ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​ពង្រឹង​ផលិតភាព​ក្នុង​វិស័យ​កាត់ដេរ​បន្ថែម ខណៈ​ប្រាក់​ឈ្នួល​កម្មករ​កើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​កាត់ដេរ​ហាក់​មាន​កំណើន​ថមថយ​បន្តិចបន្តួច ទន្ទឹម​នឹង​ប្រាក់​ឈ្មួ​ល​អប្បបរមា​កម្មករ​នៅ​ឆ្នាំ​ក្រោយ​ក៏​ឡើង​ដល់​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ អ្នកបញ្ជា​ទិញ​ធំ​ៗ​នៅ​ក្រៅប្រទេស​បាន​ស្នើ​កម្ពុជា​ពង្រឹងគុណភាព និង​ផលិតភាព​លើ​វិស័យ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ពង្រីក​ការ​នាំ​ចេញ​កាន់តែ​ទូលាយ និង​ធានា​ថា នឹង​គ្មាន​ភាគី​ណាមួយ​រង​ផល​ប៉ះពាល់​ទេ ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​កាត់ដេរ​ហាក់​មាន​កំណើន​ថមថយ​បន្តិចបន្តួច ទន្ទឹម​នឹង​ប្រាក់​ឈ្មួ​ល​អប្បបរមា​កម្មករ​នៅ​ឆ្នាំ​ក្រោយ​ក៏​ឡើង​ដល់​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ អ្នកបញ្ជា​ទិញ​ធំ​ៗ​នៅ​ក្រៅប្រទេស​បាន​ស្នើ​កម្ពុជា​ពង្រឹងគុណភាព និង​ផលិតភាព​លើ​វិស័យ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ពង្រីក​ការ​នាំ​ចេញ​កាន់តែ​ទូលាយ និង​ធានា​ថា នឹង​គ្មាន​ភាគី​ណាមួយ​រង​ផល​ប៉ះពាល់​ទេ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា (GMAC) បានឱ្យ​ដឹង​ថា បើ​ទោះបីជា​គ្មាន​ការ​ស្នើ​ពី​បណ្ដា​អ្នកបញ្ជា​ទិញ​នៅ​ខាងក្រៅ​ឱ្យ​ពង្រឹង​ផលិតភាព និង​គុណភាព​ផលិតផល​ក៏​ដោយ ក៏​កម្ពុជា​ពង្រឹង​ដោយ​ខ្លួនឯង​ដែរ ព្រោះ​ការ​ប្រកួតប្រជែង​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់ និង​ពិភព​លោក ផលិតផល​មិន​អាច​រក្សា​នៅ​ដដែល​បាន​ទេ គឺ​ត្រូវ​តែ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ។

លោក​បន្ត​ថា ៖« ការ​ពង្រឹង​ផលិតភាព និង​គុណភាព​ផលិតផល គឺជា​ការ​ចាំបាច់​ណាស់ ដែល​យើង​ក្នុង​នាម​ជា​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ត្រូវ​តែ​ធ្វើ​ដើម្បី​បង្កើន និង​ពង្រីក​ទីផ្សារ​របស់​យើង » ។

ការ​លើក​ឡើង​របស់​តំណាង​ម្ចាស់​រោងចក្រ​នៅ​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បណ្ឌិត Frank Hoffer ប្រធាន​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ម៉ាក​សម្លៀក​បំពាក់​ល្បី​ៗ​លើ​ពិភពលោក និង​ក្រុមហ៊ុន​លក់រាយ​ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ (ACT-Action, Collaboration, Transformation) បាន​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ និង​ពិភាក្សា​កាន់តែ​ច្រើន​រវាង​ប្រតិភូ ACT ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​ភ្នាក់ងារ​ពាក់​ព័ន្ធ​ដទៃ​ទៀត​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​កម្ពុជា ។

សំណើ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាសលោក​បណ្ឌិត Frank Hoffer ដឹកនាំ​តំណាង​ក្រុម​ហ៊ុន H&M, Next, C&A, Debenhams, Inditex, Kmart-Australia, Primark និង IndustriALL ចូល​ជួប​ពិភាក្សា​ជាមួយ​លោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ដើម្បី​ឈ្វេងយល់​ពី​ដំណើ​រវិ​វត្ត​ថ្មី​ៗ​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​កម្ពុជា ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង (GMAC) ទទួលស្គាល់​ថា ការ​ពង្រឹង​ផលិតភាព និង​គុណភាព​ផលិតផល ក៏​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ប្រាក់​ឈ្មួ​ល​អប្បបរមា​របស់​កម្មករ និយោជិត​ផង​ដែរ ក្នុង​នោះ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​នានា​ក្នុង​ប្រទេស ដូច​ជា ពិព័រណ៍​ផលិតភាព​ការងារ និង​ការ​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ ដើម្បី​ពង្រឹង​ជំនាញ​សម្រាប់​បុគ្គលិក​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ហើយ​វគ្គ​បណ្ដុះបណ្ដាល​នេះ ក៏​មាន​ជា​បន្តបន្ទាប់​ហើយ​ដែរ ។

អគ្គលេខាធិការ​រង GMAC រូប​នេះ​បន្ត​ថា ៖« តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធាន​ក្នុង​វិស័យ​កាត់ដេរ នឹង​ធ្វើ​ឱ្យ​ផលិតភាព​របស់​យើង​កាន់តែ​ប្រសើរ និង​មានការ​ពេញចិត្ត​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នកបញ្ជា​ទិញ ។ សម្រាប់​សិក្ខាកាម​វិញ​មិនមែន​មាន​តែ​បុគ្គលិក​កម្មករ​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​កាត់ដេរ​ទេ ដែល​ចាប់អារម្មណ៍​នោះ សូ​ម្បី​តែ​សិស្ស​-​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន ក៏​ចាប់អារម្មណ៍​លើ​វិស័យ​នេះ​ដែរ ដោយ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជាមួយ​យើង » ។

លោក កាំ​ង ម៉ូ​នី​កា បន្ថែម​ថា ក្រៅពី​ការ​ពង្រឹង​ផលិតភាព និង​គុណភាព​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​និង​វាយនភ័ណ្ឌ ក៏​មានការ​កែ​ច្នៃ​បង្កើត​ផលិតផល​មាន​តម្លៃនៅលើទីផ្សារ​ថែម​ទៀត ដើម្បី​ទប់ទល់​ជាមួយ​កំណើន​ប្រាក់ខែ ព្រមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ផង​ដែរ ។ មិនតែប៉ុណ្ណោះ កម្ពុជា​ក៏​បាន​ស្វះ​ស្វែងរក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ ក្រៅពី​ទីផ្សារ​ដែល​មាន​ស្រាប់​នា​ពេល​កន្លង​មក និង​បច្ចុប្បន្ន ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ទីផ្សារ​ធំ​ៗ​របស់​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​វាយ​នភ័ណ្ឌ គឺ​មាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក កា​ណា​ដា និង​ជប៉ុន​ជាដើម ។ បើ​ទោះ​បីជា​មានការ​អំពាវនាវ​ឲ្យ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពី​បណ្ដា​អ្នកនយោបាយ​មួយ​ចំនួន​មក​លើ​កម្ពុជា​យ៉ាងណា​ក៏​ដោយ ក៏​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ទំនាក់​ទំនង​​ជាមួយ​បណ្ដា​ប្រទេស​អ្នកបញ្ជា​ទិញ នៅ​តែ​រក្សា​ការ​បញ្ជា​ទិញ​ផលិតផល​វាយ​នភ័ណ្ឌ​ពី​កម្ពុជា​ដដែល ។ លោក​ថា បញ្ហា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម​ពី​បណ្ដា​ប្រទេស​ធំ​ៗ​ទាំងនោះ​មក​លើ​កម្ពុជា នឹង​កើត​មាន​ឡើង ។

សូម​រំលឹក​ថា លោក Frank Hoffer ពេល​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម បាន​ស្នើ​ចំ​ៗ​ឱ្យ​មាន​កិច្ចសហការ​បន្ថែម​ទៀត​រវាង​អ្នកបញ្ជា​ទិញ និង​អ្នក​ផលិត​នៅ​កម្ពុជា ក្នុង​នោះ​ផលិតភាព និង​គុណភាព​វាយនភ័ណ្ឌ ក៏​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ដែរ បើ​ទោះបីជា​សព្វថ្ងៃ​នេះ ផលិតផល​ទាំងនោះ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ក៏​ដោយ ។
ជា​ការ​ឆ្លើយ​តប លោក ឱ​ក ប៊ុ​ង នៅ​ក្នុង​ជំនួប​នោះ​គូសបញ្ជាក់​ថា ៖« កន្លង​មក កម្ពុជា​ទទួល​បាន​ផល​ចំណេញ​តិចតួច​ពី​វិស័យ​កាត់ដេរ ដោយសារ​បញ្ហា​កង្វះខាត​បច្ចេកវិទ្យា រួម​ជាមួយ​ខ្សែ​សង្វា​ក់​តម្លៃ​សម្រាប់​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប » ។

លោក​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ (Buyers) ចូលរួម​ធ្វើការ​វិនិយោគ និង​ផ្ទេរ​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗ​សម្រាប់​វិស័យ​នេះ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ផលិត​គ្រប់គ្រាន់ តាំងពី​ការ​កែ​ច្នៃ​វត្ថុធាតុដើម រហូត​ដល់​ផលិតផល​សម្រេច ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

លោក ព្រាប មុន្នី​សុវណ្ណ មន្ត្រី​នៅ​សហព័ន្ធ​សហជីព​ចលនា​កម្មករ ឱ្យ​ដឹង​ថា វិស័យ​កាត់​ដេរ​​របស់​កម្ពុជា​បច្ចុប្បន្ន ពិតជា​ដើរតួ​នាទី​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ និង​ជីវ​ភាព​រស់នៅ​របស់​កម្មករ កម្មការិនី​កម្ពុជា​ផង​ដែរ ជា​ពិសេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​កាត់ដេរ គឺ​ទីផ្សារ​អាស៊ី ជា​ពិសេស ប្រទេស​​ជប៉ុន ក៏​ជាទី​ផ្សារ​សំខាន់​ផង​ដែរ បន្ទាប់​ពី​ទីផ្សារ​អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ