ចី​ទៅ​ឆា​ជាមួយ​សាច់​មាន់ ឬ​ពោះ​តាន់ ស្ទើរ​រាល់ថ្ងៃ គ្រាន់​នឹង​ផ្គត់ផ្គង់​ជីវភាព​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ ហើយ​បើ​ម្រេច​ទុំ​ហាល​ស្ងួត​លក់​បាន​ក្នុង​មួយ​គីឡូ​តម្លៃ​៣០,០០០​រៀល​ទៅ​៣៥,០០០​រៀល ។ ហើយ​ដំណាំ​ម្រេច​នេះ​ងាយស្រួល​ដាំ​មិនជា​រើស​ដី​ទេ ឲ្យ​តែ​យើង​ចេះ​រៀបចំ​ដី​បាន​ស្អាត មានកំ​ដៅ​គ្រប់គ្រាន់ និង​ប្រើប្រាស់​ជីធម្មជាតិ​ជី​កំ​ប៉ុ​ស្ត៍ នេះ​ម្រេច​មាន​ទិន្នផល​ល្អ​ប្រសើរ​ហើយ ម្យ៉ាង​បើ​នៅ​ក្នុង​តំបន់​យើង​គ្មាន​អ្នក​ដាំ​ម្រេច​នោះ គឺជា​ឱកាស​សម្រាប់​យើង​អ្នក​ដាំ​ម្រេច​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​លក់​ក្នុងភូមិ ឬ​ផ្គត់ផ្គង់​ដល់​ម៉ូយ​តាម​ហាង​តូច​ៗ​ក្នុងភូមិ វា​មិន​អាច​ធ្វើ​ជា​អ្នក​មានបាន ក៏​ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន និង​មាន​ប្រាក់​កាស​ទៅ​បុណ្យ ឬ​ទៅ​វត្ត​រាល់​ថ្ងៃសីល​បាន​សម្រាប់​រូប​គាត់​២​នាក់​យាយ​តា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ