ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​ស្រឡាញ់​សិល្បៈ តែ​លង់​នឹង​ព្រះធម៌​ជាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្បង់​ចីវរ គឺ​ភិក្ខុសង្ឃ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ​ហើយ​កាលពី​ដើមខែ​នេះ បន្ទាប់​ពី​បាន​ទៅ​សម្រាក​ព្យា​ល​ជំងឺ​នៅ​ក្រៅប្រទេស​អស់​រយៈពេល​៣​ឆ្នាំ ។ ការ​វិល​មក​កាន់​ទឹកដី​កំណើត​របស់​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្បង់​ចីវរ គឺ​ភិក្ខុសង្ឃ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ​ហើយ​កាលពី​ដើមខែ​នេះ បន្ទាប់​ពី​បាន​ទៅ​សម្រាក​ព្យា​ល​ជំងឺ​នៅ​ក្រៅប្រទេស​អស់​រយៈពេល​៣​ឆ្នាំ ។

ការ​វិល​មក​កាន់​ទឹកដី​កំណើត​របស់​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង មិន​ទាន់​មាន​គោលបំណង​ណា​មួយ ដើម្បី​លាចាក​សិក្ខាបទ​នៅឡើយ​ទេ ដោយសារ​តែ​លោក​កំពុង​តែ​លង់​ទៅ​នឹង​ព្រះធម៌​ដែល​ធ្វើ​ឲ្យ​មានចិត្ត​ស្ងប់​។

លោក​សុះ ម៉ាច ដែល​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​របស់​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ឱ្យ​ដឹង​ថា បន្ទាប់​ពី​និមន្ត​ពី​ប្រទេស​បារាំង​ក្រោយ​ពី​ទៅ​គង់នៅ​ទីនោះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​សម្រាក​ព្យាបាល​ព្រះ​ហស្ត​ដែល​បាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ ពេល​នេះ​បាន​និមន្ត​មក​កាន់​មាតុប្រទេស​វិញ​ហើយ ។

ដោយ​សេចក្តី​នឹករលឹក​គ្នា​កាល​នៅ​ជា​មិត្ត​ក្នុង​អាជីព​សិល្បៈ ព្រះ​តេជគុណ​ឆោម ប៊ុ​ន​យ៉ុ​ង (​អតីត​តារាចម្រៀង និង​សម្តែង​)​ក៏​និមន្ត​ទៅ​ផ្ទះ​លោក​សុះ ម៉ាច ហើយ​លោក និង​ភរិយា​ប្រគេន​ចង្ហាន់ និង​បច្ច័យ​ខ្លះ​ដល់​ព្រះ​អង្គ ។

បើ​តាម​លោក​សុះ ម៉ាច នេះ​ជា​ការ​សាង​ភ្នួ​ស​លើក​ទី​២​របស់​ព្រះ​តេជគុណ​ឆោម ប៊ុ​ន​យ៉ុ​ង ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ ។ លោក​សុះ ម៉ាច បាន​សាកសួរ​ព្រះ​តេជគុណ​ឆោម ប៊ុ​ន​យ៉ុ​ង ពី​ពេលវេលា​ដែល​លាចាក​សិក្ខាបទ ប៉ុន្តែ​ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា មិន​ទាន់​ដឹង​ទេ​ព្រោះ​មិន​ទាន់​អស់​និស្ស័យ​នឹង​ព្រះធម៌​នៅឡើយ ។ ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង អាច​នឹង​ទៅ​គង់នៅ​វត្ត​មួយ​ក្នុង​ខេត្តកំពង់ចាម ទី​ដែល​លោក​ធ្លាប់​បួស​នៅ​ទីនោះ​។ ព្រះ​អង្គ​គ្រោង​នឹង​ធ្វើ​ពិធីបុណ្យ​ឆ្លង​ដើម​ពោធិ៍​ដែល​នាំ​ពី​ប្រទេស​ស្រី​លង្កា និង​បាន​ដាំ​នៅ​ទី​វត្ត​ដែល​លោក​គង់នៅ​ទីនោះ​ផង​ដែរ ។

លោក​សុះ ម៉ាច បញ្ជាក់​ថា បើ​ទោះបីជា​ពេល​នេះ​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​តែ​គ្រង​ស្បង់​ចីវរ​នៅឡើយ ប៉ុន្តែ​បើ​និយាយ​ពី​និស្ស័យ​ក្នុង​សិល្បៈ​នោះ​គឺ​លោក​នៅ​តែ​មាន តែ​ដោយសារ​លោក​លង់​នឹង​ព្រះធម៌​ច្រើន​ជាង​នោះ ទើប​ធ្វើ​ឲ្យ​លោក​មិន​ទាន់​មាន​បំណង​លាចាក​សិក្ខាបទ​នៅ​ពេល​ណា ។

បើ​តាម​លោក​សុះ ម៉ាច ប្រសិនបើ​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង លាចាក​សិក្ខាបទ​នៅ​ពេល​ណា​នោះ​​លោក​នឹង​វិល​ចូល​វិស័យ​សិល្បៈ​ចម្រៀង​វិញ ព្រោះ​លោក​នៅ​តែ​មានចិត្ត​ស្រឡាញ់។ លោក​នៅ​តែ​ទទួលយក​ការ​ស្នើ​សុំ​ទៅ​ច្រៀង​ពី​បណ្តា​ស្ថានីយទូរទស្សន៍​នានា​ដដែល ប្រសិនបើ​ទស្សនិកជន​នៅ​តែ​គាំទ្រ ។ ករណី​ដែល​លោក​វិល​រក​អាជីព​ចម្រៀង​វិញ​នោះ ទាមទារ​ឲ្យ​លោក​ហាត់រៀន​ឡើង​វិញ ព្រោះ​បច្ចុប្បន្ន​លោក​គិតតែ​រៀន​ទន្ទេញធម៌​តែ​មួយ​មុខ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ