ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សុវត្ថិភាព​ក្នុង​ការ​ហាត់ប្រាណ

6 ឆ្នាំ មុន

រឿង​២​ដែល​មាន​សារសំខាន់​ចំពោះ​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គឺ​របប​អាហារ និង​ការ​ហាត់ប្រាណ ។ ខណៈ​ពេល​ដែល​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​របប​អាហារ​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ការ​ហាត់ប្រាណ​ដោយ​មិន​បាន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ជា​មួយ​អ្នកជំនាញ​អាច​មាន​គ្រោះថ្នាក់ ។ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​មិន​ធ្លាប់​ហាត់ប្រាណ​ពី​មុន​ទេ​នោះ​សូម​ចាប់ផ្តើម យឺត​ៗ…

រឿង​២​ដែល​មាន​សារសំខាន់​ចំពោះ​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គឺ​របប​អាហារ និង​ការ​ហាត់ប្រាណ ។ ខណៈ​ពេល​ដែល​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​របប​អាហារ​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ការ​ហាត់ប្រាណ​ដោយ​មិន​បាន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ជា​មួយ​អ្នកជំនាញ​អាច​មាន​គ្រោះថ្នាក់ ។ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​មិន​ធ្លាប់​ហាត់ប្រាណ​ពី​មុន​ទេ​នោះ​សូម​ចាប់ផ្តើម យឺត​ៗ ហើយ​កុំ​ជ្រើសរើស​ការ​ហាត់ប្រាណ​ណា​ដែល​មិន​សម​ស្រប​នឹង​រាង​កាយ​របស់​អ្នក ។ ប្រសិនបើ​អ្នក​ចង់ទៅ​កន្លែង​ហាត់​ប្រាណ​​ដើម្បី​សម្រក​ទម្ងន់ ចូរ​អន​វត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ។

១-​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក
ប្រសិនបើ​អ្នកមាន​បំណង​ចង់​ហាត់ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​របស់​អ្នក​ដើម្បី​ដឹង​ថា​តើ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ណា​ដែល​អ្នក​គួរតែ​ធ្វើ និង​រយៈ​ពេល​យូរ​ប៉ុនណា ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​នឹង​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ហើយ​ដូច្នេះ​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​លេបថ្នាំ ។ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ ឬ​កម្រិត​អាំង​ស៊ុ​យ​លី​ន​របស់​អ្នក​អាស្រ័យ​លើ​កាលវិភាគ​នៃ​ការ​ធ្វើ​លំ​ហាត់​ប្រាណ ។

២-​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​របស់​អ្នក
ជា​ទូទៅ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​អ្នក​មុន​ពេល​ទទួលទាន​គួរតែ​មាន​ចាប់ពី​១១០​ទៅ​១៣០​មី​លី​ក្រាម​ក្នុង​មួយ​ដេ​ស៊ី​លី​ត្រ និង​មិន​លើស​ពី​១៥០​ទៅ​២០០​មី​លី​ក្រាម​ក្នុង​មួយ​ដេ​ស៊ី​លី​ត្រ​ក្រោយ​ពេល​បរិភោគ​អាហារ ។ ប្រសិនបើ​នៅ​ថ្ងៃ​ណាមួយ​ដែល​កម្រិត​​ជាតិ​ស្ករ​របស់​អ្នកមាន​កម្រិត​ទាប ឬ​ខ្ពស់​ពេក​សូម​កុំទៅ​កន្លែង​ហាត់ប្រាណ ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនួស​វិញ ។ ប្រសិនបើ​អ្នក​មិន​អើពើ​នឹង​តួលេខ​នេះ និង​បន្ត​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​នៅ​កន្លែង​ហាត់ប្រាណ អ្នក​អាច​នឹង​ដួល​នៅ​កន្លែង​ហាត់ប្រាណ​ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ។

៣-​ទទួលទាន​អាហារ​សម្រន់​មុន​ពេល​ហាត់ប្រាណ
វា​មិនមែន​ជា​ការ​ល្អ​ទេ​ក្នុង​ការ​ហាត់ប្រាណ​ជាមួយនឹង​ពោះ​ទទេ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ។ សូម​បរិភោគ​អាហារ​សម្រន់​បន្តិច​មុន​ពេល​ហាត់ប្រាណ និង​ធ្វើ​ឱ្យ​រាង​​កាយ​របស់​អ្នកមាន​ថាមពល ។ បើ​មិន​ដូច្នោះ​ទេ​រាង​កាយ​របស់​អ្នក​នឹង​បំបែក​សាច់ដុំ​ដើម្បី​ទទួល​បាន​ថាមពល ដែល​វា​អាច​នាំ​ឲ្យ​មាន​បញ្ហា ផ្សេង​ៗ ។ ទឹកដោះ​គោមួយ​កែវ គ្រាប់​​ធញ្ញជាតិ ឬ​ផ្លែ​ឈើ​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ទទួលទាន​អាហារ​សម្រន់​មុន​ធ្វើ​លំ​ហាត់ប្រាណ ។

៤-​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អ្នក​បរិភោគ​ក្រោយ​ការ​ហាត់ប្រាណ
ក្រោយ​ការ​ធ្វើ​លំ​ហាត់ប្រាណ សូម​បំពេញបន្ថែម​រាង​កាយ​របស់​អ្នក​ជាមួយនឹង​អាហារ​ដែល​​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ចម្រុះ និង​ប្រូតេអ៊ីន ។ ការ​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត​បន្ទាប់​ពី​ការ​ហាត់​ប្រាណ​ជួយ​ឱ្យ​មាន​តុល្យភាព​ជាតិ​ស្ករ និង​ប្រូតេអ៊ីន​អាច​ជួយ​ឱ្យ​មាន​ថាមពល​ឡើង​វិញ និង​ការ​បង្កើត​សាច់ដុំ ។ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ក្រោយ​ការ​ហាត់ប្រាណ​ទេ វា​អាច​នាំ​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ ។ ម្យ៉ាងទៀត​ជាតិ​ស្ករ​របស់​អ្នក​នឹង​នៅ​តែ​មាន​កម្រិត​ទាប ដែល​អាច​នាំ​ឲ្យ​ថយ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ