រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈពេលជិះម៉ូតូឌុបទៅឈប់នៅចំណតរថយន្តតាក់ស៊ី ត្រូវបានអ្នកបើករថយន្តតាក់ស៊ីម្នាក់ រួមជាមួយបក្ខពួកពីរទៅបីនាក់ទៀតរត់ទៅដណ្ដើមយកកាបូបអីវ៉ាន់ទៅដាក់នៅក្នុងរថយន្ត និងបានបង្ខំឲ្យជិះរថយន្តម្ដងហើយម្ដងទៀត ប៉ុន្តែបុរសនោះមិនព្រមជិះឡើយ។ ដែលជាហេតុធ្វើឲ្យអ្នករត់តាក់ស៊ីឈាមក្ដៅផ្ទុះកំហឹងរួចក៏ទាញដំបងដែកបំពង់ទីបចេញពីក្នុងរថយន្ត រួចបានដេញវាយប៉ុនប៉ងសម្លាប់ជនរងគ្រោះតែម្ដង។ ប៉ុន្តែពេលនោះជនរងគ្រោះបានរត់រួចទើបផុតពីការស្លាប់ ហើយបានទៅប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយជនដៃដល់បានបើករថយន្តគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចស្ពានដែកនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។ បុរសដែលជាជនរងគ្រោះខាងលើនោះ បានឲ្យដឹងថា គាត់ឈ្មោះ ជន សាវ អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងខេត្តសៀមរាប និងមានទីលំនៅក្នុងខេត្តតាកែវ ។ រងរបួសដៃឆ្វេង ដោយឡែកនៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីទៅលេងផ្ទះមិត្តភក្តិរបស់គាត់ម្នាក់ ស្ថិតនៅជិតសួនឧស្សាហ៍កម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ខពោធិ៍សែនជ័យ។ បុរសខាងលើបានបន្តឲ្យដឹងទៀតថា ក្រោយពីបានជួបជុំនិយាយគ្នាពីនេះពីនោះជាមួយមិត្តភក្ដិរួច ហើយគាត់បានលាមិត្តភក្ដិ និងជិះម៉ូតូឌុប១គ្រឿងរកជិះរថយន្តតាក់ស៊ី ដើម្បីបន្តដំណើរទៅផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងខេត្តតាកែវ។
លុះពេលជិះម៉ូតូទៅដល់ចំណតរថយន្តចំណុចអតីតស្ពានដែកមិនទាន់ឈប់ និងចុះពីលើម៉ូតូផង ស្រាប់តែជនដៃដល់រត់ទៅដណ្ដើមយកកាបូបដាក់អីវ៉ាន់របស់គាត់រួបហើយបានយកទៅដាក់ក្នុងរថយន្តរបស់ខ្លួន។ មិនតែប៉ុណ្ណោះបានបង្ខំឲ្យគាត់ឡើងជិះរថយន្តរបស់ខ្លួនថែមទៀតផង ប៉ុន្តែគាត់មិនត្រឹមតែមិនជិះនោះទេ គឺបានយកកាបូបអីវ៉ាន់មកវិញថែមទៀតផង។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះស្រាប់តែអ្នកបើកបររថយន្តកំណាចម្នាក់នេះរួម និងបក្ខពួកបានទាញយកដំបងដែកបំពង់ទីបពីក្នុងរថយន្តដេញវាយគាត់ទាំងកំរោលតែម្ដង។
ខណៈគាត់គ្មានឱកាសដើម្បីតដៃបានឡើយ មានតែប្រើក្បាច់ម៉ែចែកឲ្យ គឺរត់គេចខ្លួនតែប៉ុណ្ណោះ បើមិនដូច្នេះទេប្រាកដជាត្រូវស្លាប់ក្រោមកណ្ដាប់ដៃជននោះបាត់ទៅហើយ។ ក្រោយមកជនទាំងបានគេចខ្លួនបាត់ស្រមោល ចំណែករូបគាត់បានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីកម្លាំងនគរបានខណ្ឌដង្កោ។ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅក្នុងខណៈនោះក្រុមអ្នករត់តាក់ស៊ីបានដេញវាយទៅលើជនរងគ្រោះយ៉ាងសាហាវ ដូចជារឿងភាគចិនហុងកុង។ ហើយបើកុំតែជនរងគ្រោះរត់រួចប្រហែលជាត្រូវស្លាប់ក្រោមដំបងដែកបំពង់ទីបអ្នករត់តាក់ស៊ីនោះបាត់ទៅហើយ ប៉ុន្តែជនរងគ្រោះក៏បានរងរបួសដៃឆ្វេងដោយសារលើកដៃរងពេលដែលជនដៃដល់វាយនោះផងដែរ៕
https://youtu.be/xUXrWVJj4pg
ចែករំលែកព័តមាននេះ