ខេត្តក្រចេះ ៖ ត្រីគល់រាំងដ៏ធំ១ក្បាល មានទំហំប៉ុនមនុស្សជំទង់ត្រូវបានធ្វើ ការលែងចូលទៅក្នុងទន្លេមេគង្គវិញ ក្រោយពីត្រីមេពូជដ៏ធំមួយក្បាលនេះត្រូវប្រជាសហ គមន៍នេសាទចាប់បានពីក្នុងទឹកបឹង។ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត បានប្រាប់ឲ្យដឹងថា ត្រីមេពូជ១ក្បាលនេះ ជាប្រភេទត្រីគល់រាំង និងជាត្រីកម្រ មានទម្ងន់ជាង៣៥គីឡូក្រាម ត្រូវបានប្រជាសហគមន៍នេសាទបាននៅ ភូមិទួលមនោរម្យ ក្នុងសង្កាត់ក្រចេះ ហើយបានប្រគល់ឲ្យមន្ត្រីជំនាញដើម្បីធ្វើការអភិរក្ស។
ប្រធានខណ្ឌរដ្ឋបាលជលផល លោក ស៊ៀន គីន បានប្រាប់ឲ្យដឹងថា ក្រុមមន្ត្រីជំនាញ ខណ្ឌរដ្ឋបាលជលផល បានធ្វើការលែងត្រីមេពូជធំមួយក្បាលនេះ ចូលទៅក្នុងទន្លេមេគង្គ ភ្លាមៗកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពីទទួលបានពីអ្នកនេសទ។ លោកនាយខណ្ឌរដ្ឋបាលជលផល រូបនេះបានបញ្ជាក់ថា ត្រីនេះជាប្រភេទត្រីគល់រាំង ដែលជាត្រីមេពូជដ៏កម្រ និងកំពុងតែត្រូវបានមន្ត្រីជំនាញអភិរក្សយ៉ាងយកចិត្តទុកដាក់ទៀតផង។
ត្រីនេះបានចូលទៅរស់នៅក្នុងបឹងដើម្បីពងកូនកាលពីខែទឹកដំឡើង។ បើតាមការបញ្ជាក់ពីប្រជានេសាទមួយចំនួនបាឲ្យដឹងថា គេបានឃើញត្រីគល់រាំងជាច្រើនក្បាលនេះ ត្រូវបានអ្នកនេសាទចាប់បានពីក្នុងទឹកព្រែក និងអូរពីតំបន់នានា និងបានយកទៅលក់នៅផ្សារ ជាបន្តបន្ទាប់ដោយសារតែខ្វះការអភិរក្ស។ មួយវិញទៀតក៏ដោយសារតែ ប្រជាពលរដ្ឋពួកគាត់មិន ទាន់បានយល់ជ្រួតជ្រាបពីគុណសម្បត្តិរបស់ត្រីមេពូជដ៏កម្របែបនេះ៕
ចែករំលែកព័តមាននេះ