ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំង​ម៉ូតូ​ការពារ​កម្ដៅថ្ងៃ និង​ភ្លៀង ហាក់​ឆក់​បាន​ទីផ្សារ​កម្ពុ​ជាមួយ​ដង្ហើមចង្រិត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ ជា​ពិសេស ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ យើង​កត់សម្គាល់​ឃើញ​មាន​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត (​ម៉ូតូ​) មួយ​ចំនួន​ធំ​នៅ​លើ​ដងផ្លូវ ពេញ​និយម​ប្រើប្រាស់​របាំង​ម៉ូតូ​ការពារ​កម្ដៅថ្ងៃ និង​ភ្លៀង…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ ជា​ពិសេស ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ យើង​កត់សម្គាល់​ឃើញ​មាន​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ត (​ម៉ូតូ​) មួយ​ចំនួន​ធំ​នៅ​លើ​ដងផ្លូវ ពេញ​និយម​ប្រើប្រាស់​របាំង​ម៉ូតូ​ការពារ​កម្ដៅថ្ងៃ និង​ភ្លៀង ។ យ៉ាងណាមិញ ម្ចាស់​អាជីវកម្ម​ដែល​លក់ដូរ​របាំង​បំពាក់​លើ​ម៉ូតូ​នេះ បាន​ត្អូញត្អែរ​ពី​ការ​លក់​ធ្លាក់​ចុះ​របស់​ខ្លួន។

លោក រ៉ាង ធូ​ដា ម្ចាស់​ហាង​លក់​របាំង​ការពារ​ម៉ូតូ​តាម​អន​ឡាញ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នា​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា មួយ​រយៈ​ចុង​ក្រោយ​នេះ គាត់​មិនសូវ​លក់ដាច់​ប៉ុន្មាន​ទេ បើ​ទោះបីជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ក៏​ដោយ ។

លោក​និយាយ​ថា ៖« កាលពីមុន ខ្ញុំ​អាច​លក់​បាន​ច្រើន​ដែរ គឺ​ភ្ញៀវ​គាត់​ធ្វើការ​កុម្ម​ង់​តាម​អន​ឡាញ​ជា​ហូរហែ តែ​មួយ​រយៈ​នេះ សូ​ម្បី​តែ​ជា​ខែ​នៅ​មាន​ភ្លៀង​ក៏​ដោយ ក៏​ខ្ញុំ​លក់​មិន​សូវ​ដាច់​សោះ ប្រហែលជា​ពួក​គាត់​ឃើញ​ទំនង និង​មើលទៅ​ប្លែក ទើប​នាំ​គ្នា​ទិញ​ទៅ​ប្រើ​កាលពី​ពេល​កន្លង​ទៅ » ។

ចំណែក​ហាង Hong Kong Shop ដែល​មាន​លក់​របាំង​ការពារ​ម៉ូតូ ប្រាប់​ថា ហាង​របស់​គាត់​នាំ​ចូល​របាំង​បំពាក់​លើ​ម៉ូតូ​ពី​ប្រទេស​ចិន​ដោយ​ផ្ទាល់ ព្រោះ​ម្ចាស់​ហាង​ជា​ជនជាតិ​ចិន ប៉ុន្តែ​ចំនួន​លក់​ក្នុង​ហាង​មួយ​នេះ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ។

កញ្ញា ពៅ លី​ន អ្នកត្រួតពិនិត្យ​ក្នុង​ហាង​នេះ បាន​ប្រាប់​ថា ៖« ប៉ុន្មាន​ខែ​មកនេះ មិនសូវ​មាន​ភ្ញៀវ​មក​ទិញ​ទេ ។ ក្នុង​១​ខែ លក់​បាន​ត្រឹមតែ​២០ ទៅ​៣០​របាំង​ប៉ុណ្ណោះ » ។ កញ្ញា​បន្ថែម​ថា របាំង​ការពារ​ម៉ូតូ គឺ​អាច​ការពារ​ភ្លៀង ខ្យល់ និង​ធូលី​បាន ។ គ្មាន​អ្វី​ថា ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ទេ គ្រាន់តែ​ថា ពិបាក​ទុកដាក់​ពេល​ដែល​គាត់​មិន​ចង់​ប្រើ ព្រោះ​វា​ត្រូវ​ភ្ជាប់​ជាមួយ​ម៉ូតូ ។ អីចឹង វា​ពិបាក​បន្តិច​ក្នុង​ការ​ដំឡើង ប៉ុន្តែ​របាំង​នេះ​មាន​តម្លៃ​សមរម្យ ដែល​អ្នកបើកបរ​អាច​ទិញ​ប្រើប្រាស់​បាន ដោយ​ក្នុង​របាំង​១ តម្លៃ​ចាប់ពី​១១ ទៅ​១៥​ដុល្លារ​អា​មេ​រិ​ក ។ យ៉ាងណាមិញ មូលហេតុ​នៃ​ការ​ប្រើប្រាស់​របាំង​ម៉ូតូ​ធ្លាក់​ចុះ​នេះ មិន​ត្រូវ​បាន​គេ​ដឹង​ពិតប្រាកដ​ទេ ។

 

លោក ងួ​ន ចាន់​ដា​រ៉ា និស្សិត​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា ការ​បំពាក់​របាំង​ការពារ​កម្តៅថ្ងៃ​លើ​ម៉ូតូ មើលទៅ​ប្លែក ដោយសារ​វា​មាន​ច្រើន​ពណ៌ ។ ហេតុ​ដូច្នេះ​ហើយ ទើប​គាត់​ពិចារណា​នឹង​ទិញ​វា​ប្រើ​ដែរ ព្រោះ​ផ្ដល់ គុណសម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ ។

និស្សិត​រូប​នេះ​បន្ត​ថា ៖« របាំង​ការពារ​ម៉ូតូ បាន​ផ្តល់​ប្រយោជន៍​ច្រើន គឺ​អាច​ការពារ​ដូច​ជា ពេល​មេឃ​ភ្លៀង យើង​អត់​សើម ហើយ​ពេល​រដូវក្ដៅ វា​ជួយ​ការពារ​កម្ដៅថ្ងៃ និង​ធូលី​ដី មិន​ឲ្យ​ចូល​ភ្នែក និង​ប្រឡាក់​សម្លៀក​បំពាក់​របស់​យើង​បាន​មួយ​ចំនួន ។ ទន្ទឹម​នឹង​នេះ វា​ក៏​ការពារ​ម៉ូតូ នៅ​ពេល​ចត​ចោល​ក្រោម​ភ្លៀង​ផង​ដែរ ។ ជាក់ស្ដែង ពួក Scoopy ប្រើ​ប្រព័ន្ធ​ភ្លើង​ច្រើន អីចឹង វា​អាច​ការពារ​ម៉ូតូ​កុំ​ឲ្យ​មាន​បញ្ហា​ចរន្ត​ភ្លើង​មួយ​ចំនួន​កើតឡើង»។

ទោះជា​យ៉ាងណា ការ​ដាក់​របាំង​លើ​ម៉ូតូ យើង​មិន​អាច​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សួន និស្ស័យ ដែល​បាន​បំពាក់​របាំង​ម៉ូតូ​ការពារ​កម្តៅ​ថ្ងៃ និង​ភ្លៀង ។ លោក​បន្ត​ថា ការ​ដាក់​របាំង​ធ្វើ​ឲ្យ​ស្ទះខ្យល់ និង​បើក​លឿន​មិន​បាន ។

មួយវិញទៀត វា​ពិបាក​បត់​ឆ្វេង ឬ​បត់​ស្តាំ ដោយសារ​តែ​របាំង​នេះ​ត្រូវ​ចង​នឹង​ដៃចង្កូត​ម៉ូតូ និង​កែប​ខាងក្រោយ​។ អីចឹង ទាមទារ​ឱ្យ​អ្នកបើកបរ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​ទប់​ដៃចង្កូត​ម៉ូតូ​ពេល​បត់​ម្តង​ៗ ។

លោក សួន និស្ស័យ បន្ត​ថា ៖« ការ​ពិត របាំង​នេះ វា​ជួយ​បាន​ខ្លះ​សម្រាប់​ទប់​កម្តៅថ្ងៃ​ពេល​​​ស្ទះផ្លូវ​ម្តង​ៗ និង​មិនសូវ​រង​កម្តៅ​ខ្លាំង ។ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ភ្លៀង​វិញ គឺ​ជួយ​មិន​បាន​ទាំងស្រុង​ទេ វា​នៅ​តែ​សាចទឹក​ភ្លៀង​ត្រូវ​ខ្លះ​ៗ​ដដែល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ