ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ជនខិលខូច​ឆ្លៀត​ប្រើ​ប្រព្រឹត្ត​បទល្មើស​ច្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន បច្ចេកវិទ្យា កាន់តែ​រីក​ចម្រើន និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​។ យ៉ាងណាមិញ ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ជនល្មើស​ក៏​បាន​និង​កំពុង​ប្រើប្រាស់​វា​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន បច្ចេកវិទ្យា កាន់តែ​រីក​ចម្រើន និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​។ យ៉ាងណាមិញ ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ជនល្មើស​ក៏​បាន​និង​កំពុង​ប្រើប្រាស់​វា​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Market Consulting មាន​ប្រសាសន៍​ថា បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ល្បិច​លួច​ហែក (Hack) ចូល​ក្នុង​គណនី​ក្រុមហ៊ុន​ឯកជន ក៏​ដូច​ជា​ស្ថាប័ន​សាធារណៈ ក៏​កើត​មាន​ច្រើន​ផង​ដែរ ។

លោក​បន្ត​ថា បទល្មើស​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេ​ត​បាន​កើតឡើង​ច្រើន មិនមែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ ។ បញ្ហា​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ប្រព្រឹត្ត​បទ​ល្មើស​​ផ្សេង​ៗ កំពុង​ក្លាយជា​កង្វល់​លើ​ពិភពលោក សូ​ម្បី​តែ​ប្រទេស​រីក​ចម្រើន ដែល​មាន​បច្ចេកវិទ្យា​ទំនើប​យ៉ាងណា ក៏​គេច​មិន​ផុត​ដែរ​។ ដូច្នេះ វា​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​​មានច្បាប់​មួយ ដើម្បី​គ្រប់គ្រង​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ។

លោក ង៉ែត ជូ បន្ថែម​ថា ៖«​បទល្មើស​អាច​កើត​មាន​ច្រើន ប្រសិនបើ​យើង​គ្មាន​ច្បាប់​គ្រប់​គ្រង​ត្រឹមត្រូវ ។ ប៉ុន្តែ​ច្បាប់​នេះ ត្រូវ​តែ​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព ជា​ពិសេស សិទ្ធិ​ជា​​បុគ្គល​ឯកជន ពីព្រោះ​ករណី​កើតឡើង​ថ្មី​ៗ​នេះ មាន​ជនជាតិ​ចិន បាន​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​អុ​ី​ន​ធើ​រ​ណេ​ត​ក៏​ច្រើន​ដែរ ហើយ​បើ​យើង​អត់​មាន​ទេ ចលនា​ហ្នឹង​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​មាន​បញ្ហា​ច្រើន » ។

បទល្មើស​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេ​ត គឺ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​បង្ក្រាប។ កាលពី​ពេល​កន្លង​ទៅ គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) រួម​ទាំង​ក្រសួង​មួយ​ចំនួន ត្រូវ​បាន​ជនអនាមិក Hack ចូល​បំផ្លាញ​ទិន្ន​ន័យ។ ជាង​នេះ​ទៀត ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ត្រូវ​គេ Hack ចូល​ម្តង​ដែរ កាលពីមុន​ពេល​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​។ ជាមួយ​គ្នា​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តំណាងរាស្ត្រ និង​សកម្មជន​គណបក្សប្រឆាំង ក៏​ត្រូវ​បាន​ជន​អនាមិក Hack ចូល​ជា​ច្រើន​ហូរហែ​ផង​ដែរ ។

ដោយឡែក កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា កន្លង​មក យុវតី​វ័យ​១៦​ឆ្នាំ​ម្នាក់ ទើបនឹង​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​តុលាការខេត្ត​បាត់ដំបង​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោម​បទ «ឆបោក​» យក​ប្រាក់​រាប់​ពាន់​ដុល្លារ​ពី​ភ្នាក់ងារ​លី​ហួរ វេរ​លុយ បន្ទាប់​ពី​នាង​បាន​លួច Hack ចូល​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ភ្នាក់ងារ​លី​ហួរ វេរ​លុយ ។ ក្រៅពី​យុវតី​រូប​នេះ និស្សិត​វិទ្យាស្ថាន​ស៊ី​តិច ២​រូប​ទៀត ក៏​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៤ បន្ទាប់ Hack ចូល​គេហទំព័រ​របស់​ក្រសួង និង​ស្ថាប័នរដ្ឋ​សំខាន់​ជាង​៣០ ។

ដោយឡែក ជនបរទេស ជា​ពិសេស ជនជាតិ​ចិន ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​រាប់រយ​នាក់ និង​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ដោយ​ការ​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត (VOIP) ។

ថ្លែង​ក្នុង​សិក្ខាសាលា​ត្រួតពិនិត្យ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា លោក សៀង ឡា​ប្រេស្ស ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ បញ្ហា​សង្គម​មាន​ច្រើន ជា​ពិសេស បណ្តាញ​សង្គម បច្ចេកវិទ្យា មិន​ថា​មនុស្ស​តូច​ធំ ឬ​ចាស់​ក្មេង សុទ្ធតែ​កំពុង​ប្រឈម​ខ្លាំង​ក្នុង​រឿង​នេះ ដូច​ជា ការ​បោក​បញ្ឆោត​តាម​បណ្តាញ​​សង្គម​ហ្វេ​សប៊ុ​ក​ជាដើម ។ ហេតុនេះ កម្ពុជា​ត្រូវការ​សិក្សា​បន្ថែម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ។

លោក​បន្ត​ថា ៖ «​ឥឡូវនេះ មាន​ជនខិលខូច​ច្រើន​បាន​ប្រើ​បច្ចេកវិទ្យា​ទំនើប​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ការ​ឆបោក​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ លួច​លុយ​តាម​ធនាគារ ឬ​ក្រុមហ៊ុន​ឯកជន តាម​សកម្មភាព​នានា » ។

លោក សៀង ឡា​ប្រេស្ស បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ ឱ្យ​ជួយ​ផ្សព្វផ្សាយ​នូវ​បញ្ហា​នេះ​ដល់​គ្រឹះស្ថាន​នានា ចាប់ពី​ថ្នាក់​បឋម​ដល់​ឧត្តម ដើម្បី​យល់​ដឹង​ពី​អត្ថប្រយោជន៍ និង​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នានា ព្រោះ​បទល្មើស​បច្ចេកវិទ្យា​កើត​មាន​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ។ លោក​បញ្ជាក់​ថា នៅ​ពេល​ប្រជាពលរដ្ឋ ឬ​សិស្ស​-​និស្សិត​យល់​ដឹង​បាន​ល្អ​ពី​វា​នោះ បទល្មើស​នឹង​កាត់​បន្ថយ ឬ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ៕