រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំជិះម៉ូតូសង់កូរ៉េទើបតែចេញមកពីផឹកស៊ីនៅម្តុំច្បារអំពៅត្រលប់មកវិញបានពាក់កណ្តាលផ្លូវ ងងុយដេកបានឈប់ម៉ូតូដេកនៅលើសួនច្បារ ត្រូវជនឆ្លៀតឱកាសលួចយកកាបូបលុយទៅបាត់អត់លុយចាក់សាំងត្រលប់ទៅផ្ទះវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៧ នៅចំណុចជិតនឹងរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទៅផឹកស៊ីនៅឯច្បារអំពៅ លុះពេលដែលស្រវឹងស្រាជោកជាំ ក៏ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល ១E-៦០៤៨ ធ្វើដំណើរមកតាមបណ្តោយផ្លូវ៤៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែងងុយដេក ហើយម៉ូតូអស់សាំងបានឈប់ម៉ូតូនៅលើសួនច្បារ រួចក៏ដេកបានមួយសន្ទុះក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានដាស់គាត់ឲ្យភ្ញាក់ ហើយក៏បានមើលនៅក្នុងហោបៅបានបាត់កាបូប ដោយសារជនឆ្លៀតឱកាសលួចយកទៅបាត់ ។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងកាបូបដែលជនសង្ស័យលួចយកទៅបាត់នោះមាន លុយចំនួន២០ម៉ឺនរៀល និងកាតគ្រីម៉ូតូ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះអត់មានលុយចាក់សាំងទៅផ្ទះ មានបុរសម្នាក់ឲ្យលុយចំនួន១ម៉ឺនរៀល ដើម្បីចាក់សាំងត្រលប់ទៅផ្ទះវិញនៅឯព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ៕
ចែករំលែកព័តមាននេះ